អានតួអត្ថបទ

អ្នកវិភាគ៖ ទស្សនកិច្ចលោកវ៉ាង យី មកកម្ពុជា គឺដើម្បីស្ទាបស្ទង់ជំហររដ្ឋាភិបាលថ្មី

លោកវ៉ាង​យី នៅថ្ងៃព្រហស្បត្តិ៍នេះ បានផ្ដើមទស្សនកិច្ចផ្លូវការដំបូង ក្រោយក្លាយជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី ក្នុងប្រទេសអាស៊ានចំនួន៣ គឺសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំរដ្ឋាភិបាលថ្មី អ្នកវិភាគមើលឃើញថា ភាគីទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីដំណើរទស្សនកិច្ចនេះ ខណៈចិននឹងនៅតែជាចន្ទល់ ទាំងផ្នែកការទូត នយោបាយ និងហិរញ្ញវត្ថុសម្រាប់កម្ពុជា ទន្ទឹមនឹងការដាក់ទណ្ណកម្មពីលោកខាងលិច។

Chinese Foreign Minister
Chinese Foreign Minister © AFP
ផ្សាយពាណិជ្ជកម្ម

តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិននៅថ្ងៃពុធម្សិលមិញ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី ចិនសង្ឃឹមថានឹងអាចពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត ជាមួយប្រទេសអាស៊ានទាំង៣នេះ គឺសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ ក្រៅពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន សង្ឃឹមថា ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ចិននឹងអាចឈានទៅសម្រេចវឌ្ឃនភាពយ៉ាងរឹងមាំក្នុងការកសាងសហគមន៍រួម លើកកម្ពស់ទំនាក់ទំនងទៅក្នុងកម្រិតថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លូវមួយខ្សែក្រវ៉ាត់មួយ(BRI) ព្រមទាំងគំនិតផ្ដួចផ្ដើមផ្សេងៗទៀត ជាមួយប្រទេសទាំង៣។

អ្នកវិភាគនិងសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ មើលឃើញថា ចក្ខុវិស័យចម្បងមួយ នៃដំណើរទស្សនកិច្ចលោកវ៉ាង យី មកកាន់ប្រទេសអាស៊ានទាំង៣នេះ គឺដើម្បីរក្សានិងពង្រីកឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ​ដើម្បី​ប្រកួត​ប្រជែង​អនុត្តរភាពជាមួយសហរដ្ឋអាមេរិក។ និយាយដោយឡែកចំពោះកម្ពុជាវិញ លោកឯម សុវណ្ណារ៉ា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា លោកវ៉ាងយី នឹងមកស្ទាបស្ទង់ជំហរការទូត របស់រដ្ឋាភិបាលកម្ពុជាបន្តវេនថ្មី ដែលត្រៀមនឹងប្រសូត្រចេញក្នុងខែសីហានេះ ដើម្បីធានាថាទំនាក់ទំនងចិន-កម្ពុជា នៅតែ ល្អូកល្អើន ឥតងាករេ។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានក្នុងទំនាក់ទំនងជាមួយចិននោះ លោក​ឯម សុវណ្ណារ៉ា មើលឃើញថា កម្ពុជាត្រូវចាំបាច់រក្សាឲ្យបាននូវអព្យាក្រឹត្យភាពកម្ពុជា ឲ្យបានពិតប្រាកដជាក់ស្ដែង ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ជាតិទាំងមូល។ ពោលលោកគូសបញ្ជាក់ថា កម្ពុជាមិនត្រូវប្រកាសការប្រកាន់យកអព្យាក្រឹតភាពតែក្នុងគោលការណ៍ច្បាប់ ហើយងាកទៅរកចិនលើសលប់ឡើយ ព្រោះថាអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ពីការធ្វើពាណិជ្ជកម្មជាមួយលោកខាងលិច គឺមានច្រើនជាងការធ្វើពាណិជ្ជកម្មជាមួយចិន ទៅទៀត។ 

រីឯ លោកបណ្ឌិតរ៉ូ វណ្ណៈ សាស្រ្តាចារ្យផ្នែកភូមិសាស្រ្តនយោបាយ យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់កំពុងតែដើរចាកគន្លងប្រជាធិបតេយ្យសេរី ទៅប្រជាធិបតេយ្យមិនសេរី ដែលនឹងត្រួវរងគំនាបទណ្ណកម្មសេដ្ឋកិច្ច និងការទូតពីលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ អាស្រ័យហេតុនេះ ចិននឹងនៅតែជាចន្ទល់ជួយទប់រដ្ឋាភិបាលកម្ពុជា ទាំងផ្នែកការទូត នយោបាយនិងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ច៤ថ្ងៃ ក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ពីថ្ងៃទី១០ខែសីហានេះ ដល់ថ្ងៃទី១៤សីហា។ នេះជាដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោកវ៉ាងយី ក្នុងនាមជាប្រមុខការទូតចិន ក្រោយត្រូវបានតែងតាំងឡើងវិញ កាលពីថ្ងៃទី២៥កក្កដា ជំនួសលោក ជីន កង ដែលត្រូវបានដកតំណែងនិងបាត់មុខពីទីសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ