អានតួអត្ថបទ

កម្ពុជាគ្រោងរៀបចំបុណ្យអ៊ុំទូកឡើងវិញ ជាមួយនឹងក្ដីរំពឹងអធិកអធម

ដោយបញ្ហាកូវីដ១៩ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន រដ្ឋាភិបាលកម្ពុជា បានផ្អាករៀបចំ​ប្រារព្ធពិធីបុណ្យអ៊ុំទូករយៈពេល៣ឆ្នាំជាប់ៗគ្នា។ តាមរយៈវិទ្យុបារាំងRFI លោកបណ្ឌិត​ ឈត ប៊ុនថង អ្នកជំនាញផ្នែកវប្បធម៍នៃរាជបណ្ឌិតសភាកម្ពុជា បានព្យាករណ៍ថា ចំនួនពលរដ្ឋដើរកំសាន្តនៅអំឡុងពិធីបុណ្យអ៊ុំទូកឆ្នាំនេះ នឹងមានចំនួនច្រើនសន្ធឹកសន្ធាប់។

Cambodia Festival
Cambodia Festival AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីថ្មី និងការអាក់ខានអស់៣ឆ្នាំ​ នឹងញ៉ាំងឲ្យពិធីបុណ្យអ៊ុំទូកឆ្នាំនេះ ប្រារព្ធទៅយ៉ាងអធឹកអធម និងមានការចូលរួមច្រើនកុះករ។ នេះជាការព្យាករណ៍របស់លោកបណ្ឌិត​ ឈត ប៊ុនថង ប្រធាននាយកដ្ឋាន​ ទំនាក់​ទំនងវប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា។ 

នៅចំពោះមុខចរន្តមនុស្សដែលនឹងចេញដើរកំសាន្តច្រើន លោកបានដកពិសោធន៍ពីសោកនាដកម្មដែលធ្លាប់កើតឡើងទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ដូចជាការរត់ជាន់គ្នា ប្រជ្រៀតគ្នាជាដើម ដែលលោកបានស្នើឲ្យអាជ្ញាធរកំណត់ចំនួនមនុស្សដែលអាចចូលទៅតាមតំបន់នីមួយៗឲ្យបានច្បាស់លាស់។ នៅក្នុងបញ្ហាសន្តិសុខសុវត្ថិភាពនេះដែរ លោកបណ្ឌិតស្នើឲ្យអាជ្ញាធរយាមកាមឲ្យបានជាប់ជាប្រចាំ និងធានាថាទីតាំងទទួលផ្ញើយានជំនិះ មានការអនុញ្ញាត​ពីអាជ្ញាធរមូលដ្ឋាន ដើម្បីជៀសវាងការបន្លំយកទ្រព្យសម្បត្តិពីសំណាក់ជនខិលខូច។

ដោយឡែក ចំពោះបញ្ហាបរិស្ថានជាបញ្ហារ៉ាំរៃ ដែលលោកបណ្ឌិតស្នើឲ្យឈានដល់មានការផាកពិនិយចំពោះការចោលសំរាមផ្ដេសផ្ដាស​ បន្ថែមពីការអប់រំណែនាំ ដាក់ពង្រាយធុងសម្រាម ដើម្បីទើបអាចទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាព។

យោងតាមផែនការណែនាំស្ដីពីការរៀបចំពិធីបុណ្យអ៊ុំទូក គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ បានអំពាវនាវឲ្យមានការផ្សព្វផ្សាយនៅតាមស្ថាប័នរដ្ឋនិងឯកជន, ឲ្យមានការតុបតែងលម្អទូកតាមរចនាបទខ្មែរពិតប្រាកដ និងត្រូវប្រកាន់ខ្ជាប់សាមគ្គីភាព ភាពថ្លៃថ្នូរសប្បាយរីករាយ ដែលជាខ្លឹមសារនៃពិធីបុណ្យអ៊ុំទូកនេះ និងជំរុញឲ្យហ្វឹកហាត់និងចូលរួមប្រកួតអ៊ុំទូក នៅតាមភូមិឃុំ ទូទាំងប្រទេស។

សូមបញ្ជាក់ កាលពីខែមិថុនាឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីចាំផ្ទះ​លោកហ៊ុន សែន បានប្រកាសថានឹងរៀបចំពិធីបុណ្យអ៊ុំទូកឡើងវិញក្នុងទ្រង់ទ្រាយធំ ក្រោយខកខានអស់រយៈពេល៣ឆ្នាំ។ តាមការគ្រោងទុក ពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកាខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ