អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្កើនការប្រជែងគ្នាប្រើប្រាស់បណ្តាញសង្គមបំរើដល់នយោបាយ

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតឆាណែល(Channel) តេឡេក្រាម បន្ថែមពីលើទំព័រហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ ការបង្កើត Channel តេឡេក្រាមរបស់លោក សម រង្ស៊ី ដែលមានឈ្មោះថា(Sbai សប្បាយ Channel)នៅពេលនេះ ត្រូវគេមើលឃើញថាជាការប្រជែងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងបច្ចុប្បន្នភាពនយោបាយនៅក្នុងប្រទេសកម្ពុជាអំឡុងពេលនៃការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ 

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតឆាណែល(Channel) តេឡេក្រាម បន្ថែមពីលើទំព័រហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតឆាណែល(Channel) តេឡេក្រាម បន្ថែមពីលើទំព័រហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ © សហការី
ផ្សាយពាណិជ្ជកម្ម

បង្កើតឡើងកាលពីថ្ងៃអាទិត្យ ឆាណែល(Channel)តេឡេក្រាមលោក សម រង្ស៊ី ដែលមានឈ្មោះថា(Sbai សប្បាយ Channel)ទើបទទួលបានអ្នក Subscribe ចំនួនជាង២ពាន់នាក់នៅឡើយ។ តាមរយៈការបង្ហោះ QR Code នៅលើទំព័រហ្វេសប៊ុករបស់លោក តេឡេក្រាមរបស់លោក សម រង្ស៊ី បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មាននយោបាយកម្ពុជា ដែលបាននិងកំពុងកើតឡើងនាបច្ចុប្បន្ននេះ ជាពិសេសការឃោសនា បញ្រ្ចាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណបក្សកាន់អំណាច ដោយបានជំរុញឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ការបង្កើតឆាណែលតេឡេក្រាមរបស់លោក សម រង្ស៊ី នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកប្រើឆាណែលតេឡេក្រាមវិញកាលពីពេលថ្មីៗនេះ ដោយលោកប្រកាសបិទហ្វេសប៊ុករបស់លោក ក្រោយជួបរឿងចម្រូងចម្រាសឈានទៅដល់ការស្នើសុំដោយក្រុមប្រឹក្សាត្រួតពិនិត្យហ្វេសប៊ុកទៅក្រុមហ៊ុន Meta ឲ្យព្យួរហ្វេសប៊ុកលោក ហ៊ុន សែន រយៈពេល៦ខែ។

បច្ចុប្បន្នឆាណែលតេឡេក្រាមរបស់លោក ហ៊ុន សែន មានអ្នក Subscribe ជិត១លាននាក់ និងគណនី Tik Tok របស់លោក មានអ្នកតាមដានលោក(Followers)ជាង២៥ ម៉ឺននាក់ គឺច្រើនជាងគណនី ដែលមានឈ្មោះ Sam Rainsy ២០ម៉ឺននាក់។ ភាគច្រើននៃតេឡេក្រាមរបស់លោក ហ៊ុន សែន គឺបំរើឲ្យការផ្សព្វផ្សាយពីការឃោសនាសមិទ្ធផលរបស់គណបក្សប្រជាជន ការផ្តល់សារសំខាន់ៗផ្សេងៗ និងការប្រឆាំងចំពោះការជំរុញឲ្យគូសន្លឹកឆ្នោតចោលពីសំណាក់លោក សម រង្ស៊ី និងក្រុមប្រឆាំង។ល។

ទោះយ៉ាងណា លោក សម រង្ស៊ី នៅបន្តប្រើប្រាស់ទំព័រហ្វេសប៊ុក ដែលមានអ្នកតាមដាន(Followers)ចំនួន៥លាននាក់ ខណៈដែលលោកនាយករដ្ឋមន្ត្រីបានបោះបង់ហ្វេសប៊ុករបស់លោកចោល ដែលមានអ្នកតាមដានជាង១៤លាននាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ