អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ហាមពលរដ្ឋកុំឲ្យយកករណី ប៊ួ ខាវ បញ្ឆេះជាឈ្នាន់នយោបាយក្នុងព្រឹត្តិការណ៍ស៊ីហេ្គម

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ ​បាន​ចេញ​សារ​ជា​សាធារណៈ ​ដោយ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឆេះ​ករណី​កីឡាករ​ប្រដាល់​ថៃ​ ប៊ួ ខាវ​ ទៅ​ជា​កំហឹង​បែប​នយោបាយ​ នា​ពេល​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហេ្គម​នៅ​សប្តាហ៍​ក្រោយ។​ ការ​ហាម​ប្រាម​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាធារណជន​រិះគន់​កីឡាករ​ប្រដាល់​ថៃ​ ដែល​បាន​បរិយាយ​បញ្ចើច​បញ្ចើ​ជុំវិញ​កីឡា ​«គុនខ្មែរ»​ និង ​«MuayThai»។ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

នៅមិនទាន់ចប់នោះទេ ករណីកីឡាករប្រដាល់ថៃ ប៊ួ ខាវ ត្រូវបានលើកយកជជែកជាថ្មីពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ក្រុមអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក បានប្រើប្រាស់ពាក្យធ្ងន់ៗរិះគន់ ប៊ួ ខាវ បន្ទាប់ពីទទួលបានដំណឹងថាកីឡាករប្រដាល់ថៃដ៏ល្បីឈ្មោះរូបនេះ មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។

ក៏ប៉ុន្តែបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារតាមបណ្តាញតេលេក្រាមរបស់ខ្លួនភ្លាមៗ ដោយហាមមិនឲ្យពលរដ្ឋប្រើប្រាស់ភាសាប្រមាថចំពោះភ្ញៀវដែលមកប្រទេសកម្ពុជាឡើយ។ បើតាមលោកនាយករដ្ឋមន្ត្រី ករណីកីឡាករ ប៊ួ ខាវ បើទោះបីជាមកឬមិនមក ក៏ប្រជាពលរដ្ឋខ្មែរមិនត្រូវបង្កើតការរើសអើង ឬស្អប់ខ្ពើមចំពោះ ប៊ួ ខាវ ទោះជាកីឡាករប្រដាល់ថៃរូបនេះ ធ្លាប់បានរិះគន់ពីប្រដាល់គុនខ្មែរ និងធ្វើអ្វីមិនសមរម្យលើខ្មែរក៏ដោយ។

ការណ៍ដែលប្រមុខរដ្ឋាភិបាល ចេញសារហាមប្រាមពលរដ្ឋមិនឲ្យប្រមាថលើកីឡាករ ប៊ួ ខាវ យ៉ាងដូច្នេះ គឺដោយដ្បិតថា លោក ហ៊ុន សែន បារម្ភពីការបញ្ឆេះកំហឹងបុគ្គលទៅជារឿងនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ តាមលោក ហ៊ុន សែន កីឡាករ ប៊ួ ខាវ តំណាងឲ្យប្រជាជនថៃចំនួន៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។

សម្រាប់លោក ហ៊ុន សែន អ្វីដែលពលរដ្ឋខ្មែរគួរប្រកាន់ខ្ជាប់ គឺការរក្សាបានភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងយកឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលបានមកចូលរួមប្រកួតប្រជែង។

គួរជម្រាបថា វិវាទមតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះកីឡាករប្រដាល់ថៃ ប៊ួ ខាវ កើតមានឡើងបន្ទាប់ពីកីឡាករប្រដាល់ល្បីឈ្មោះរូបនេះ បាននិយាយរិះគន់ប្រដាល់«គុនខ្មែរ» ថាស្ថិតត្រឹមកម្រិតអាស៊ានប៉ុណ្ណោះ មិនអាចប្រៀបជាមួយ «MauyThai» ដែលស្ថិតក្នុងកម្រិតអូឡាំពិកឡើយ។ ការរិះគន់របស់ ប៊ួ ខាវ គឺក្រោយពេលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានសម្រេចដាក់បញ្ចូលកីឡា «គុនខ្មែរ» ជាវិញ្ញាសារប្រកួតប្រជែងមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ខណៈដែលភាគីថៃក៏សម្រេចពហិកាមិនចូលរួមក្នុងប្រភេទវិញ្ញាសារមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅមុននៃព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់ ភាគីថៃ តាមរយៈលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានប្រាប់ដល់កីឡាកររបស់ខ្លួន ដោយមិនឲ្យយកការប្រកួតស៊ីហ្គេមទៅលូកលាន់ជាមួយបញ្ហានយោបាយជាដាច់ខាត។ លោកប្រាយុទ្ធ បារម្ភថាការលូកលាន់នឹងបញ្ហានយោបាយក្នុងព្រឹត្តិការណ៍កីឡា នឹងធ្វើឲ្យការប្រកួតស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះ មានភាពវឹកវរ និងអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសនឹងប្រទេស។

ហើយសម្រាប់មេដឹកនាំថៃរូបនេះ គឺកីឡាករថៃត្រូវរក្សាទំនាក់ទំនងឲ្យល្អជាមួយកម្ពុជា ដោយត្រូវមានភាពអត់ធ្មត់ ដ្បិតកម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ