អានតួអត្ថបទ
កម្ពុជា-សង្គម

គយថា ការកែសម្រួលអត្រាពន្ធ-អាករលើមុខទំនិញមួយចំនួន ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា ដើម្បីសម្រួលដល់បន្ទុកចំណាយរបស់អ្នកផលិត និងទប់ស្កាត់ការកើនឡើងនៃកម្រិតអតិផរណា គយសម្រេចកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន។ ក្នុងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាកររំពឹងថា ក្រោយមុខទំនិញភាគច្រើនបានបញ្ចុះអត្រាពន្ធគយ-អាករ នោះកំណើននៃការផលិតនឹងកើនឡើង ហើយគយអាចទាញចំណូលត្រដំប្រសងមកវិញបាន ពិសេសជាយុទ្ធសាស្ត្រទាក់ទាញការវិនិយោគពីក្រៅប្រទេសមួយផ្នែកផង។ ខណៈ គយចាត់ទុកថា ការធ្វើបែបនេះ ដើម្បីស្របទៅតាមទីផ្សារសេរីសាកលភាវូបនីយកម្មទំនើប។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ © MPWT
ផ្សាយពាណិជ្ជកម្ម

ក្នុងសិក្ខាសាលានាព្រឹកនេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ដោយសង្កេតឃើញពីនិន្នាការសេដ្ឋកិច្ចសាកលកំពុងជួបប្រឈមនឹងបញ្ហាជាច្រើន រួមទាំងការឡើងថ្លៃនៃតម្លៃដឹកជញ្ចូន និងការផលិតជាដើមទើបគយបានសម្រេច បន្ធូរបន្ថយកម្រិតអត្រាពន្ធគយនាំចូល អាករនាំចេញ និងអាករពិសេស។

ការធ្វើបែបនេះ បើតាម​លោក គុណ ញឹម គឺដើម្បីជួយគាំទ្រដល់សុខមាលភាពរបស់វិស័យសំខាន់ៗមួយចំនួន ក្នុងនោះក៏មានវិស័យសហគ្រាសធុនតូច និងមធ្យមផង។  ហើយអគ្គនាយកដ្ឋានគយថា ការកែសម្រួលអត្រាពន្ធ-អាករលើមុខទំនិញចំនួន១៤៤៣ប្រភេទ ដើម្បីជាផ្នែកមួយធានាឱ្យបាននូវភាពរីកចម្រើនសេដ្ឋកិច្ចប្រទេស ក៏ដូចជាសម្រាលបន្ទុកពន្ធចំពោះអ្នកផលិតមួយចំនួន ដើម្បីអាចធ្វើការប្រកួតប្រជែងគ្នាជាមួយទំនិញនាំចូលពីទីផ្សារក្រៅប្រទេស។

បន្ថែមពីនេះ ការកែសម្រួលអត្រាពន្ធ-អាករនេះ ក៏ជាយន្តការស្រូបទាញអ្នកវិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុករកស៊ីនៅកម្ពុជា តាមរយៈការបង្កើតរោងចក្រ និងវិនិយោគលើវិស័យផ្សេងៗ។ 

តាមអនុក្រឹត្យចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងកែសម្រួលអត្រាពន្ធគយចំនួន០៨ចំណុច កែសម្រួលអត្រាអាករពិសេសចំនួន២៣ចំណុច និងកែសម្រួលអត្រាអាករនាំចេញចំនួន៩ចំណុច ដែលគិតជាមុខទំនិញស្ថិតក្នុងបន្ទាត់ពន្ធមានចំនួន១៤៤៣ប្រភេទ។

មុខទំនិញដែលត្រូវបានបញ្ចុះអត្រាពន្ធនាំចូល-អាករនាំចេញមានដូចជា៖ ប្រភេទសត្វរស់ ផលិតផលបានពីសត្វ ផលិតផលរុក្ខជាតិ ភេសជ្ជះប្រភេទទឹកដោះគោ កាហ្វេ ផ្លែឈើ ផលិតផលលាងសម្អាត គ្រឿងក្រអូប ឱសថ សារធាតុសេរីរាង្គគីមី ផលិតផលធ្វើពីប្លាស្ទិក និងកៅស៊ូ  វត្ថុធ្វើពីឈើ  ក្រដាស ដែក ផលិតផលទង់ដែង និងផ្សេងៗទៀត។

ចំណែកមុខទំនិញដែលត្រូវដំឡើងអត្រាពន្ធមានដូចជា៖ ភេសជ្ជៈមានជាតិស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ផលិតផលរ៉ែ លោហៈ ស៊ីម៉ង់ ស្ពានធ័រ ផលិតផលនៃវត្ថុកៅស៊ូ បរិក្ខារម៉ាស៊ីន គ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ