អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនមិនព្រួយបារម្ភពីការចាប់ខ្លួនគម្រោងជួបជុំជាង១ម៉ឺននាក់ទាមទារចូលរួមការបោះឆ្នោតឡើយ

គណបក្សភ្លើងទៀន នឹងរៀបចំដាក់លិខិតទៅសាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ក្នុងគោលបំណងទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​។ ការប្រកាសស្នើសុំជួបជុំសម្ដែងមតិលើកនេះ គណបក្សភ្លើងទៀនមិនមានការព្រួយបារម្ភពីការព្រមានចាប់ខ្លួនឡើយ ដោយ​សារ​ខ្លួនធ្វើទៅតាមច្បាប់ និងដោយសន្តិវិធី។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រោយពីគណបក្សភ្លើងទៀនបានបើកកិច្ចប្រជុំគណៈកម្មាធិការនាយកកាលពីថ្ងៃទី២៨ ខែឧសភា គណបក្សបានសម្រេចធ្វើការជួបជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនប្រមាណជាង ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ នៅចុងសប្តាហ៍ក្រោយនេះ។ តែយ៉ាងណាការប្រមូលផ្ដុំជួបជុំតស៊ូមតិនេះ គណបក្សភ្លើងទៀននឹងធ្វើការដាក់លិខិតស្នើ​សុំសាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ ដើម្បីសុំការអនុញ្ញាតជាមុនសិន។

បើតាមលោក រ៉ុង ឈុន ការប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនេះ ក្នុងគោលបំណងទាមទារឲ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតតែប៉ុណ្ណោះ។ សម្រាប់ការជួបជុំនេះ អនុប្រធានគណបក្សភ្លើងទៀនមិនមានការព្រួយបារម្ភអំពីការព្រ​មានចាប់ខ្លួនថ្នាក់ដឹ​ក​​នាំឡើយ។ មិនមានការព្រួយបារម្ភ ដោយលោកអះអាងថា មុនធ្វើការជួបជុំសម្ដែងមតិ គណបក្សភ្លើងទៀន នឹងដាក់លិខិតស្នើសុំទៅសាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ការប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យរបស់គណបក្សភ្លើងទៀននៅពេលនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញ បានរក្សាការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដិសេធមិនទទួលយកការចុះបញ្ជីគណបក្សភ្លើងទៀន ដោយសារគណបក្សមួយនេះបាត់ប្រកាសលេខ១៩៣ ស្តីពី «ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ»

ជាការកត់សម្គាល់កន្លងមក គណបក្សភ្លើងទៀនធ្លាប់បានប្រកាសប្រមូលផ្ដុំទ្រង់ទ្រាយធំនៅទូទាំងប្រទេសម្ដងរួចមកហើយ ប៉ុន្តែការប្រកាសប្រមូលផ្ដុំនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានចាប់ខ្លួនថ្នាក់នាំ ប្រសិនបើហ៊ានចេញតវ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ