អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

WBថា សេដ្ឋកិច្ចកម្ពុជាស្ថិតលើផ្លូវរឹងមាំ ដើម្បីសម្រេចបានកំណើនជិត៦%ក្នុងឆ្នាំ២០២៣

ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​រឹងមាំ​មួយ​ដើម្បី​បោះជំហាន​ទៅ​មុខ​បន្ត​ទៀត​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩​បាន​ធូរ​ស្បើយ ​ខណៈ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​នេះ ​អាច​កើន​ក្នុង​អត្រា​៥.៥%​។​ បើ​តាម​ធនាគារ​ពិភពលោក​ ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ​ បាន​ជួួយ​ជ្រុមជ្រែង​យ៉ាង​ខ្លាំង​ដោយ​វិស័យ​កសិកម្ម​ ការ​នាំ​ចេញ​សំលៀក​បំពាក់​វាយនភ័ណ្ឌ​ និង​ការ​កើន​ឡើង​នៃ​វិស័យ​សេវា​កម្ម​ជា​ដើម។​

កំពង់ផែ
កំពង់ផែ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈរបាយការណ៍របស់ធនាគារពិភពលោក ឬហៅថា World Bank គឺថាស្ថានភាព និងទំនោរសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តបោះជំហានទៅមុខជាមួយនឹងភាពរឹងមាំនៃវិស័យសំខាន់ៗមួយចំនួន។ ធនាគារពិភពលោកសង្កេតឃើញថា វិស័យកសិកម្ម គឺជាវិស័យចម្បងមួយក្នុងការជួួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកើនបាន៥.៥% ខណៈសព្វថ្ងៃ កម្ពុជាមានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសទីផ្សារធំៗ ហើយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទំនិញកសិផលទៅលក់នៅលើទីផ្សារអន្តរជាតិបានច្រើនជាងមុន។

តែយ៉ាងណា ធនាគារពិភពលោកព្រួយបារម្ភបន្តិចដែរ ក្រោយតម្រូវការពីទីផ្សារខាងក្រៅបន្តថយចុះ ដែលអាចប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក និងស្របពេលដែលប្រទេសសេដ្ឋកិច្ចធំៗ ដូចជាអាមេរិក និងចិនក្តី កំពុងរឹតបន្តឹងរូបិយប័ណ្ណរបស់ខ្លួនជាដើម។

ទោះយ៉ាងនេះក្តី ធនាគារពិភពលោកនៅតែរំពឹងថា សេដ្ឋកិច្ចកម្ពុជាបន្តស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរជាងមុន ដោយសារតែ វត្តមានអ្នកវិនិយោគ ការធ្វើពាណិជ្ជកម្ម ការវិលមកវិញនៃវិស័យទេសចរណ៍ និងភាពរឹងមាំនៃផ្នែកសេវាកម្ម បានវិលត្រឡប់មកដូចសភាពដើមមុនពេលដែលកម្ពុជាមិនទាន់ពេលវិបត្តិជំងឺកូវីដ១៩។ ហើយ ស្របពេលដែលកម្ពុជាក្នុងឆ្នាំនេះ បានរៀបចំព្រឹត្តិការណ៍ធំៗដូចជា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

យោងតាមរបាយការណ៍ស្តីអំពីការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩របស់ធនាគារពិភពលោក កម្ពុជាអាចជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យកើនឡើង៦%ថែមទៀតក្នុងឆ្នាំនេះ ប្រសិនបើកម្ពុជានៅរក្សាបានការនាំចេញផលិតផលទំនិញ និងសេវាកម្មទៅកាន់ទីផ្សារអន្តរជាតិល្អប្រសើរ។ ហើយបើលំហូរការវិនិយោគពីបរទេសកើនឡើង ពិសេសការចាប់ដៃអភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែសមុទ្រ និងផ្លូវថ្នល់ជាដើម។   

ក្រៅពីអ្វីដែលរបាយការណ៍បានលើកឡើង នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី ម៉ាយុំា សាលីម (Maryam Salim) បានអះអាងថា កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងទិសដៅរបស់ខ្លួន ព្រមទាំងកែលម្អការប្រកួតប្រជែងពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈការជំរុញការតភ្ជាប់ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការសម្រួលនីតិវិធីគយ ទើបអាចធានាបាននូវភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន៕

សូមរំឭកថា សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២២បានសម្រេចក្នុងកំណើន៥.២% ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ ការប្រើប្រាស់ក្នុងស្រុក តាមរយៈការលក់ដុំ និងរាយ និងឧស្សាហកម្មកម្មន្តសាល និងកំណើននាំចេញនៃវិស័យសំលៀកបំពាក់វាយនភណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ