អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ថាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខគ្រាន់តែជារឿង«កំប្លែង»

លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ កាល​ពី​ពេល​ថ្មី​នេះ​ បាន​លើក​ឡើង​ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ ​នា​ខែ​កក្កដា​ខាង​មុខ​ គ្រាន់​តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ។​ ទស្សនៈ​ដែល​បញ្ចេញ​ដោយ​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ ​កើត​ឡើង​នា​អំឡុង​ពេល​ ក្រុម​លោក​ សម រង្ស៊ី​ បាន​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ដោយ​លើក​ពី​ប្រធានបទ​លទ្ធិ​ប្រជាធិបេយ្យ។​

លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោក សម រង្ស៊ី ដែលជាប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានផ្តល់បទសម្ភាសដល់បណ្តាសារព័ត៌មានអន្តរជាតិ ថា ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដួលរំលំ។ ដួលរំលំ ដែលអ្នកនយោបាយប្រឆាំងរូបនេះ សម្អាងហេតុផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ចូលរួមការប្រកួតប្រជែងដោយសារតែកង្វះឯកសារច្បាប់ដើម។

លោក សម រង្ស៊ី បានថ្លែប្រាប់សារព័ត៌មាន Reuters ថា​ អវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតខាងមុខ ដោយសារតែកង្វះឯកសារច្បាប់ដើម នឹងធ្វើឲ្យការបោះឆ្នោតនោះ ក្លាយជាការបោះឆ្នោតក្លែងក្លាយ និងបោកប្រាស់។ បើតាមលោក សម រង្ស៊ី វាជាគ្រាន់តែរឿងកំប្លែងប៉ុណ្ណោះ ប្រសិនបើនិយាយថាកម្ពុជាជាប្រទេសលទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងរបស់ប្រមុខមេដឹកនាំអតីតបក្សប្រឆាំងបែបនេះ គឺធ្វើឡើងនៅអំឡុងពេលដែលលោក សម រង្ស៊ី និងបណ្តាមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ បានទៅចូលរួមកិច្ចពិភាក្សាស្តីអំពីលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ឧសភា។

ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោក ម៉ែន សុថាវរិន្ទ្រ ដែលជាមន្ត្រីជិតស្និតនឹងលោក សម រង្ស៊ី បានអះអាងថា​ ការជជែកនៅក្នុងកិច្ចពិភាក្សានោះ គឺលោក សម រង្ស៊ី បានស្នើឲ្យឥណ្ឌូនេស៊ីជួយតាមដានពីការបោះឆ្នោតកម្ពុជាពេលខាងមុខ ហើយនឹងជំរុញឲ្យគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតនោះបាន។ តាមលោក ម៉ែន សុថាវរិន្ទ្រ ប្រសិនបើបក្សភ្លើងទៀនមិនអាចចូលរួមបាននោះទេ នោះមានន័យថា ការបោះឆ្នោតឆ្នាំ២០២៣នឹងដូចគ្នាទៅនឹងការបោះឆ្នោតឆ្នាំ២០១៨ ដែលពុំមានវត្តមានរបស់គណបក្សប្រឆាំង។

យ៉ាងណាមិញ ការលើកឡើងទាំងនេះ ត្រូវបានគណបក្សកាន់អំណាចចាត់ទុកថា ជារឿងដដែលៗរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកទស្សនរបស់លោក សម រង្ស៊ី និងបណ្តាមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ រស់នៅក្រៅប្រទេស ថាគ្មានអ្វីថ្មី និងជារឿងឥតប្រយោជន៍។ ជារឿងឥតប្រយោជន៍ ដែលអ្នកនាំពាក្យគណបក្សអំណាច បន្ថែមថា វោហាសាស្ត្រនយោបាយទាំងនោះ គឺជាវោហាសាស្ត្រទុច្ចរិត ដែលចង់បំផ្លាញប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះ។

ហើយចំពោះការលើកឡើងថា ការបោះឆ្នោតខាងមុខគ្រាន់តែជារឿងកំប្លែង លោក សុខ ឥសាន ថា អវត្តមានរបស់គណបក្សភ្លើងទៀននៅចំពោះមុខនៃការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ក៏នៅមានគណបក្សផ្សេងៗទៀតបានចូលរួមដែរ។ ការណ៍នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនបានបាត់បង់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ