អានតួអត្ថបទ

ដី​ស្រូវ​ជាង​៥ពាន់ហិកតា​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ជួប​គ្រោះរាំង​ស្ងួត ខណៈ​តំបន់​ជាប់​ទន្លេ​មេគង្គ​ប្រឈម​ទឹកជន់

ដីស្រែ​ជាង​៥​ពាន់​ហិកតា ក្នុង​ខេត្ត​កំពង់​ស្ពឺ បែរ​ជា​ជួប​គ្រោះ​រាំង​ស្ងួត​ខូច​ខាត ក្រោយ​ពី​បាន​រង​ការ​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​អំឡុង​ខែ​សីហា​នេះ។ ភាព​រាំង​ស្ងួត​នេះ កើត​ឡើង​ស្របពេល​ដែល​គណៈកម្មការ​ទន្លេមេគង្គ(MRC) បានជូនដំណឹងថា តំបន់​ជាប់​ទន្លេ​មេគង្គ នឹង​រងភ្លៀង​ធ្លាក់​យ៉ាង​ដំណំ ដែលបណ្ដាល​ឲ្យ​កម្រិត​ទឹក​ទន្លេ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

រូបតំណាងៈតំបន់ស្ងួតហួតហែង
រូបតំណាងៈតំបន់ស្ងួតហួតហែង © internet
ផ្សាយពាណិជ្ជកម្ម

យោងតាម​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺនៅថ្ងៃទី១១ខែសីហា ជិត​មួយ​ខែ​មក​ហើយ ដែល​ស្រុក​ចំនួន​ពីរ ជួប​ភាពរាំង​ស្ងួត ក្រោយ​ទើប ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ការ​រាំង​ភ្លៀង​នេះ បាន​បណ្ដាល​ឲ្យ​ផ្ទៃ​ដី​ស្រែប្រមាណ​ជាង​៥​ពាន់​ហិកតា ក្នុង​ស្រុក​គង​ពិសី និង​ស្រុក​សំរោង​ទង កំពុង​ត្រូវ​ការ​ការ​ជួយ​សង្គ្រោះ។ ជាការ​អន្តរាគមន៍ អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃ​សុក្រ​ទី​១១​សីហា​ម្សិលមិញ ក៏បា​នរៀបចំបូម​ទឹក​បញ្ចូល​ទៅប្រឡាយ ដើម្បី​ឲ្យ​កសិករ​បូម​បន្ត​ដាក់​ចូល​ដីស្រែ​របស់​ខ្លួន​ដែល​ស្ងួត​ហួតហែង​ទាំងនេះ។

ទន្ទឹមនឹង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន​ទាំង​ខេត្ត​កំពង់​ស្ពឺ ជួប​គ្រោះ​ស្ងួត​ហួត​ហែង តំបន់​ជាប់​ទន្លេ​មេគង្គ បាន​នឹង​កំពុង​តែ​មាន​ភ្លៀងធ្លាក់ ដែល​បណ្ដាល​ឲ្យ​កម្ពស់​ទឹក​នឹង​កើន​ឡើង​យ៉ាងឆាប់​រហ័ស។ នេះ​បើ​យោង​តាម​គណៈកម្មការ​ទន្លេមេគង្គ(MRC) នៅ​ថ្ងៃ​ទី​៩​សីហា ដែល​បញ្ជាក់ថា តំបន់ទន្លេមេគង្គ ក្នុង​ប្រទេស​ចំនួន៤ រួមទាំង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​រងភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ការណ៍​នេះ បាន​បណ្ដាល​ឲ្យ​តំបន់​ជាប់​ទន្លេ​មេគង្គ​ក្នុង​ប្រទេសថៃ​និង​ឡាវ បាន​ជន់លិច​យ៉ាង​ដំណំ​ ខូចខាត​ទ្រព្យ​សម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ នៅចំពោះ​មុខនេះអាជ្ញាធរឡាវ បាន​ប្រកាស​ពី​ការ​ត្រៀម​បើកទ្វារ​ទឹក​ទំនប់​វារីអគ្គីសនី​ផ្នែក​ខាង​លើ ដើម្បី​រំដោះ​ទឹក​ចេញតំបន់​របស់​ខ្លួន ដែល​នឹង​អា​ចប៉ះពាល់​ដល់​តំបន់​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ដូចជា​កម្ពុជា។ ប្រឈម​នឹងបញ្ហានេះ សាលា​ខេត្តស្ទឹងត្រែង បានអះអាងថា ខ្លួន​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ក្នុង​ឆ្លើយ​តប និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ស្ដីពី​ទឹក​ដែល​នឹង​ហូរ​ចេញ​ពី​ការ​បើក​បង្ហួរទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​របស់​ឡាវនេះ។

យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចាប់ពីថ្ងៃទី១៥សីហា​ខាងមុខ កម្ពស់ទឹក​ទន្លេ​មេគង្គ​ក្នុងស្ទឹងត្រែង​នឹង​បន្ត​កើន​ដល់​កម្ពស់ ៧.៨៦ម៉ែត្រ កម្ពស់ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះនឹង​បន្ត​កើន​ដល់​កម្ពស់​ជាង​១៧.៥២ម៉ែត្រ កម្ពស់​ទឹក​ទន្លេ​មេគង្គ​ក្នុង​កំពង់ចាម​កើន​ឡើង​ដល់​កម្ពស់១១.០៣ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​អ្នក​លឿង កើនដល់កម្ពស់៤.៥៦ម៉ែត្រ។ ទន្ទឹម​នឹង​នេះ តំបន់ជាប់​ទន្លេ​បាសាក់ និង​ទន្លេសាប ក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​រង​ភ្លៀង​ធ្លាក់ កើន​កម្ពស់​ទឹក​ទន្លេ​ដូច​គ្នា៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ