អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋមន្រី្តការពារជាតិបំពាក់ស័ក្តិឲ្យលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ផ្កាយ៤

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ស័ក្តិជាផ្លូវការជានាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រសួងការពារជាតិ។ ការបំពាក់ស័ក្តិដល់លោក ហ៊ុន ម៉ាណែត ពីផ្កាយ៣ ទៅផ្កាយ៤ពេលនេះ ធ្វើឡើងរយៈពេលជាង១ខែ ក្រោយលោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តាមរយៈព្រះរាជក្រឹត្យមួយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ 

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ស័ក្តិជាផ្លូវការជានាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅព្រឹកថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រសួងការពារជាតិ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ស័ក្តិជាផ្លូវការជានាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅព្រឹកថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រសួងការពារជាតិ។ © FB/HMN
ផ្សាយពាណិជ្ជកម្ម

ទីបំផុតលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពិធីបំពាក់ស័ក្តិនេះធ្វើឡើងក្រោមបរិយាកាសព័ទ្ធជុំវិញដោយមន្ត្រីយោធាជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ និងមន្ត្រីនយោបាយក្រសួងការពារជាច្រើនរូបផងដែរ។

លោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការរីករាយ និងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់លោក។ នេះបើតាមសំណេរលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។

លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ដែលបានផ្តល់ការទុកចិត្ត និងគាំទ្រដល់រូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

សូមរំលឹកថា លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ ក៏ប៉ុន្តែពិធីបំពាក់ឋានន្តរស័ក្តិជាផ្លូវការទើបតែធ្វើនៅពេលនេះ ជាហេតុធ្វើឲ្យមានចម្ងល់មួយចំនួនពីអ្នកតាមដាននយោបាយ និងសង្គម ខណៈលោក ហ៊ុន ម៉ាណែត នៅបន្តពាក់ផ្កាយ៣លើស្មា នៅក្នុងកម្មវិធីផ្លូវការនានាកន្លងមក។

មន្ទិល និងភាពចម្រូងចម្រាសមតិគ្នា ក្រោយបេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះ ទទួលបានការដំឡើងឋានន្តរស័ក្តិរួចហើយ តែមិនទាន់បានបន្ថែមផ្កាយ ទំនងជាត្រូវបញ្ចប់នៅពេលនេះ ខណៈពិធីបំពាក់ឋានន្តរស័ក្តិផ្លូវការត្រូវបានធ្វើឡើងតាមក្រឹត្យក្រមយោធាក្រោមការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ