អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេងថា ការនាំចូល និងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសកម្ពុជា គ្មានភាពធូរស្បើយ

 គ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨​ ខែមិថុនានេះ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា បើទោះបីការបង្រ្កាបគ្រឿងញៀនបានធ្វើឡើងជាបន្តបន្ទាប់។ ក៏ប៉ុន្តែលោកកត់សម្គាល់ថា ការនាំចូល និងផលិតគ្រឿងញៀនសំយោគក្នុងប្រទេស នៅតែកើនឡើងខ្លាំង ដែលទាមទារឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវដុតដៃដុតជើង បន្តបង្ក្រាបទីតាំងផលិតគ្រឿងញៀន និងឧកិ្រដ្ឋជនឱ្យមានប្រសិទ្ធិភាពជាងមុនបន្ថែម។ 

គ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
គ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន (៥,៧តោន)នាព្រឹកនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការលួចកែឆ្នៃ និងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជននៅមានចំនួនច្រើនដដែល ខណៈការនាំចូលគ្រឿងញៀនតាមតំបន់ត្រីកោណមាសឆ្លងកាត់ខេត្តភូមិភាគ​ឦសានវិញ លោក ស ខេងកត់សម្គាល់ថា ក៏នៅមានកំណើនដូចគ្នា។

បើតាម លោក ស ខេង គ្រឿងញៀនដែលកំពុងផលិតក្នុងប្រទេសកម្ពុជា ភាគច្រើន ក្រុមឧក្រិដ្ឋជនប្រើល្បិចនាំចូលសារធាតុគីមីតាមរយៈមុខទំនិញស្របច្បាប់ ហើយក្រោយពេលសារធាតុគីមីទាំងនោះបានចូលដល់ទឹកដីកម្ពុជា លោក ស ខេងថា ក្រុមឧក្រិដ្ឋជន បានធ្វើការបង្វែរសារធាតុគីមីផ្សំទាំងនោះ ផលិតជាគ្រឿងញៀនខុសច្បាប់វិញ។ ​ត្រង់ចំណុចនេះ លោក ស ខេងអះអាងថា អាជ្ញាធរបានចុះបង្រ្កាប និងរឹបអូសសារធាតុគីមីទាំងនោះជាបន្តបន្ទាប់។

តែយ៉ាងណា លោក ស ខេងចាត់ទុកថា បញ្ហាទាំងនេះ គឺជាហានិភ័យខ្ពស់ចំពោះសង្គមទាំងមូល ពិសេសយុវជនខ្មែរ ហើយលោកទទួលស្គាល់ថា អាជ្ញាធរនៅមិនទាន់មានយន្តការគ្រប់គ្រង និងមានកិច្ចសហការគ្នាឱ្យបានច្បាស់លាស់ និងម៉ត់ចត់នៅឡើយ។

កាលពី​ឆ្នាំ​២០២២ កន្លងទៅ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រឹបអូស​បាន​គ្រឿងញៀន​ជាង ១៦​តោន និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៧៨៤)។ ក្នុង​នោះ​មាន​ជនបរទេស​ជាង ២០០នាក់ (២៥៩) ឬ ៩​សញ្ជាតិ​។ បើយោងតាមរបាយការណ៍ពីអាជ្ញាធរ​ជំនាញ បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​ការ​បង្ក្រាប​ជាង ៦​ពាន់​ករណី (៦.២៩០) រក​ឃើញ​មានការ​ជួញដូរ​ជាង ៣​ពាន់​ករណី (៣.០៩៧) ផលិត​រក្សាទុក​ជាង ១​ពាន់​ករណី (១.១០៤) និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង ២​ពាន់​ករណី (២.០៤៥)​។ ដោយឡែក​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២៣ នេះ​វិញ ​អាជ្ញាធរ​រឹបអូស​បាន​គ្រឿង​ញៀន​ជិត ១​តោន។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលស្គាល់ថា ការចុះបង្ក្រាបពីសំណាក់អាជ្ញាធរជំនាញនាពេលកន្លងមក នៅមានចន្លោះប្រហោង ដែលបណ្តាលឱ្យឧកិ្រដ្ឋជនអាចនាំចូលសារធាតុគីមីផ្សំ ឬគ្រឿងញៀនចូលមកក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែនៅទន្ទឹមនឹងភាពខ្វះចន្លោះនេះ អាជ្ញាធរជំនាញអះអាងថា នឹងពង្រឹងការអនុវត្តច្បាប់បន្ថែម ខណៈការបង្ក្រាប និងរឹបអូសគ្រឿងញៀននាពេលកន្លងមក គឺមានចំនួនច្រើន។

ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនីនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែមិថុនា លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាបគ្រឿងញៀនបានច្រើនរបស់អាជ្ញាធរនាពេលកន្លងមក មិនមែនបង្ហាញពីសមត្ថភាពខ្លាំង ឬគុណសម្បត្តិរបស់អាជ្ញាធរឡើយ ផ្ទុយទៅវិញ លោក ហ៊ុន សែនយល់ថា គ្រឿងញៀនក្នុងប្រទេសមានចំនួនកើនឡើងទៅវិញទេ។ សម្រាប់លោក ហ៊ុន​ សែន ប្រសិនបើអាជ្ញាធរបង្ក្រាបបានតិច ទើបបញ្ជាក់ន័យថា ចំនួនគ្រឿងញៀនក្នុងប្រទេសបានថយចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ