អានតួអត្ថបទ
កម្ពុជា-កីឡា

ព្រឹត្តិការណ៍ស៊ីហ្គេម៖ លោក សៅ សុខា ប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់ជាផ្លូវការ

លោក សៅ សុខា បានប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ភ្លាមៗ បន្ទាប់ពី​ក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរសអាយុក្រោម២២ឆ្នាំ ប្រកួតចាញ់មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ ក្នុង​​វគ្គសន្សំពិន្ទុពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម Sea Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​។ ការប្រកាសលាលែងពីតំណែងនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាស្មារតីទទួលខុសត្រូវក្នុងនាមជាថ្នាក់ដឹកនាំមួយរូបក្នុងវិស័យកីឡានៅកម្ពុជាផងដែរ។

ក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរស
ក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរស © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយដឹកនាំសហព័ន្ធបាល់ទាត់កម្ពុជាអស់រយះពេលជាច្រើនឆ្នាំ លោក សៅ សុខា តាមរយះបណ្ដាញសង្គមហ្វេសប៊ុក បានប្រកា​ស​លាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅល្ងាចថ្ងៃ០៧ ខែឧសភា។ ការប្រកាសលាលែងនេះ ធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរសអាយុក្រោម២២ឆ្នាំ ប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ នាជំនួបជម្រុះក្នុងពូល A ក្នុងព្រឹត្តិ​ការ​ណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកាសលាលែងពីតំណែងនេះផងដែរ ត្រូវបានគេមើលឃើញថា បន្ទាប់ពីអតីតប្រធានសហព័ន្ធបាល់ទាត់កម្ពុជារូបនេះ កាលពីថ្ងៃទី​២ ឧសភា ​បានប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធ​បាល់ទាត់ ប្រ​សិនបើ​ក្រុមកីឡាករបាល់ទាត់​​ជម្រើសជាតិ​អាយុក្រោម​២២ឆ្នាំកម្ពុជា មិនអាច​ឡើងទៅកា​ន់​វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្ន​ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទេនោះ។ លោក សៅ សុខា ធ្លាប់បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ សហព័ន្ធ​បាល់ទាត់កម្ពុជា បាន​ប្រឹងប្រែង​ចម្រាញ់កីឡាករ​តំណាងកម្ពុជា​​ ដោយ​បានបង្កើតសាលាបាល់ទាត់ជាតិបាទី សម្រាប់​​​ហ្វឹកហ្វឺនកីឡាករ ដើម្បីលើកកម្ពស់​កិត្តិយសកម្ពុជា តាមរយៈវិស័យកីឡាបាល់ទាត់។​

គួរជម្រាបថា លោក សៅ សុខា ជាមន្ត្រីកីឡាកម្ពុជាទី១ ដែលបានប្រកាសលាលែងពីតំណែង ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់កម្ពុជា​។ បើតាមលោក សៅ សុខា ការ​ចុះចេញ​ពីតំណែងរបស់លោក គឺ​ជាការបង្ហាញពីការទទួលខុសត្រូវ អំពីការអ​សមត្ថភាពក្នុងការដឹកនាំវិស័យកីឡាឱ្យទទួលបានជោគ​ជ័យ​​សម្រាប់ជាតិខ្មែរ។

ការលាលែងពីតំណែងរបស់លោក សៅ សុខា នៅពេលនេះ មានមតិខ្លះលើកឡើងថា «ដូចបំបាក់ស្មារ​តី​កីឡាករទំាងមូល»។ មតិទាំងនេះលើកឡើងទៀតថា «នេះជាការសម្រេចដោយការទទួលខុសត្រូវ ប៉ុន្តែបើទោះបីជាចង់ចាកចេញក៏គួរតែចាកចេញបន្ទាប់ពីចប់ព្រិត្តិការណ៍ ឬក្រុមបានធ្លាក់ទៅហើយ ប៉ុន្តែស្ថានភាពនេះ ក្រុមជម្រើសជាតិកម្ពុជានៅមិនទាន់ចាញ់នោះទេ វគ្គក្រោយប្រសិនបើកម្ពុជាឈ្នះ គឺកម្ពុជានឹងបានឡើងទៅវគ្គ៤ក្រុមចុងក្រោយជាដើម»។

គួរឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរសអាយុក្រោម២២ឆ្នាំ ស្ថិតក្នុងពូល A ជាមួយឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ក្នុងប្រកួតបើកឆាកពូល A វគ្គសន្សំពិន្ទុ ក្រុមជម្រើសជាតិកម្ពុជាផ្នែកបុរសអាយុក្រោម២២ឆ្នាំ បានយកឈ្នះទីម័រខាងកើត ៤-០ និងស្មើជាមួយហ្វីលីពីន ១-១ និងចាញ់មីយ៉ាន់ម៉ា ២-០ ខណៈប្រកួតបន្ទាប់កម្ពុជាត្រូវប៉ះឥណ្ឌូនេស៊ី ដើម្បីកាត់សេចក្ដីថាកម្ពុជាអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ន ឬក៏ធ្លាក់ត្រឹមវគ្គចែកពូល។ កម្ពុជានៅមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្នបាន ប្រសិនបើប្រកួតក្រោយអាច​យក​ឈ្នះ​ឥណ្ឌូនេស៊ី ហើយមីយ៉ាន់ម៉ាប្រកួតចាញ់ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ