អានតួអត្ថបទ
កម្ពុជា-នយោបាយ

និន្នាការចូលបក្សកាន់អំណាច៖ សកម្មជនមួយចំនួនចេញមុខអះអាងពីជំហររបស់ខ្លួន

សកម្មជនសង្គម និងបរិស្ថានមួយចំនួន បានចេញមុខមកអះអាងពីជំហររបស់ខ្លួន ដោយមិនចង់ពាក់ព័ន្ធជាមួយសកម្មភាពនៃបណ្តាសមាជិកមួយចំនួន ដែលមាននិន្នាការចូលទៅបក្សកាន់អំណាច។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីសកម្មជនសង្គម និងបរិស្ថាន មួយចំនួនធំ បានចូលជួបជាមួយប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ 

សកម្មជនសង្គម និងបរិស្ថាន
សកម្មជនសង្គម និងបរិស្ថាន © Internet
ផ្សាយពាណិជ្ជកម្ម

លោក ថា​ ឡាវី សកម្មជនសង្គមមួយរូប បានចេញមកអះអាងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនពុំដែលមានលំងាកការគិតចេញពីភាពជាកណ្ដាលនោះទេ ពោលគឺមិនលំអៀងទៅខាងណាមួយ តែផ្ដោតទៅលើការតិះទៀនដើម្បីស្ថាបនា ។ តាមសំណេររបស់លោក ថា ឡាវី ប្រសិនបើមានចំណុចណាល្អនោះ សកម្មជនសង្គមរូបនេះនឹងសសើរថាល្អ តែបើមានចំណុចណាខ្វះខាត គឺរូបគេគ្រាន់តែសុំឲ្យមានការកែតម្រូវ តែប៉ុណ្ណោះ។ ក្រៅពីនោះរឿងទាក់ទង និន្នាការនយោបាយ ឬពាក្យថាបម្រើប្រយោជន៍ជនបរទេសណាមួយ សកម្មជនសង្គមរូបនេះបដិសេដថា ខ្លួនមិនដែរធ្លាប់ឡើយ។

បើតាមលោក ថា ឡាវី ដែលធ្លាប់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន អំឡុងពេលដែលលោកមកចូលរួមការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ គឺលោកនៅតែជារូបលោក និងពេញចិត្តនឹងអ្វីដែលលោកកំពុងធ្វើ បើទោះបីជាសកម្មជនសង្គម និងបរិស្ថានមួយចំនួន បានប្រកាសពីការបោះបង់សកម្មភាព និងចុះចូលជាមួយបក្សកាន់អំណាចក្តី។

គួរកត់សម្គាល់ថា សំណេររបស់សកម្មជនសង្គម ថា ឡាវី ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្តាញតេលេក្រាម នៅយប់ថ្ងៃព្រហស្បតិ៍ បានបង្ហោះរូបថតជាមួយសកម្មជនខ្មែរថាវរៈមួយចំនួន ដែលក្នុងនោះ រួមមាន ទាំងលោកស្រី ឈួន ដារ៉ាវី និងប្តីរបស់ខ្លួន។ ក្រោយការបង្ហោះនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមសារជាសំឡេងជាង៤នាទីទៀត ដោយបានស្វាគមន៍ពីការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន គូសបញ្ជាក់ថា សកម្មជនទាំងអស់នោះ នឹងក្លាយជាធនធានរបស់គណបក្សប្រជាជនកម្ពុជា ដ្បិតថា ពួកគេធ្លាប់បម្រើនិងយល់ពីនយោបាយរបស់រដ្ឋបរទេស ដែលចង់ផ្តួលរលំរដ្ឋាភិបាល។

តាមលោក ហ៊ុន សែន ក្រុមសកម្មជនទាំងនោះ គឺជាសាក្សីរស់ ដែលមិនមែនជាការមួលបង្កាច់ដោយរដ្ឋាភិបាល ឬគណបក្សកាន់អំណាចឡើយ។

ដោយឡែកសម្រាប់លោកស្រី ឈឿន ដារ៉ាវី ដែលធ្លាប់ជាសកម្មជនខ្មែរថាវរៈ និងត្រូវបានបង្ហោះរូបថតជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃសុក្រថា ប្រជាពលរដ្ឋមួយចំនួនមិនដែលបានជួយខ្លួនអ្វីទាល់តែសោះ នាអំឡុងពេលដែលខ្លួនធ្លាប់ធ្វើជាសកម្មជនដែលទាមទារសិទ្ធិសេរីភាពនានា ជាពិសេសក្នុងយុទ្ធនាការទាមទារឲ្យដោះលែងកញ្ញា សេង ធារី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ