អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន រងការប្រមាថពីពលរដ្ឋថៃជុំវិញរឿងលោក Pita តែលោកថាសំដៅទៅលើអ្នកប្រឆាំងខ្មែរប៉ុណ្ណោះ

បណ្តាប្រជាពលរដ្ឋថៃ និងអ្នកគាំទ្រលោក Pita Limjaroenrat បាននាំគ្នារិះគន់ និងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការបរាជ័យរបស់លោក Pita មិនអាចធ្វើជានាយករដ្ឋមន្ត្រី។ ប្រតិកម្មរបស់បណ្តាពលរដ្ឋថៃ និងអ្នកគាំទ្រលោក Pita កើតមានឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​តាមបណ្តាញសង្គមធ្វីតធ័រ ថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Pita Limjaroenrat ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Pita Limjaroenrat ។ © សហការី
ផ្សាយពាណិជ្ជកម្ម

នេះជារឿងអត់ប្រយោជន៍។ អ្វីៗដែលកើតឡើងក្នុងប្រទេសថៃនៅថ្ងៃនេះ គឺមិនបានពាក់ព័ន្ធនឹងលោក ឬកម្ពុជាឡើយ។ វាជារឿងគួរឲ្យអាណិតដែលឃើញលោកព្យាយាមបង្កើតរឿងឡើងដោយខ្លួនឯង យ៉ាងដូច្នេះ។ សង្ឃឹមថាលោកអាចឃើញប្រព័ន្ធប្រជាធិបតេយ្យដ៏ពេញលេញរបស់ថៃ ហើយវានឹងជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជា។ ទាំងនេះ គឺជាសារឌឺដងរបស់ប្រជាជនថៃ មកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលដែលលោក ហ៊ុន សែន នៅល្ងាចថ្ងៃព្រហស្បតិ៍ បានបង្ហោះខ្លឹមសារពីការបរាជ័យរបស់លោក Pita មិនអាចក្លាយជានាយករដ្ឋមន្រ្តី។

ជាខ្លឹមសារលើបណ្តាញសង្គមធ្វីតធ័រ លោក ហ៊ុន សែន បានប្រកាសថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។ តាមលោក ហ៊ុន សែន នេះមិនមែនបង្ហាញថាលោកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ តែលោកចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិ ដែលសំដៅដល់ក្រុមលោក សម រង្ស៊ី តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរដ្ឋាភិបាលកម្ពុជា  ក៏ប៉ុន្តែក្តីរំពឹងរបស់ពួកទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។

ខ្លឹមសាររបស់លោក ហ៊ុន​ សែន បានធ្វើឲ្យប្រជាពលរដ្ឋថៃ អ្នកគាំទ្រលោក Pita និងសារព័ត៌មានថៃមួយចំនួន យកទៅធ្វើអត្ថាធិប្បាយបន្ត ហើយចាត់ទុកថា ជាការចំអកដល់បរាជ័យរបស់បេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat។ ខ្លឹមសារនេះ ក៏ត្រូវបានដកចេញវិញពីបណ្តាញសង្គមធ្វីតធ័ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រោយរងការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ ក៏បានចេញមកបញ្ជាក់ថា ការចេញសាររបស់លោកពីយប់ថ្ងៃព្រហស្បតិ៍នោះ គឺមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកគេត្រូវរលាយដូចអំបិលត្រូវទឹក។ ដូចអំបិលត្រូវទឹក ដោយហេតុថាក្រុមប្រឆាំងបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោក  ឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី គឺពួកគេនឹងធ្វើសកម្មភាពចេញពីទីនោះ រួចចូលមកកម្ពុជា។

បើតាមខ្លឹមសាររបស់លោក ហ៊ុន សែន គឺលោកមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។ បន្ថែមពីនេះ លោកក៏គោរពតាមការសម្រេចចិត្តរបស់ប្រជាជនថៃ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃដែរ។

គួរកត់សម្គាល់ថា ការបោះឆ្នោតនៅប្រទេសថៃ ដែលលោក Pita មកពីគណបក្សកាវក្លៃ ជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ ត្រូវបានបណ្តាអ្នកនយោបាយពីក្រៅប្រទេស និងក្រុមអ្នកនយោបាយក្នុងស្រុក រួមទាំងអ្នកវិភាគនយោបាយមួយចំនួន យល់ថា ជាឱកាសដែលអាចឲ្យលោក សម រង្ស៊ី ត្រលប់ចូលមកកម្ពុជាតាមប្រទេសថៃនេះបាន។ ក្នុងនោះលោក សម រង្ស៊ី ក៏ធ្លាប់បង្ហាញពីចេតនាត្រលប់ចូលកម្ពុជាជាថ្មី ក្រោយពេលដែលលោក Pita ក្លាយជានាយករដ្ឋមន្ត្រីថៃ។

យ៉ាងណាមិញ នៅក្នុងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកបានផ្តាំទៅក្រុមលោក សម រង្ស៊ី ថា កុំពឹងដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ហើយជាពិសេសឈប់ប្រើប្រាស់ឈ្មោះលោក Pita មកប្រឆាំងកម្ពុជា ទាំងដែលលោកមិនដឹងខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ