អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការសហរដ្ឋអាមេរិកបើកសវនការលើមន្ត្រីកម្ពុជាក្នុងបទល្មើសរត់ពន្ធសត្វស្វាក្តាម

តុលាការ​រដ្ឋ​ផ្លរីដា ​នៅ​ថ្ងៃ​សុក្រ​បាន​សម្រេច​បើក​សវនការ​លើ​មន្ត្រី​កម្ពុជា ​ក្នុង​បទ​ល្មើស​រត់​ពន្ធ​សត្វ​ស្វាក្តាម​ចូល​ទឹក​ដី​អាមេរិក។​ នេះ​ជា​សវនាការ​លើក​ដំបូង​ ខណៈ​ដែល​លោក​ គ្រី ម៉ះផល ​មន្ត្រី​ក្រសួង​កសិកម្ម​ខ្មែរ ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០២២។​

សត្វស្វាក្តាម
សត្វស្វាក្តាម © Internet
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសុក្រ តុលាការអាមេរិកក្នុងរដ្ឋផ្លរីដា បានបើកសវនាការជាលើកដំបូងលើករណីលោក គ្រី ម៉ះផល ​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម​ ពីបទរត់ពន្ធសត្វស្វាក្តាម ដែលគេចាត់ទុកថាជាសត្វកម្រជិតផុតពូជ ចូលទៅកាន់ទឹកដីអាមេរិក។ សវនាការលើកដំបូងនេះ ជាសវនាការផ្ទៀងផ្ទាត់ចម្លើយ ខណៈដែលមេធាវីការពារក្តីឲ្យលោក គ្រី ម៉ះផល ស្នើសុំតុលាការមិនឲ្យទទួលយកអ្វីដែលលោក គ្រី ម៉ះផល បាននិយាយអំឡុងពេលចាប់ខ្លួន នៅឯព្រលានយន្តហោះក្នុងក្រុង​​ញូយ៉ក មកធ្វើជាភស្តុតាងដាក់បន្ទុក។ ការធ្វើយ៉ាងនេះ​ ដោយមេធាវីការពារមន្ត្រីកម្ពុជា លើកឡើងថា កូនក្តីរបស់ខ្លួនមិនសូវយល់ពីរបៀបរបបរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ សវនាការផ្ទៀងផ្ទាត់ចម្លើយជាបន្តទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី២៨ខាងមុខ ខណៈដែលសវនាការដេញដោលនឹងត្រូវធ្វើឡើងនៅខែមិថុនា។

សូមបញ្ជាក់ថា លោក គ្រី ម៉ះផល មន្ត្រីកម្ពុជា​ដែលជា​ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួន​​នៅក្នុងព្រលានយន្តហោះ ​ក្នុងក្រុង​​ញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៦ខែ​វិច្ឆិកា។ បើតាមក្រសួងយុត្តិធម៌អាមេរិក មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

លោក គ្រី ម៉ះផល អាចត្រូវប្រឈមនឹងការកាត់ទោស​រហូតដល់​៥ឆ្នាំ លើ​បទ​សមគំនិត និងអាចរហូតដល់​២០ឆ្នាំ​ លើបទ​ប្រកាន់រត់ពន្ធចំនួន ​៧ករណី​។ និងដោយត្រូវ​រងការផាកពិន័យ​ជាទឹកប្រាក់​ប្រមា​ណ ១៥ម៉ឺនដុល្លារអាមេរិក ឬ ​២ដងនៃប្រាក់ចំណេញពី​​បទល្មើស​រត់ពន្ធសត្វនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ