អានតួអត្ថបទ
កម្ពុជា-សង្គម

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនបានដឹងពីវត្តមានលោក សម រង្ស៊ី នៅក្នុងប្រទេស

ម៉ាឡេស៊ីថាមិនមានការជូនដំណឹងណាមួយទៅលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ទាក់ទងនឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ីទេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែឧសភា។ លោក ហ៊ុន សែន ធ្លាប់ព្រមានថា លោកនឹងផ្គុំ«BM21»បាញ់ប្រសិនលោក សម រង្ស៊ី ចូលកម្ពុជាវិញ។

លោក លោក សម រង្សី នៅក្នុងប្រទេសម៉ាឡេស៊ី។
លោក លោក សម រង្សី នៅក្នុងប្រទេសម៉ាឡេស៊ី។ © Internet
ផ្សាយពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)  មិនបានទទួលដំណឹងអំពីវត្តមានរបស់លោក លោក សម រង្សី នៅក្នុងប្រទេសនេះទេ។ នេះបើតាមក្រសួងការបរទេសម៉ាឡេស៊ី ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានដដែលក៏បញ្ជាក់ថា លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ហើយ ​កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ហើយអំឡុង​ពេល ​លោក សម រង្ស៊ី មានវត្តមាននៅម៉ាឡេស៊ី ក៏គ្មាន​កម្មវិធី​សាធារណៈ​ណា​មួយ​ត្រូវបាន​​ធ្វើឡើងដែរ។ ​

កាលពីថ្ងៃទី៣១ ខែឧសភា លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានបង្ហោះផ្សាយរូបភាព ដែលបង្ហាញពីវត្តមានរបស់លោកនៅសភាប្រទេសម៉ាឡេស៊ី និងដំណើរកម្សាន្ត ក្នុងទីក្រុងកូឡាឡាំពួរ និងពេលជួបពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅ ប្រទេសម៉ាឡេស៊ី។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា បានថ្លែងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យារហូត៤ដងថាមិនឲ្យមេដឹកនាំបក្សប្រឆាំកម្ពុជាចូលទឹកដីម៉ាឡេស៊ីនោះឡើយ។ បើតាមលោក ហ៊ុន សែន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនដឹងលោក សម រង្ស៊ីចូលប្រទេសខ្លួនជាមុននោះទេ ពីព្រោះតែប្រធានបក្សប្រឆាំងរូបនេះប្រើលិខិតឆ្លងដែនសញ្ជាតិបារាំងតាមក្រុមហ៊ុនឯកជន។ លោក ហ៊ុន សែន ព្រមានថា លោកនឹងផ្គុំ«BM21» បាញ់ប្រសិនលោក សម រង្ស៊ី ចូលកម្ពុជាវិញ។

ក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃ នៅប្រទេសអូស្ត្រាលី លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីជាទី ដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជា ដើម្បីរកច្រកចូលទៅកម្ពុជា។ លោក សម រង្ស៊ី ថ្លែងថាលោកធ្វើដំណើរជុំវិញកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលកម្ពុជាវិញនៅក្នុងពេលឆាប់ៗនេះ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមើលឃើញថា ទោះ លោក សម រង្ស៊ី មានវត្តមានរយៈពេលខ្លីនៅម៉ាឡេស៊ីក៏ដោយ ក៏មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីដែរ ពោលគឺទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ