អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីតសកម្មជនប្រឆាំង លោក គង់ រ៉ៃយ៉ា បោះបង់តំណែងទីប្រឹក្សាក្រសួងអប់រំ

លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន ដែលចូលរួមជាមួយគណបក្សកាន់អំណាច ហើយទទួលបានតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារម្សិលមិញ បានដាក់ពាក្យលាឈប់ពីតំណែងនេះហើយ។ តាមលិខិតលាឈប់របស់លោក ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ លោក គង់ រ៉ៃយ៉ា បានបញ្ជាក់ថាលោកមិនទាន់មានសមត្ថភាពអាចបំពេញតួនាទីជាទីប្រឹក្សាក្រសួងបាន។ 

លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន ដែលចូលរួមជាមួយគណបក្សកាន់អំណាច ហើយទទួលបានតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារម្សិលមិញ បានដាក់ពាក្យលាឈប់ពីតំណែង
លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន ដែលចូលរួមជាមួយគណបក្សកាន់អំណាច ហើយទទួលបានតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារម្សិលមិញ បានដាក់ពាក្យលាឈប់ពីតំណែង © FB
ផ្សាយពាណិជ្ជកម្ម

បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក លោក គង់ រ៉ៃយ៉ា ដែលគេស្គាល់ថាជាអតីតយុវជនដ៏សកម្មនយោបាយរបស់គណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅក្នុងកម្មវត្ថុនៃលិខិតផ្ញើជូនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថា លោកមិនទាន់មានសមត្ថភាពអាចបំពេញតួនាទីជាទីប្រឹក្សាក្រសួងអប់រំបាន។

ការទទួលតួនាទីជាទីប្រឹក្សាក្រសួងអប់រំ គឺបន្ទាប់ពីលោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន បានលាឈប់ពីសមាជិកគណបក្សប្រឆាំងមួយនេះ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច។

លោក គង់ រ៉ៃយ៉ា មិនអាចទាក់ទងដើម្បីបញ្ជាក់បន្ថែមបាននោះទេ ក៏ប៉ុន្តែហេតុផលនៃការលាឈប់ពីតួនាទីជាទីប្រឹក្សាក្រសួងអប់រំ ត្រូវបានអ្នកតាមដាននយោបាយ និងសង្គមនានាមើលឃើញផ្សេងពីអ្វីដែលលោក គង់ រ៉ៃយ៉ា លើកឡើង ខណៈលោកបង្ហោះប្រយោគសំណួរសំខាន់មួយនៃការប្រើជីវិតរស់នៅក្នុងសួនសត្វសាហាវ។

តាមរយៈហ្វេសប៊ុករបស់លោក លោក គង់ រ៉ៃយ៉ា ដែលបានដាក់ Profile លោកបណ្ឌិត កែម ឡី បានលើកយកព័ត៌មាន​ និងហេតុការណ៍សំខាន់ៗចុងក្រោយមកបង្ហោះ ចែករំលែក ដូចជាការបិទគេហទំព័រវិទ្យុអាស៊ី ការរំលឹកខួប៧ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី ការតវ៉ារបស់យុវជនបរិស្ថានជាដើម ដែលមានខ្លឹមសាររិះគន់ដល់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។

ទោះយ៉ាងណា លោក គង់ រ៉ៃយ៉ា បានស្ថិតនៅជាសមាជិកគណបក្សប្រជាជនកម្ពុជានៅឡើយ ខណៈមិនមានការបញ្ជាក់ណាមួយបន្ថែមទៀត។ តែលោក គង់ រ៉ៃយ៉ា គឺជាមនុស្សដំបូងក្នុងចំណោមសកម្មជនប្រឆាំងដែលចុះចូលជាមួយគណបក្សកាន់អំណាច ដែលបានបោះបង់តំណែងលើកទឹកចិត្ត។ ដោយមិនមានអត្ថាធិប្បាយអ្វី លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់នៅថ្ងៃនេះដែរថា លោកមិនមានដំណឹងពីការវិលទៅគណបក្សភ្លើងទៀនវិញរបស់លោក គង់ រ៉ៃយ៉ាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ