អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត៖ «ពេលយើងដើរដល់គោលដៅដោយជោគជ័យ គេនឹងបរាជ័យដោយស្វ័យប្រវត្តិ»

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតកាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកយកស្ថានភាពនៃការហាត់ហ្វឹកហ្វឺនទាហានមកប្រៀបធៀបទៅនឹងដំណើរនយោបាយកម្ពុជា ដែលកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣។ ការលើកឡើងពីភាពជោគជ័យក្នុងការហាត់ទាហាន ក្នុងន័យប្រៀបធៀបនេះ បានធ្វើឡើងខណៈដែលមានការវាយប្រហាររិះគន់ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមួយចំនួន ដោយលោក ហ៊ុន ម៉ាណែត ចាត់ទុកថាមិនមែនជាឧបសគ្គសម្រាប់លោកទេ។

លោក ហ៊ុន ម៉ាណែត ក្នុងពេលជាសិក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺដំណើរឆ្លងកាត់ឧបសគ្គដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក។
លោក ហ៊ុន ម៉ាណែត ក្នុងពេលជាសិក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺដំណើរឆ្លងកាត់ឧបសគ្គដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក។ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត បានសរសេរថាកាន់តែជិតបោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើត និងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបលោក ក្នុងគោលបំណងបង្អាក់ដំណើររបស់លោកមិនឲ្យទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំផែនការទប់ស្កាត់ជាចំហរ។

ចំណុចនេះ ត្រូវលោក ហ៊ុន ម៉ាណែត លើកយកបទពិសោធន៍នៃការហាត់ហ្វឹកហ្វឺនយោធាមកធ្វើការប្រៀបធៀបកាលពីលោកនៅជាសិក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺដំណើរឆ្លងកាត់ឧបសគ្គដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក។

លោក ហ៊ុន ម៉ាណែត លើកយកឧបសគ្គនៃការហ្វឹកហាត់មកពន្យល់ ដែលរួមមានកត្តាប្រឈមចំនួនពីរ គឺកត្តាទីលាន និងឧបសគ្គ និងកត្តាមនុស្ស។ កត្តាទាំងពីរនេះ សម្រាប់លោក គឺទីមួយ ផ្តោតអារម្មណ៍ទៅលើគោលដៅដែលត្រូវទៅ ដោយមានការតាំងចិត្តឲ្យបានរឹងមាំ ប្រមូលផ្តុំអារម្មណ៍ឲ្យបានមូល ប្រកបដោយភាពជឿជាក់ និងមិនស្ទាក់ស្ទើរក្នុងការដើរលើបង្គោលដែក។ ចំណុចទីពីរ លោក ហ៊ុន ម៉ាណែត លើកឡើងថាមិនត្រូវខ្វល់ពីក្រុមគ្រូ ឬក្រុមមនុស្សដែលតាមរំខានព្យាយាមបំបែកអារម្មណ៍តាមរយៈការប្រើពាក្យសម្តីស្រែកដាក់សិក្ខាកាម ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយសិក្ខាកាមដើរដល់គោលដៅដោយជោគជ័យ។

ចំណុចនេះត្រូវគេមើលឃើញថា ជាការប្រៀបធៀបទៅនឹង ការឃោសនាដើម្បីរារាំងដំណើរឆ្ពោះទៅមុខរបស់លោក ហ៊ុន ម៉ាណែត ពីសំណាក់ក្រុមប្រឆាំងដែលកំពុងមានវត្តមាននៅឯក្រៅប្រទេស ដែលក្នុងនោះមានលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិជាតិផងដែរ។

ជាការកត់សម្គាល់ ហ្វេសប៊ុកលោក សម រង្ស៊ី និងកម្មវិធីពិភាក្សានានារបស់បណ្តាញផ្សព្វផ្សាយអនឡាញដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្ហាញពីភាពសកម្មក្នុងការផ្សព្វផ្សាយដើម្បីទប់ស្គាត់ប្រជាជនទៅបោះឆ្នោត និងជំរុញប្រជាជនឲ្យទៅបោះឆ្នោតដែរ តែគូសសន្លឹកឆ្នោតចោល ខណៈគណបក្សប្រឆាំងត្រូវបានផាត់ចោលពីការបោះឆ្នោតនេះ។ ក្រៅពីនេះ ក្រុមប្រឆាំងនៅឯក្រៅប្រទេសក៏បានបើកការវាយប្រហារទៅលើលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនយ៉ាងសកម្មផងដែរ។

ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកត្តាខ្លួនឯងម្នាក់គត់ ដែលកំណត់ឲ្យមានភាពជោគជ័យ និងដើរដល់គោលដៅ ដោយមិនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញនោះទេ។ លោកថា លោកមិនចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយលោកដើរដល់គោលដៅនោះទេ ព្រោះពេលលោកដើរដល់គោលដៅដោយជោគជ័យ អ្នករារាំងលោកនឹងបរាជ័យដោយស្វ័យប្រវត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ