អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ថា ​ឧបសគ្គ​៤ដែល​បង្អាក់​លំហូរ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា

មន្ត្រីជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា ​កម្ពុជា​នៅបន្ត​ជួប​ឧបសគ្គ​៤ធំៗ ​ដែល​ជានិច្ចកាល​តែង​រារាំង​ឱកាស​ចាប់​យក​ផលប្រយោជន៍ ​និង​ទំហំ​វិនិយោគ​ដោយ​ផ្ទាល់​ពីបរទេស​ ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ បើ​ទោះបី​ក្នុង​រយៈពេល​ជាង​១ទសវត្ស​មក​នេះ ​លំហូរ​វិនិយោគិន​ពី​បរទេស​មក​កម្ពុជា​ហាក់​មាន​ចំនួន​ច្រើន​ក្រែលដែរ​ ។​ សម្រាប់​ក្រសួង​សេដ្ឋកិច្ច​ ឧបសគ្គ​នេះបាន​នឹង​កំពុង​ដោះស្រាយ​ជាបន្តបន្ទាប់​ ខណៈ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ នឹង​ក្លាយ​ជាចលករ​ដ៏​សំខាន់​មួយក្នុង​ការ​ស្រូបទាញ​កំណើន​អ្នក​វិនិយោគ​ពីបរទេស។​

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © កើត ឆែ អភិបាលរងក្រុង
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងកិច្ចប្រជុំស្តីពីកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកត់សម្គាល់ថា បញ្ហារួមធំទាំង៤ដែលវិស័យឯកជន អ្នកវិនិយោគបរទេសតែងលើកឡើងជាបន្តបន្ទាប់ ហើយបានបង្អាក់​មិនឱ្យកម្ពុជាមានឱកាសស្រូបយកកំណើននៃការវិនិយោគដោយផ្ទាល់ពីបរទេសបានច្រើននោះគឺ បញ្ហាផ្គត់ផ្គង់ និងតម្លៃអគ្គិសនី បញ្ហាកង្វះជំនាញលើវិស័យមួយចំនួន កង្វះធាតុចូល និងការកែសម្រួលលក្ខខណ្ឌធ្វើពាណិជ្ជកម្មតាមច្រកព្រំដែន។

បើតាមលោក ផាន់ ផល្លា ការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជា គឺមានកំណើនគួរសមដោយរាប់ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២១ ទុនវិនិយោគមានការកើនឡើង៣ដង ដោយកើនពីចន្លោះ១.៤ពាន់លានដុល្លារក្នុងឆ្នាំ២០១០ ដល់៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ចំណែកវិស័យដែលវិនិយោគិនបរទេស មកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា គឺភាគច្រើនវិស័យឧស្សហកម្ម រោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប និងមួយរយៈចុងក្រោយនេះ គឺវិស័យអចលនទ្រព្យ។

តែយ៉ាងណា កំណើននេះ កម្ពុជានៅមិនទាន់អាចប្រៀបធៀបជាមួយបណ្តាប្រទេសភូមិផងរបងជាប់គ្នាឡើយ។ ក៏ប៉ុន្តែនៅចំពោះមុខបញ្ហាដែលត្រូវបានលើកឡើងនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តកែសម្រួលច្បាប់វិនិយោគថ្មីឱ្យកាន់តែល្អប្រសើរ និងជួយសម្រួលដល់ការវិនិយោគទាំងក្នុងស្រុក និងការវិនិយោគពីបរទេស។ ខណៈច្បាប់វិនិយោគថ្មីនេះ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចខាងលើ នឹងដាក់ឱ្យប្រើប្រាស់យ៉ាងយូរ២ខែទៀតប៉ុណ្ណោះ។

សូមជម្រាបជូនថា លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ​២០១០មានចំនួនទុនសរុប១.៤ពាន់លានដុល្លារ(១៤០០លាន) ។ ទុនវិនិយោគនេះបានបន្តកើនឡើងដល់១.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ខណៈឆ្នាំ២០១២ លំហូរវិនិយោគពីបរទេសកើនជិត២ពាន់លានដុល្លារ ឬប្រមាណ២% បើធៀបនឹងឆ្នាំ២០១១។ ក៏ប៉ុន្តែនៅឆ្នាំ២០១៣, ២០១៤ និង២០១៥ការវិនិយោគពីបរទេសបានដាំក្បាលចុះទៅវិញ ដោយធ្លាក់មកត្រឹមជាង១.៨ពាន់លានដុល្លារ។

បើតាមយោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៦ ទុនវិនិយោគពីបរទេសមានចំនួន ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​១០​ភាគរយ បើធៀប​នឹង​ឆ្នាំ​២០១៥។ ហើយអ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​នៅ​ឆ្នាំ​២០១៧, ២០១៨, ២០១៩ និង២០២០ ទំហំទុនវិនិយោគបន្តហក់ឡើងខ្ពស់រហូតដល់ប្រមាណ៣.៦ពាន់លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២១ ការវិនិយោគដោយផ្ទាល់ពីបរទេសធ្លាក់ចុះមកវិញប្រមាណ៣.៩ភាគរយ​ ឬប្រមាណ៣.៤៨ពាន់លានដុល្លារ។

បើតាមធនាគារពិភពលោក ប្រទេសចិននៅតែជាប្រទេសឈរលំដាប់លេខរៀងទី១ ក្នុងចំណោមប្រទេសដែលមកបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាច្រើនជាងគេ។ ដោយឡែក ប្រទេសកូរ៉េ ជប៉ុន ហុងកុង សឹង្ហបុរី វៀតណាម និងថៃ គឺជាប្រទេសដែលមានវត្តមានការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ