អានតួអត្ថបទ
កម្ពុជា-កីឡា

កម្ពុជារបូតពីកំពូលតារាង តែបានបំបែកឯកគ្គទកម្ម និងនៅសង្ឃឹមថាមានកំណើនមេដាយបន្ថែម

ការប្រមូលមេដាយរបស់កម្ពុជាហាក់ដូចជាមានការស្រុតចុះបន្តិចចាប់តាំងពីថ្ងៃទី០៩ ខែឧសភាម្សិលមិញ បន្ទាប់ពីនាំមុខគេលើកំពូលតារាងអស់រយៈពេលជាង១សប្តាហ៍នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឬស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមរយៈលទ្ធផលបណ្តោះអាសន្ន កម្ពុជាបានរអិលមកចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រជាជាតិអាស៊ានទាំង១១ ដោយគិតមកត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាទទួលបានមេដាយសរុប១២៣ តែចាញ់មេដាយមាសថៃ២ ធ្វើឲ្យថៃឈរកំពូលតារាង តាមពីក្រោយដោយលេខ២​ វៀតណាម។ 

កម្ពុជារបូតពីកំពូលតារាង តែបានបំបែកឯកគ្គទកម្ម និងនៅសង្ឃឹមថាមានកំណើនមេដាយបន្ថែម។ (រូបតំណាង)
កម្ពុជារបូតពីកំពូលតារាង តែបានបំបែកឯកគ្គទកម្ម និងនៅសង្ឃឹមថាមានកំណើនមេដាយបន្ថែម។ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ការដែលកម្ពុជាបានរអិលមកលេខ៣បណ្តោះអាសន្នជាលើកដំបូង ចាប់តាំងពីបើកការប្រកួតស៊ីហ្គេមលើកទី៣២ កាលពីចុងសប្តាហ៍មុន ក៏ដោយសារតែចំនួនមេដាយមាសកម្ពុជាបានចាញ់ថៃ២គ្រឿង ពោលគឺកម្ពុជាទទួលបានមេដាយមាស៣៩ ប្រាក់៣៩ និងសំរឹទ្ធ ៤៥។ រីឯថៃដែលគ្រងកំពូលតារាងនោះ មកដល់ពេលនេះបានឈ្នះមេដាយសរុបចំនួន១២១ ក្នុងនោះមាស៤១ ប្រាក់៣០ និងសំរឹទ្ធ៥០។ ដោយឡែកវៀតណាមដែលឈរនៅចំណាត់ថ្នាក់ទី២ ក៏ព្រោះតែវៀតណាមឈ្នះមេដាយមាស៤០ និងប្រាក់ស្មើកម្ពុជាដែរ ហើយមេដាយសំរឹទ្ធវៀតណាមច្រើនជាងកម្ពុជាគឺ ៥២មេដាយ។ នេះបើគិតមកត្រឹមម៉ោង១រសៀលថ្ងៃពុធនេះ។

ក្រៅពីនេះ កម្ពុជាបានឈរនៅពីលើប្រទេសអាស៊ានខ្លាំងៗមួយចំនួនទៀត ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ដែលប្រទេសបងធំអាស៊ានទាំងអស់នេះមានគម្លាតមេដាយមាសពីកម្ពុជាច្រើននៅឡើយ។

ជាការកត់សម្គាល់ ការដែលកម្ពុជាទទួលបានមេដាយច្រើនមិនធ្លាប់មានជាពិសេសមេដាយមាស គឺភាគច្រើនរកបានតាមរយៈប្រភេទកីឡាប្រពៃណីដូចជាគុនខ្មែរ ល្បុក្កតោ អុកចត្រង្គ រួមនឹងកីឡាសក្តានុពលតំបន់មួយចំនួនទៀត។ ក៏ប៉ុន្តែកម្ពុជានៅតែមានភាពតឹងតែងនៅឡើយក្នុងការឈ្នះមេដាយពីប្រភេទកីឡាសកល និងអូឡាំពិក។

ទោះយ៉ាងនេះក្តី ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាមានសិទ្ធិដូចប្រទេសអាស៊ានដទៃទៀតដែរ ក្នុងការរៀបចំប្រភេទកីឡា និងវិញ្ញាសារកីឡា ដែលអំណោយផលដល់ការឈ្នះមេដាយសម្រាប់ម្ចាស់ផ្ទះ និងជាកិត្តិយសសម្រាប់ជាតិខ្មែរផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានវាយតម្លៃថា កម្ពុជាបានបំបែកឯកគ្គទកម្មចាស់ចំនួនមេដាយខ្លួនឯងរួចទៅហើយ។ ទោះយ៉ាងណា ក្តីសង្ឃឹមពីកំណើនមេដាយរបស់កម្ពុជានៅតែមានបន្ថែមទៀត ដោយសារប្រភេទកីឡាសក្តានុពលជាច្រើនទៀតនៅមានការប្រកួតមិនទាន់ចប់ ដូចជាប៉េតង់ តៃក្វាន់ដូ ចំបាប់ជាដើម។

គេអាចនិយាយបានថាជាប្រវត្តិសាស្ត្ររយៈពេលជាង៦០ឆ្នាំ ដែលកម្ពុជាអាចឈ្នះបានមេដាយស៊ីហ្គេមដ៏ច្រើនសន្ធឹកសន្ធាប់រហូតជាង១០០ ក្នុងនោះមេដាយមាស ដែលកម្ពុជាតែងរកបានដោយលំបាកក៏មានការប្រែប្រួលជាវិជ្ជមានដ៏ធំធេងដែរ។

សូមរំលឹកថាប្រវត្តិនៃការប្រកួតកីឡាស៊ីហ្គេមជាច្រើនទសវត្សរ៍កន្លងទៅនេះ កម្ពុជាមិនដែលឈ្នះមេដាយច្រើន ហើយឈរនៅក្នុងចំណោមប្រទេសកំពូលតារាង ឬក៏ពាក់កណ្តាលតារាងមេដាយឡើយ។ កម្ពុជាតែងឈរនៅលំដាប់ទី៨ ឬទី៩ ក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១។ ក៏ប៉ុន្តែការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ លទ្ធផលត្រូវគេមើលឃើញថាអាចនឹងប្រែប្រួលខណៈការប្រកួតនៅសល់១សប្តាហ៍ទៀត ហើយវិញ្ញាសារកីឡាក៏នៅសល់ច្រើនគួរសមដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ