អានតួអត្ថបទ
កម្ពុជា-សង្គម

ក្នុងអាណត្តិទី៦នេះ៖ លោក ហ៊ុន សែន បានដកតំណែងមន្រ្តីដែលប្រព្រឹត្តខុសជាបន្តបន្ទាប់

ក្នុងអាណត្តិទី៦នេះ គេកត់សម្គាល់ឃើញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ចប់មុខតំណែងមន្រ្តី​មួយចំនួន ដោយសារបានប្រព្រឹត្តកំហុសដែលមិនអាចអត់ឱនឲ្យបាន។ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមេសានេះ លោក ហ៊ុន សែន បានបញ្ចប់មុខតំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ យ៉ាងណាមិញចំពោះការដកតំណែងមន្រ្តីដែលប្រព្រឹត្តខុសនេះ អ្នកតាមដានសង្គមគាំទ្រផងដែរ ប៉ុន្តែស្នើឲ្យមានការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងឈានទៅដកតំណែង។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

លោក បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែង បន្ទាប់ពីមន្រ្តីរូបនេះ បានដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ អមជាមួយអនុក្រឹត្យបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត លោក ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ»។ នេះបើតាមលោក ហ៊ុន សែន។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ចេញពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះ គឺ«ជាសារព្រ​មានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុស​ច្បាប់»។ ជាមួយគ្នា លោក ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលា​ការ កុំឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

ការដកតំណេងមន្រ្តីដែលប្រព្រឹត្តខុសនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកអប់រំ និងវប្បធម៌នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រផងដែរ ប៉ុន្តែលោកស្នើឲ្យមានការសិក្សាស្រាវជ្រាវឲ្យបានច្បាស់​លាស់ មុននឹងឈានទៅបញ្ចប់មុខតំណែងលើមន្រ្តីណាមួយ។ ការធ្វើដូច្នេះ ដើម្បីបញ្ចៀសនូវការដកតំណែងខុស នាំឲ្យមានការរិះគន់។

យ៉ាងណាមិញការបញ្ចប់តំណែងនេះ ដោយសារលោក បែល វ៉ាន់ដែត បានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ក្រោយពីឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ស៊ីប្លេរថយន្ត និងបើកភ្លើងហ្វាជាច្រើនដង ដើម្បីស្នើសុំផ្លូវទៅមុន នៅពេលឡានលោក បែល វ៉ាន់ដែតឈប់នៅពីមុខ។ លុះជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត បានបើកឡានវ៉ាទៅមុខ លោក បែល វ៉ាន់ដែត ក៏បានបើកឡានជិះតាម ហើយបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ សួររកហេតុផលរឿងស៊ីប្លេឡាននេះ។ ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែមីនាមកម្លេះ។

ជាការកត់សម្គាល់ ក្នុងអាណត្តិទី៦នេះ លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខតំណែងមន្រ្តីមួយចំនួនដែលបានប្រព្រឹត្តខុសច្បាប់ជាបន្តបន្ទាប់។ កន្លងទៅលោក ហ៊ុន សែន បានដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ក្រោយមានការផ្សព្វផ្សាយពីការប្រើអំពើហិង្សាលើស្រ្តីជាមន្ត្រីសាខាពន្ធដារ និងបៀត​បៀន និងថ្មីៗនេះអតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដែលទើបនឹងលើកលែងទោស ក៏ត្រូវបានបញ្ចប់មុខតំណែងជាអភិបាលខេត្ត ដោយសារប្រព្រឹត្តអំពើឃាតកម្មសម្លាប់មនុស្ស។

ក្រៅពីនេះ មានលោក ឌុច សុវណ្ណារី ត្រូវបានដកតំណែងចេញពីរដ្ឋលេខាធិការ​នៃក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ដោយ​លើក​ហេតុផល​ថា​មន្ត្រី​រូប​នោះ «មិន​សក្តិសម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌»ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ