អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ថេង​ សាវឿន និងក្រុមការងារត្រូវបានឃាត់ខ្លួនក្រោយធ្វើសកម្មភាពការងារគួរឲ្យសង្ស័យ

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រួមទាំងក្រុមការងារសមាគមចំនួន ១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តក្រចេះឃាត់ខ្លួន តាមការស្នើឲ្យឃាត់ខ្លួនពីខាងស្នងការនគរ​បាលខេត្តរតនៈគីរី។ យ៉ាងណាមិញការឃាត់ខ្លួននេះ ត្រូវបានអភិបាលខេត្តរតនៈគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា ដោយសារតែក្រុមលោក ថេង សាវឿន ចុះធ្វើសកម្មភាពការងារមានភាពមិនប្រក្រតីដែលគួរឲ្យសង្ស័យនៅខេត្តរតនៈគិរី។ 

លោក ថេង សាវឿន និងក្រុមការងារត្រូវបានឃាត់ខ្លួនក្រោយធ្វើសកម្មភាពការងារគួរឲ្យសង្ស័យ (រូបតំណាង)
លោក ថេង សាវឿន និងក្រុមការងារត្រូវបានឃាត់ខ្លួនក្រោយធ្វើសកម្មភាពការងារគួរឲ្យសង្ស័យ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៨ឧសភានេះ លោក ញ៉ែម សំអឿន ដែលជាអភិបាលខេត្តរតនៈគិរី បានឲ្យដឹងថា ការដែលស្នងការខេត្តរតនៈគិរីស្នើឲ្យសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន លោក ថេង សាវឿន និងក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយសារតែពួកគេបានធ្វើសកម្មភាពការងារនៅខេត្តរតនៈគិរី ហាកប្រាស់ចាកពីច្បាប់ដែលគួរឲ្យសង្ស័យ។ ប៉ុន្តែយ៉ាងណាអភិបាលខេត្តរូបនេះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់អំពីកំហុសដែលនាំឲ្យមានការចាប់ខ្លួនពួកគេនោះឡើយ ដោយគ្រាន់តែនិយាយថា ករណីនេះបាននិងកំពុងធ្វើការស្រាវ និងតាមដាននៅឡើយ។

បើតាមលោក ញ៉ែម សំអឿន សមត្ថកិច្ចខេត្តក្រចេះនឹងបញ្ជូនលោក ថេង សាវឿន និងក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាទៅខេត្តរតនៈគិរី ដើម្បីធ្វើការស្រាវជ្រាវ និងតាមដានរឿងនេះ ប៉ុន្តែការចោទប្រកាន់យ៉ាងណានោះ លោកនៅមិនទាន់ដឹងនោះទេ។ មិនទាន់ដឹង ដោយសារលោកថាបញ្ហានេះ តុលាការជាអ្នកសម្រេច។

ទាក់ទងទៅនឹងការឃាត់ខ្លួនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រួមទាំងក្រុមការងារសមាគមចំនួន ១៦រូបទៀត បើតាមសមាគមអាដហុក ដែលធ្វើការតាមដានរឿងនេះ ថាការចាប់ខ្លួននេះ បន្ទាប់ពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំវគ្គឆ្លុះបញ្ចាំងកសាងសមត្ថភាពក្រុមការងារ កាលពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ដែលស្ថិតនៅខេត្តរតនៈគីរី។ ​ការឃាត់ខ្លួននេះ ដើម្បីសាកសួរព័ត៌មាន ពីបញ្ជីការ និងឯកសារពាក់ព័ន្ធនានា។ 

បើតាមលោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក ករណីការចាប់ខ្លួនអ្នកខាងលើនេះ ខាងសមាគមអាដហុក និងអង្គការដៃគូដទៃទៀត បាននិងកំពុងតែតាមដាន និងឃ្លាំមើលផងដែរ ខណៈការចោទប្រកាន់អំពីការចាប់ខ្លួន ភាគីសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយ គិតមកទល់នឹងពេលនេះ។

សូមបញ្ជាក់ថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមទាំងក្រុមការងារសមាគមចំនួន ១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តក្រចេះឃាត់ខ្លួន តាមការស្នើឲ្យឃាត់ខ្លួនពីខាងស្នងការនគរបាលខេត្តរតនៈគីរី កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា បន្ទាប់ពីពួកគេវិលត្រឡប់ពីខេត្តរតនៈគិរីមកដល់ខេត្តក្រចេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ