អានតួអត្ថបទ

សមាសភាព​គណៈ​រដ្ឋមន្ត្រី​ថ្មី​ដឹកនាំ​ដោយ​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដូចគ្នា​នឹង​បញ្ជី​បែក​ធ្លាយ​​កន្លង​ទៅ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុងជំនួបជាមួយគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី ​បានបង្ហាញ​​សមាសភាពថ្នាក់​ដឹកនាំគណៈរដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​​ថ្មី​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ​​ដែល​ភាគច្រើន​ដឹកនាំដោយ​អ្នក​បន្តវេនដែលជាកូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​គណបក្ស​ប្រជាជន​។ តាមប្រភព​ដែលអាច​ជឿទុកចិត្ត​បាន​ពី​គណបក្ស​កាន់​អំណាច ​បញ្ជីឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី ​គឺ​មិនមាន​ការកែប្រែ​ពីបញ្ជី​ចុងក្រោយ ​ដែលមាន​ការ​ផ្សព្វផ្សាយ​ក្រៅផ្លូវការ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​កន្លង​ទៅនោះទេ​។ ក៏ប៉ុន្តែ​បញ្ជី​នេះ ​មិនទាន់​ផ្លូវការ​ដោយសារ​ត្រូវ​ឆ្លង​នីតិវិធី​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។

គណៈរដ្ឋមន្ត្រីអាណត្តិទី៧
គណៈរដ្ឋមន្ត្រីអាណត្តិទី៧ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាជិក​រដ្ឋាភិបាល​ចាស់ ​និង​គណៈរដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​៧ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏បាន​បង្ហាញ​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែលមាន​លោក ​ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បង​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​។ ក៏ប៉ុន្តែ​បញ្ជីឈ្មោះ​នេះ ​នៅ​មិនទាន់​ប្រកាស​ជាផ្លូវការ​នៅឡើយ​ ដោយ​គោរព​ទៅតាម​នីតិវិធី ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។

ទោះយ៉ាង​ណា ​ប្រភពពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ ដែលអាច​ទុកចិត្ត​បាន ​បញ្ជាក់ថា​បញ្ជី​ឈ្មោះ​ដែលបង្ហាញ​ដោយ​លោក ​ហ៊ុន សែន ​កាលពី​ម្សិលមិញ ​គឺ​មាន​សុក្រឹតភាព ​ពោលគឺ​មិនមាន​ការ​កែប្រែ​ពីបញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី ​ដែលត្រូវបាន​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ​កន្លង​ទៅ​។ ​ក៏ប៉ុន្តែ​បញ្ជីឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ​នឹងត្រូវ​ឆ្លង​កិច្ចប្រជុំ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា ​ដែលនឹង​ប្រព្រឹត្តិទៅ​នៅថ្ងៃ​ទី​២២ ​ខែ​សីហា​នេះ​។

​ជាការ​កត់​សម្គាល់​បញ្ជីឈ្មោះ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ​ដែលបាន​រៀបចំ​រួចរាល់ ​ហើយមិនទាន់​ឆ្លង​សភា​នោះ​មាន​នាយក​រដ្ឋមន្ត្រី​១​រូប ​គឺ​លោក ​ហ៊ុន ម៉ាណែត ​ឧបនាយក​រដ្ឋមន្ត្រី​១០​រូប ​ទេស​រដ្ឋមន្ត្រី​១១​រូប ​និងរដ្ឋមន្ត្រី​៣០​រូប​។ តាមរយៈ​បញ្ជីចុងក្រោយ​នេះ ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រីគឺ​ដឹកនាំដោយ ​លោក វង្សី វិស្សុត ​រដ្ឋមន្ត្រី​មហាផ្ទៃ ​គឺ​លោក ស សុខា ​កូនប្រុស​លោក ស ខេង ​រដ្ឋមន្ត្រីការពារជាតិ​គឺលោក ​ទៀ សីហា ​កូនប្រុស​លោក ​ទៀ បាញ់ ​លោក សុខ ចិន្តាសោភា ​ជារដ្ឋមន្ត្រី​ការបរទេស ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​ជារដ្ឋមន្ត្រីសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​លោក ​សាយ សំអាល់ ​កូនប្រុសលោក​ សាយ ឈុំ ​ជារដ្ឋមន្ត្រី​រៀបចំ​ដែនដី លោក ​ឌិត ទីណា ​កូនប្រុសលោក ​ឌិត មុន្ទី ​ជា​រដ្ឋមន្ត្រី​កសិកម្ម ​លោក​ ឆាយ ឫទ្ធិសែន ​កូនប្រុសលោក​ ឆាយ ថន ​ជា​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ ​លោកស្រី ​ចម និម្មល ​កូនស្រី​លោក​ ចម ប្រសិទ្ធ ​ជារដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​លោក ​ហែម វណ្ណឌី ​ជារដ្ឋមន្ត្រី​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​លោក កែវ រតនៈ ​រដ្ឋមន្ត្រី​រ៉ែ ​និងថាមពល ​លោក ​ប៊ិន ត្រឈៃ ​ជារដ្ឋមន្ត្រី​ផែនការ​ លោក ​ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ ​លោក ​ជា សុមេធី ​កូនប្រុសលោក ​ជា ស៊ីម ​រដ្ឋមន្ត្រី​សង្គមកិច្ច ​លោក ​អ៊ាង សុផល្លែត​ ​ជារដ្ឋមន្ត្រី​បរិស្ថាន​ លោក ​ថោ ជេដ្ឋា ​ជារដ្ឋមន្ត្រី​ធនធាន​ទឹក ​និង​ឧត្តុនិយម​ លោក ​នេត្រ ភក្ត្រា ​ជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក កើត រិទ្ធ ​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​លោក ជា វ៉ាន់ដេត ​ជា​រដ្ឋមន្ត្រី​ប្រៃសណីយ៍ ​លោក ​ឈាង រ៉ា ​ជារដ្ឋមន្ត្រី​សុខាភិបាល ​លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រី​សាធារណការ​ លោកស្រី ​ភឿង សកុណា ​ជារដ្ឋមន្ត្រី​វប្បធម៌ លោក សុខ សូកេន រដ្ឋមន្ត្រី ទេសចរណ៍ លោក ចាយ បូរិន រដ្ឋមន្ត្រីធម្មការ និងសាសនា ​លោកស្រី​ អ៊ឹង កន្ថាផាវី ​ជារដ្ឋមន្ត្រី​កិច្ចការនារី​ លោក ​ហេង សួរ ​ជារដ្ឋមន្ត្រី​ក្រសួងការងារ​ លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន ​ជារដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ ​​លោក ម៉ៅ ហាវណ្ណាល់ ​ជារដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​។

ដោយឡែក​ មន្ត្រីជាន់ខ្ពស់​នៃអាណត្តិចាស់​ដែលដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​មួយចំនួនត្រូវបាន​តែងតាំង​ជាឧបនាយក​រដ្ឋមន្ត្រី ​ក្នុងនោះមាន​ លោក ​នេត សាវឿន ​មេប៉ូលីសជាតិ ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​លោក ​ស៊ុន ចាន់ថុល ​លោក ហង់ ជួនណារ៉ុន​ លោក​ សាយ សំអាល់​ លោក​ ស សុខា ​លោក​ ទៀ សីហា ​លោក ​កើត រិទ្ធ ​លោក ​សុខ ចិន្តាសោភា ​និង​លោក​ វង្សី វិស្សុត​។

រីឯទេស​រដ្ឋមន្ត្រី​ចំនួន​១១ ​រូបវិញ ​គឺមាន​លោក ​គន់ គីម ​លោក ​ហូ សិទ្ធី ​លោក អ៊ុក រ៉ាប៊ុន ​លោក ​ឱម យិនទៀង ​លោក​ អៀង មូលី ​លោក ​ពេជ សោភ័ន ​លោក ​ព្រុំ សុខា ​លោក សក់ សេដ្ឋា ​លោក ​អូស្មាន ហាស្សាន់ ​លោក លី ធុច​ និង​លោក ​ឆែម គាតរិទ្ធី​។​

ជាមួយគ្នានេះ ​តាមរយៈសារ​ជាសម្លេង​បង្ហោះតាម​តេឡេក្រាម​រយៈពេល​ជាង​៨​នាទីកាលពីថ្ងៃពុធ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានបញ្ជាក់​ច្បាស់​ៗ​ថា ​បេក្ខភាព​ប្រធាន​រដ្ឋសភា​អាណត្តិទី​៧ ត្រូវបាន​រៀបចំ​តាំងពីចុង​ឆ្នាំ២០២១​មកម្លេះ ​ដែល​តំណែង​នេះ នឹងត្រូវ​ដឹកនាំដោយ​លោកស្រី ​ឃួន សុដារី ​បច្ចុប្បន្ន​អនុប្រធាន​ទី​២​ នៃរដ្ឋសភា​។ រីឯបេក្ខភាព​អនុប្រធាន​ទី​១ នៃរដ្ឋសភា ​គឺលោក​ ជាម យៀប ​ដដែល ​ហើយ​អនុប្រធាន​ទី​២ ​គឺលោក ​វង សូត ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ ដែលគេស្គាល់ថា​ជាកូន​ប្រសារ​លោក ​ហេង សំរិន​ ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ