អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន មិនទទួលយក​ការ​សុំទោស​របស់​លោក ជា ប៉ូច

ប្រមុខគណបក្ស​កាន់អំណាច ប្រកាសថា មិនទទួលយក​នូវ​ការ​សុំ​ទោស ពីសំណាក់​លោក ជា ប៉ូច សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ភ្លើង​ទៀន នោះឡើយ។ តែលោក ហ៊ុន សែន បើក​ផ្លូវថា មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីលោក សម​ រង្ស៊ី នោះនឹងទទួលបាននូវការលើកលែងឬយោគយល់។ 

លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន ន
លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន ន © Internet
ផ្សាយពាណិជ្ជកម្ម

ការដែល​លោក ហ៊ុន សែន មិនទទួលយក​ការ​សុំទោសពីសំណាក់អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំងនោះ ដោយចាត់​ទុកថា លោក ជា ប៉ូច មនុស្សក្រឡិចក្រឡុចបំផុត។ នេះជាការ​គូសបញ្ជាក់​របស់ប្រមុខគណបក្ស​កាន់​អំណាច​នៅតាម​តេឡេក្រាម​កាលពីល្ងាចម្សិលមិញ។

បើតាម លោក ហ៊ុន សែន ទាំងរូបលោក និងកូនរបស់លោកក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម លោក ជា ប៉ូចរយៈពេលជាង៤ឆ្នាំមកហើយ តែទីបំផុតលោកបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)ពីសំណាក់លោក ជា ប៉ូចតាមការចង់បានរបស់លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន ហៅថា​ជនក្បត់ជាតិ៣ជំនាន់។

បើតាម​ប្រមុខ​រដ្ឋាភិបាល មនុស្សណាក៍ដោយឲ្យតែមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី គឺលោកមិនអាចទទួលបានការយោគយល់នោះឡើយ។ ប៉ុន្តែលោក​ ហ៊ុន សែន នៅតែ​បើក​ផ្លូវឲ្យមនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី នឹងទទួលបាននូវការលើកលែងឬយោគយល់។

សូមបញ្ជាក់ថា លោក ជា ប៉ូច ដែលចេញទៅថៃ និង​បន្ត​ដល់អូស្ត្រាលីនៅពេលនេះ ​ក្រោម​ហេតុ​ផល​ព្យាបាល​បេះដូង គឺនៅគ្រា​ដែល​ស្ថានការណ៍នយោបាយនៅកម្ពុជា​ឡើង​កម្តៅថ្មីៗនេះ។ លោកបាន​ធ្វើ​លិខិត​សុំទោស លោក ហ៊ុន សែន នៅថ្ងៃទី១៥​ឧសភា។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ភ្លើង​ទៀនរូបនេះ បានគូសបញ្ជាក់ថា អ្វី​ដែល​លោក បាន​លើកឡើង​នៅក្នុង​វេទិកាមួយ​នៅភ្នំពេញ​អំឡុង​ខែមីនា​២០២៣ ថា«​តស៊ូ ទម្លាក់ ហ៊ុន សែន» នោះ គឺ​មានន័យសំដៅតាមរយៈការ​បោះឆ្នោត​បែបប្រជាធិបតេយ្យ។

បើទោះជា​បដិសេធ​មិនទទួល​យក​ការ​សុំទោស ពីលោក ជា ប៉ូច ក៏ដោយ តែលោក ហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា២០២៣ ដោយមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។

គណបក្សភ្លើងទៀន​ដែល​បានគូសបញ្ជាក់ថា គណបក្សនេះ​មិន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​លិខិត ឬឯកសារ​ដែល​ចេញដោយ​​រូបវន្តបុគ្គលរួមទាំងលិខិត​ចុះ​ថ្ងៃទី១៤ឧសភា។ ​

លិខិតដាក់ថ្ងៃ១៤ឧសភាដែល មានឈ្មោះ ជា ប៉ូច តែគ្មានចុះហត្ថលេខា ត្រូវបាន​លោក ហ៊ុន សែន ចាត់ទុកថាលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាពFresh newsនិងរក្សាកិត្តិយសគេទាំង

បំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។

លោក ហ៊ុន សែន អះអាងថាលិខិតនេះត្រូវបានព្រាងឡើងដោយលោកសេង ម៉ាឌី ហើយសុំឲ្យលោកសេង ម៉ាឌី ធ្វើការពន្យល់ ដោយ​លោក​ព្រមានថា លោកត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងករណីជា ប៉ូចទាំងករណីលិខិតបដិសេធនេះ តែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ដើម្បី ជា ប៉ូចធ្វើការសម្រេចចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ