អានតួអត្ថបទ
កម្ពុជា-សង្គម

ស្នងការខេត្តកំពត៖ ប្រជាពលរដ្ឋជាង១០០គ្រួសារដាក់ពាក្យប្តឹងក្រុមហ៊ុនលក់ដីឡូត៍មួយទៀត

រហូតមកដល់ថ្ងៃទី១១ ខែមិថុនានេះ មានពាក្យបណ្តឹងជាង ១០០ហើយ ដែលស្នងការដ្ឋាននគរបាលខេត្តកំពត ទទួលបានពីប្រជាពលរដ្ឋ ក្នុងករណីទិញដីពីក្រុមហ៊ុនពិភពដីមាស។​ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តកំពត។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងខេត្តកំពត ក៏បានដាក់ពាក្យប្តឹងក្រុមហ៊ុនជួញដូរអចលនទ្រព្យ ជា សារ៉ន​ ហើយឈានដល់ការចាប់ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុននេះផង។​

ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានមកដាក់បណ្តឹងជាងមួយរយគ្រួសារហើយគិតត្រឹមថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ យុត្តិធម៌ត្រូវមានសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ នេះគឺជាសារនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានភ្ជាប់មកនូវរូបថត​ ដែលត្រូវបានអះអាងថាជានាយកក្រុមហ៊ុនពិភពដីមាស។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១១ ខែមិថុនានេះថាស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្តឹង ១៦៣ករណីហើយ ពាក់ព័ន្ធនឹងក្រុមហ៊ុនក្រុមហ៊ុនពិភពដីមាស។ លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានទៅទិញដីរបស់ក្រុមហ៊ុនពិភពដីមាស ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយក្រុមហ៊ុននេះ ក៏មានស្នាក់ការនៅក្នុងខេត្តកំពត។

ស្នងការនគរបាលខេត្តកំពតបានបានលើកឡើងថា នីតិវិធីបន្តគឺទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលអះអាងថាជាអ្នករងគ្រោះដោយសារការទិញដូរដីធ្លី ហើយស្នងការដ្ឋាននគរបាលខេត្តកំពត នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ។

បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន កាលពីថ្ងៃទី១០ ខែមិថុនា បានចេញសេចក្តីជូនដំណឹងមួយដល់អតិថិជនរបស់ខ្លួន ដែលជួបការលំបាកដោយសារការបម្រើសេវាកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក រហូតដល់បច្ចុប្បន្ន មកកាន់ស្នាក់ការក្រុមហ៊ុ ដើម្បក្រុមហ៊ុនធ្វើបច្ចុប្បន្នភាព និងសម្របសម្រួល។

កាលពីអំឡុងខែមេសា កន្លងទៅ អាជ្ញាធរខេត្តកំពតក៏បានឃាត់​ខ្លួនឧកញ៉ាជួញដូរដីឡូតិ៍ ជា សារ៉ន និង​មនុស្សជិត ១០​នាក់ទៀតបន្ទាប់ពីមានបណ្តឹងពីពលរដ្ឋ​យ៉ាងហោចជាង ២ពាន់គ្រួសារ ដែលបានអះអាងថាបានចាញ់បោកក្រុមវិនិយោគដីឡូត៍ ជា សារ៉ន រៀលធី។ លោក ជា សារ៉ន និងបក្សពួក ដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅថ្ងៃទី២៧ ខែមេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ