អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

បញ្ហា​ព្រំដែន៖​ កម្ពុជា​និង​ឡាវ​ព្រម​ព្រៀង​គ្នា​បោះបង្គោល​បន្ថែម​ចំនួន​ ៣៨៧​បង្គោល​ទៀត

កម្ពុជានិងឡាវ​បាន​ព្រម​ព្រៀង​គ្នារៀប​ចំ​បង្គោល​ព្រំដែន​ ដោយ​រួមគ្នា​បោះបង្គោល​បន្ថែម​ចំនួន​ ៣៨៧បង្គោល​ទៀត។​ ការ​ព្រម​ព្រៀងគ្នានេះ​ធ្វើឡើង ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឡាវ​ និង​ លោក វ៉ា គឹមហុង​ ប្រធាន​គណៈកម្មាការ​ចម្រុះ​កិច្ចការ​ព្រំដែន​ឡាវ-កម្ពុជា​ នៅខេត្ត​ព្រះសីហនុ​ កាល​ពីថ្ងៃទី២១មេសា។​ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ឡាវ​ ចុះផ្សាយ​នៅក្នុង​កាសែត​ក្នុង​ស្រុកឡាវ​ វៀងចន្ទ​ ថាម​ កាលពីថ្ងៃចន្ទ។

ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ជាមួយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវ។
ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ជាមួយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវ។ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ជាមួយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវ ភាគីទាំងពីរបានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនចំនួន ៣៨៧ទៀតនេះ នឹងត្រូវតម្លើងនៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន។ បើតាមក្រសួងការបរទេសឡាវ កម្ពុជានិងឡាវនឹង​រៀបចំធ្វើការងាររួមគ្នានៅតាមទីតាំងព្រំដែន ដែលចាប់ផ្តើមការងារនៅដើមខែឧសភាខាងមុខនេះ ​ហើយបញ្ចប់ការបោះបង្គោលក្នុងរយៈពេល២ឆ្នាំ។

ក្នុងជំនួបនោះ ភាគីឡាវក៏បានលើកឡើងថា ភាគីកម្ពុជានិងឡាវ បានពិភាក្សាគ្នាដែរ អំពីចំនុចខ្វែងគំនិតគ្នាជុំវិញខ្សែបន្ទាត់ព្រំដែនសេសសល់១៤ភាគរយ ខណៈ៨៦%ទៀត កម្ពុជាបានទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួមជាមួយឡាវ កាលពីថ្ងៃទី១៧មីនាកន្លងទៅ។ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពគ្នា ដើម្បីធ្វើការរួមគ្នាអនុវត្តសន្ធិសញ្ញាព្រំដែន រវាងឡាវនិងកម្ពុជា ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។

ចំនុចខ្វែងគំនិតគ្នាជុំវិញខ្សែបន្ទាត់ព្រំដែនសេសសល់១៤ភាគរយនេះ បើតាមលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ភាគីកម្ពុជា-ឡាវ នឹងបន្តដោះស្រាយគ្នាប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះព្រំដែនដែលនៅសេសសល់១៤%នេះ។

ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជានិងឡាវនេះ កន្លងទៅលោកបណ្ឌិត មាស នី អ្នកតាមដានសង្គម និងជាអ្នកស្រាវជ្រាវឲ្យដឹងថា កិច្ចការងារព្រំដែនជាតួនាទីរបស់រដ្ឋាភិបាលពង្រឹងសមត្ថភាពក្នុងការពារព្រំដែននៅគ្រាប្រទេសមានសុខសន្តិភាព។ ប៉ុន្តែជារឿងគួរឲ្យសោកស្ដាយដែលកិច្ចការងារព្រំដែន និងជាពិ​សេ​សការទទួលយកយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម៨៦ភាគរយជាមួយឡាវ គឺធ្វើឡើងក្នុងរូបភាពមិនចុះសម្រុង​គ្នារវាងខ្មែរនិងខ្មែរ។ បើខ្មែរនិងខ្មែរមានភាពមិនចុះសម្រុងគ្នាលើកិច្ចការងារព្រំដែន វាអាចនាំឲ្យមានការតវ៉ាឬសើរើឡើងវិញ ក្នុងករណីព្រំដែនដែលបានកំណត់នោះមានការលើសសល់ ឬខ្វះខាតដោយកន្លែងណាមួយ។

គួររំលឹកថា កាលពី​ឆ្នាំ​២០១៩ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-ឡាវ​ បាន​សរសេរ​លិខិត​រួមគ្នាមួយ​ទៅកាន់​ប្រធា​នាធិបតី​បារាំង ដោយ​មាន​គោលដៅ​ពីរ​សំខាន់គឺ​ទី​១ ​ស្នើ​សុំ​បារាំង​បញ្ជូន​អ្នក​ជំនាញ​ខាង​គូស​ចម្លង​ផែនទី​មក​ជួយ​គូស​ចម្លង​ផែនទី ​នៅ​តំបន់​ដែល​នៅ​សេសស់​មិនទាន់​ត្រូវគ្នា​ចំនួន​១៤​%​ ​និង​ចំណុច​ទី​២​ ​ភាគី​ទាំងពីរ​ស្នើសុំ​ផែនទី​ពី​បារាំង​។ សំណើរនេះ​ត្រូវបាន​រដ្ឋាភិបាល​បារាំង​យល់ព្រម​ ក៏ប៉ុន្តែ​ភាគី​កម្ពុជា-ឡាវ​ ត្រូវ​សម្របសម្រួល​រក​ចំណុចរួម​មួយសិន​ ថាតើ​ចង់ឲ្យ​បារាំង​ជួយ​យ៉ាងដូចម្តេច ​លើចំណុច​អ្វី​ច្បាស់​លាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ