អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាស្ថិតក្នុងលំដាប់ប្រទេសដែលពឹងផ្អែកសេដ្ឋកិច្ចខ្លាំងលើទីផ្សារចិន

កម្ពុជាបានស្ថិតនៅក្នុងលំដាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានពឹងផ្អែកទីផ្សារចិន ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន។ នេះបើតាមការស្រាវជ្រាវរបស់របាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។ តែយ៉ាងណាការលើកឡើងនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចថាមិនមែនជាការពិតទាំងស្រុង ខណៈដែលអាមេរិក និងសហគមន៍អឺរ៉ុប នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន។ 

ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺកម្ពុជា និងភូមា ជាប្រទេសដែលពឹងផ្អែកសេដ្ឋកិច្ចច្រើនជាងគេទៅលើទីផ្សារប្រទេសចិន ក្នុងចំនួន២៨% ខណៈដែលឡាវ២៧% វៀតណាម២៦% និងឥណ្ឌូនេស៊ីចំនួន២១%។ បើតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព អូស្ត្រាលី គឺជាប្រទេសលំដាប់១ ក្នុងចំណោម១០ប្រទេស ដែលពឹងផ្អែកសេដ្ឋកិច្ចចិន រីឯកម្ពុជាឈរនៅលេខរៀងទី៣។

ចំពោះការវាយតម្លៃបែបនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចថាមិនមែនជាការពិតទាំងស្រុងនោះទេ។ មិនការពិត ព្រោះកម្ពុជានៅមានទីផ្សារដទៃទៀត សម្រាប់ការនាំចេញទំនិញរបស់ខ្លួន ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថាការវាយតម្លៃនេះ គឺជាការសិក្សាស្រាវជ្រាវដាច់ដោយឡែករបស់វិទ្យាស្ថាននោះតែប៉ុណ្ណោះ។ លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា​ សេដ្ឋកិច្ចកម្ពុជាមិនមែនពឹងតែទៅលើចិននោះទេ ក៏ប៉ុន្តែអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា បើទោះបីជាប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក ត្រូវបានផ្តាច់នៅឆ្នាំ២០២០ និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដល់កម្ពុជា នៅសល់៨០%។

បើនិយាយពីទីផ្សារចិន លោកបណ្ឌិត ហុង​ វណ្ណៈ យល់ថា ភាគច្រើនគឺមានការនាំចូលពីចិន ច្រើនជាង ការនាំចេញពីកម្ពុជា។ លោកថា ទំហំពាណិជ្ជកម្មរវាង កម្ពុជានិងចិន គឺកម្ពុជាទិញពីចិនប្រមាណ៧០% ខណៈដែលចិនទិញពីកម្ពុជាតែ៣០%ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ចិនបានក្លាយជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជា ដ៏មានឥទ្ធិពលមួយនាពេលបច្ចុប្បន្ន ខណៈដែលស្ថានភាពទំនាក់ទំនងទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសលោកខាងលិច ហាក់ដូចជាផ្លូវដែលរលាក់។ រលាក់នៅត្រង់ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP អាមេរិកទាំងស្រុង និងសហភាពអឺរ៉ុបបានដក២០%នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារតែបញ្ហានយោបាយ។ ជាមួយចិន គឺកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ