អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប អញ្ជើញស្ថានទូតរុស្ស៊ី ចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជានាខែកក្កដា

គ.ជ.ប​ អញ្ជើញ​ស្ថានទូត​រុស្ស៊ី ​ចូល​រួម​សង្កេត​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ ប្រធាន​ គ.ជ.ប​ បាន​អះអាង​ថា​នឹង​អញ្ជើញ​ស្ថានទូត​នៅ​កម្ពុជា​ ដើម្បី​ចូល​រួម​សង្កេត​មើល​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​តំណាងរាស្ត្រ ​នីតិកាល​ទី៧ ​នៅ​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ខាង​មុខ។​ នេះ​បើ​តាម​ ប្រធាន​ គ.ជ.ប​ ក្នុង​ជំនួប​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ ប្រទេស​សេរី​មួយ​ចំនួន​បាន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ។​

ជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា
ជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅកម្ពុជា ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាភ្ញៀវពិសេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា។

លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានប្រាប់ប្រធាន គ.ជ.ប ថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៧ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ហើយសភាស៊ីវិលនៅរុស្ស៊ី មានការចាប់អារម្មណ៍ និងតាមដាន។ តាមបណ្តាញសង្គម Twitter របស់ខ្លួន ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានសរសេរថាជំនួបរវាងប្រធាន គ.ជ.ប បានពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធកិច្ចសហការគ្នា ក្នុងនោះក៏មានការចែករំលែកនូវបទពិសោធន៍ដែរ។

កាលពីថ្ងៃទី២៩ ខែមីនា ស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាបារាំងមិនមានបំណងបញ្ជូនអ្នកសង្កេតការណ៍ជាតិ ដើម្បីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខនេះទេ។

ស្ថានទូតបារាំងបញ្ជាក់ថាបារាំងបន្តលើកទឹកចិត្តដល់ការបង្កើតបរិយាកាសដែលអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលដំណើរការដោយគ្មានឧបសគ្គ។ ចំណុចទាំងនេះមានសារៈសំខាន់សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ក្រៅពីបារាំង ប្រទេសលោកសេរីមួយចំនួនទៀតក៏មិនមានបំណងបញ្ជូនអ្នកសង្កេតការណ៍កម្ពុជាដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២២ ខែមេសានេះថា ប្រធាន គ.ជ.ប បានជូនដំណឹងរួចហើយ ទៅតាមបណ្តាស្ថានទូត ដែលមានបំណងឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា ចំពោះប្រទេសមួយចំនួនដែលមិនមានបំណងបញ្ជូនអ្នកសង្កេតការណ៍មកម្ពុជា គឺជារឿងធម្មតាទេ ដោយសារការបោះឆ្នោតគឺប្រព្រឹត្តិទៅក្នុងប្រទេសនីតិរដ្ឋ ផ្អែកលើច្បាប់។ តាមខ្លឹមសារច្បាប់ អង្គការក្រៅរដ្ឋាភិបាល ឬបក្សនយោបាយអាចដាក់អ្នកសង្កេតការណ៍របស់ខ្លួន ហើយដាក់ក៏បាន មិនដាក់ក៏បាន ប៉ុន្តែដំណើរប្រព្រឹត្តិទៅនៃការបោះឆ្នោត គឺគ្រប់គ្រាន់រួចទៅហើយ។ នេះជាការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ