អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចខេត្តភាគឦសានចាប់បញ្ជូនពួកប្រឆាំងរដ្ឋាភិបាលវៀតណាមទៅឲ្យវៀតណាមភ្លាមៗ

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃសុក្រនេះ បានចេញបទបញ្ជាជាចំហរឲ្យកងកម្លាំងនៅយោធភូមិភាគ១ ជាប់ព្រំដែនវៀតណាម អាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី និងក្រចេះ បង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬម៉ុងតាញ៉ា ដែលអាចលាក់ខ្លួននៅតំបន់នោះ។ ការប្រកាសរបស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមប្រឆាំង និងអាជ្ញាធរវៀតណាម ដែលធ្វើឲ្យមន្ត្រីវៀតណាមមួយចំនួនស្លាប់។ 

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជិះ​ម៉ូតូ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​សុក្រ ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២។ (រូបតំណាង)
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជិះ​ម៉ូតូ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​សុក្រ ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២។ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក រវាងក្រុមបះបោរវៀតណាម ឬជនជាតិភាគតិចម៉ុងតាញ៉ាប្រមាណ៦០០នាក់ និងអាជ្ញាធរវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងកម្ពុជានៅភូមិភាគ១ និងអាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ បង្កើនការប្រុងប្រយ័ត្ន សហការជាមួយអាជ្ញាធរវៀតណាម ទប់ស្កាត់កម្លាំងបះបោរ ដែលរត់ចូលមកទឹកដីកម្ពុជា បន្ទាប់ពីពួកគេបានបាក់ទ័ព។

លោក ហ៊ុន សែន ក៏បានដាក់ការសង្ស័យថាមេខ្លោងរបស់ក្រុមបះបោរវៀតណាមនេះ អាចនៅក្នុងទឹកដីកម្ពុជា ដោយលោកលើកឡើងពីបទពិសោធន៍កន្លងមកតែងមានជនជាតិម៉ុងតាញ៉ាវៀតណាមចូលមកទឹកដីកម្ពុជាជ្រកក្រោមផ្លាក ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ធ្វើការព្រមានទុកជាមុនដល់អង្គការអន្តរជាតិ ឬពលរដ្ឋខ្មែរណាក៏ដោយ ដែលឃុបឃិតនាំពួកម៉ុងតាញ៉ាវៀតណាមមកភ្នំពេញ ព្រមទាំងបញ្ជាឲ្យចាប់ខ្លួនក្រុមបាក់ទ័ពប្រគល់ឲ្យវៀតណាមភ្លាមៗ ដោយមិនមានការលើកលែង ទោះមកដល់ទីស្នាក់ការ HCR ក៏ដោយ ដោយមិនមានសិទ្ធជ្រកកោនជាជនភៀសខ្លួនទេ។

ការលើកឡើងដូច្នេះ ក៏ព្រោះតែកម្ពុជានិងវៀតណាម មានកិច្ចព្រមព្រៀងជាមួយគ្នា មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសជិតខាងណាមួយឡើយ។ លោក ហ៊ុន សែន ក៏បានហៅក្រុមប្រឆាំងអាជ្ញាធរវៀតណាមនេះថាជាក្រុមភេរវកម្ម ដោយលោកជឿជាក់ថាបណ្តាញ និងអង្គការចាត់តាំងក្រុមនេះចេញពីកម្ពុជា។

សូមបញ្ជាក់ថាក្រុមម៉ុងតាញ៉ាវៀតណាមនេះ បានបង្កើតឲ្យមានជនភៀសខ្លួនកាលពីអំឡុងដើមឆ្នាំ២០០០ ម្តងហើយ ដោយពួកគេបានទៅលាក់ខ្លួននៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ