អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង ប្រាប់សមត្ថកិច្ចត្រូវបង្ក្រាបការលេងល្បែងស៊ីសង់នាឱកាសចូលឆ្នាំ

អាប៉ោង​ ជល់មាន់​ ឬល្បែង​ស៊ីសង់​ដទៃ​ទៀត​ ត្រូវ​បាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​នា​ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ឬ​ក្រោយ​ចប់​ចូល​ឆ្នាំ​ដោយ​យក​លំអាន​តាម​យុទ្ធនាការ​បង្ក្រាប​នា​ពេល​កន្លង​មក។

ការបង្ក្រាបល្បែងស៊ីសង
ការបង្ក្រាបល្បែងស៊ីសង © Internet
ផ្សាយពាណិជ្ជកម្ម

«សុំយកចិត្តទុកដាក់ទាំងអស់គ្នា…ជាពិសេសកម្លាំងសមត្ថកិច្ចមិនត្រូវ ឃុបឃិត ស៊ុមគ្រលុំ(សមគំនិតគ្នាបិតបាំងលាក់ទោសអំពើអាក្រក់) ឬបិទភ្នែកម្ខាង បើកភ្នែកម្ខាង មើលល្បែងស៊ីសង់ខុសច្បាប់នោះទេ។» លោក ស ខេង ឆ្លៀតនិយាយបែបនេះនៅគ្រាលោកអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងនៅថ្ងៃទី១២មេសា។ បើតាមលោក ស ខេង ការបង្ក្រាបល្បែងស៊ីសង់គ្មានអ្វីលំបាកទេ ព្រោះគោលការណ៍មានអស់ហើយ ហើយការបង្ក្រាបល្បែងស៊ីសង់នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវយកលំអានតាមយុទ្ធនាការបង្ក្រាបនាពេលមក។

លោក មាស នី អ្នកស្រាវជ្រាវសង្គមកត់សម្គាល់ថា ការលេងល្បែងស៊ីសងនាឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរមានការថមថយបើធៀបនឹងឆ្នាំមុន ប៉ុន្តែអ្វីដែលបន្តកើតមាននឹងរឹតតែព្រួយបារម្ភនោះគឺការសេពគ្រឿងស្រវឹងក្នុងឱកាសនេះមានកើនឡើង។ ​ ការថមថយនៃការល្បែងស៊ីសង់លោកយល់ថា អាចដោសារគោលការណ៍ថ្នាក់លើមានភាពម៉ឺងម៉ាត់ដែលថ្នាក់ក្រោមត្រូវតោងប្រយ័ត្នក្នុងការអនុវត្ត។

សម្រាប់លោក ស ខេង ផលប៉ះពាល់ដែលបន្សល់ទុកពីការលេងល្បែងស៊ីមានច្រើនណាស់ដូចជាៈប៉ះពាល់សុភមង្គល ភាពសុខដុមរមនានៅក្នុងគ្រួសារ ប៉ះពាល់ជីវភាពប្រចាំថ្ងៃ ហិង្សា នាំឲ្យមាន​ចោរកម្មជាដើម។

គួរចាប់អារម្មណ៍ថា ការដាស់តឿននេះធ្វើឡើងស្របពេលយុទ្ធនាការបង្ក្រាបល្បែងស៊ីសង់នៅទូទាំងប្រទេសហាក់ទម្លាក់ដៃ មិនដូចគ្រាដំបូងបន្ទាប់ពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់មក។ នៅយុទ្ធនាការបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់នាពេលកន្លងមក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ បានចេញលិខិតបង្គាប់ការមួយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។

ប៉ុន្មានថ្ងៃ​ក្រោយ​មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមកព្រមានដកតំណែងមន្ត្រីមូលដ្ឋានណា ដែលមិនមានឆន្ទៈបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអណាធិបតេយ្យនោះ។ ខេត្តព្រះសីហនុ គឺជាគោលដៅចំបងមួយក្នុងការ​ត្រួតពិន្យសកម្មភាពល្បែងស៊ីសងខុសច្បាប់ និង ស្វែងរកបទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ឬលាងលុយ​កខ្វក់ជាដើម។

យុទ្ធការកាលណោះមនុស្ស​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​យុទ្ធ​នាការ​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ជាង​ ៩.០០០ ទី​តាំង ​រយៈ​ពេល​ ១៧​ ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ដល់​ថ្ងៃទី​ ១ ខែ​តុលា​ឆ្នាំ២០២២​។​ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ ​គឺ​មាន​មួយ​ចំនួន​ ត្រូវ​បាន​ធ្វើ​ការ​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ