អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក អ៊ូ ច័ន្ទឫទ្ធិ៖ ការផ្តាច់ខ្លួនពីលោក សម រង្ស៊ី ដោយសារអស់ជំនឿលើនយោបាយបរទេសនិយម

លោក អ៊ូ ច័ន្ទឫទ្ធិ អតីតតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៣១ ខែឧសភាម្សិលមិញ បានស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានការលើកលែងទោស និងទំលាក់ចោលបទចោទទាំងអស់ដល់រូបលោក។ ការសម្រេចសរសេរលិខិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ទៅលោក ហ៊ុន សែន ដូច្នេះ គឺជាការបង្ហាញពីការផ្តាច់ខ្លួនពីលោក សម រង្ស៊ី ហើយធ្វើឲ្យអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដែលនៅក្បែរ លោក សម រង្ស៊ី កាន់តែមានការកាត់បន្ថយ។ 

លោក អ៊ូ ច័ន្ទឫទ្ធិ អតីតតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ។
លោក អ៊ូ ច័ន្ទឫទ្ធិ អតីតតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ។ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈលិខិតសុំអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ លោក អ៊ូ ចាន់ឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលកណ្តាល បានបញ្ជាក់ថាលោកបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន

លោក អ៊ូ ច័ន្ទរ័ត្ន ជាអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាមួយវិទ្យុបារាំងRFI ថា ការស្នើសុំអន្តរាគមន៍ពីសំណាក់ប្អូនរបស់លោក ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការពិត។ លោកមានយោបល់ថានោះគឺជាសិទ្ធិរបស់បុគ្គល ដែលមេដឹកនាំនយោបាយជាន់ខ្ពស់កន្លងមក តែងស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ តាមលោក អ៊ូ ច័ន្ទរ័ត្ន លោក អ៊ូច័ន្ទឫទ្ធិ មិនគួរមានទោសតាំងពីដំបូងមកម្លេះ ដោយគ្រាន់តែប្អូនរបស់លោកមានទំនាក់ទំនងខ្លះជាមួយអ្នកនយោបាយក្នុងនាមអតីតសហការី តែមិនបានធ្វើសកម្មភាពនយោបាយសកម្មនៅក្រៅប្រទេសនោះឡើយ។

ការសម្រេចចិត្តរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ក្នុងការផ្តាច់ខ្លួនពីលោក សម រង្ស៊ី ត្រូវគេមើលឃើញថាអ្នកនយោបាយជាន់ខ្ពស់ដែលមានទោសនៅជុំវិញលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាន់តែកាត់បន្ថយ ហើយអាចនិយាយបានថាជាជោគជ័យមួយជំហានទៀតនៃយុទ្ធសាស្ត្រដាក់ឲ្យលោក សម រង្ស៊ី នៅឯកោ និងដល់ទីបញ្ចប់(IF) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមរំលឹកថាលោក អ៊ូ ច័ន្ទឫទ្ធិ និងអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិដែលស្និទ្ធនឹងលោក សម រង្ស៊ី ដូចជា លោក ហូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ពីបទឧបឃាត ក្រោមឧបាយកលជាយុទ្ធសាស្ត្រនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

បទចោទនេះ ក៏បានផន្ទាទោសលោក សម រង្ស៊ី ចំនួន២៥ឆ្នាំ និងអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ២នាក់ទៀត គឺលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ម្នាក់ៗត្រូវជាប់ទោស២២ឆ្នាំព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។

សូមរំលឹកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈវេទិការសាធារណៈជាបន្តបន្ទាប់តែងធ្វើការអំពាវនាវឲ្យអ្នកនយោបាយដែលស្និទ្ធនឹងលោកសម រង្ស៊ី និងអ្នកនយោបាយនៅឯបរទេសចូលមកក្នុងប្រទេសវិញ ដោយលោកសន្យាថាមិនប្រកាន់ទោសពៃរ៍អ្វីទេ លើកលែងតែលោក សម រង្ស៊ី។ ក៏ប៉ុន្តែ លោកបណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវនយោបាយ និងសង្គម កាលពីពេលកន្លងទៅនេះ តែងលើកឡើងថានយោបាយ IF របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់ដល់ទីបញ្ចប់នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ