អានតួអត្ថបទ
កម្ពុជា-កីឡា

កម្ពុជាអនុញ្ញាតឲ្យទាំងខ្មែរនិងបរទេស អាចចូលមើល​និងផ្សាយពីស៊ីហ្គេមដោយឥតគិតថ្លៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យទាំងខ្មែរ និងបរទេស មានសិទ្ធិចូលមើលនិងផ្សព្វ​ផ្សា​យ​ពីប្រកួតកីឡាស៊ីហ្គេមដោយឥតគិតថ្លៃ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។ ការប្រកាសបែបនេះរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនា ក្រោយ១ថ្ងៃបន្ទាប់ពីលោកបានចេញបទបញ្ជាមិនអនុញ្ញាតជាដាច់ខាត ចំពោះការលក់សំបុត្រទស្សនា ឬយកថ្លៃសេវានានា នៅក្នុងការប្រកួតក្នុងវិញ្ញាសារផ្សេងៗ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

កីឡដ្ឋានមរតកតេជោ
កីឡដ្ឋានមរតកតេជោ © Internet
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ថ្វីត្បិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកា​សឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយទាំងអស់ ប៉ុន្តែលោក​នាយករដ្ឋមន្រ្តីបានតម្រូវឲ្យមានសំបុត្រសម្រាប់ចូលទស្សនា ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូលផងដែរ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានបង្ហោះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រកាសឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយ​មិនបង់លុយទាំងអស់។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ ក្រៅពីប្រកាសទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយ លោក ហ៊ុន សែន ក៏ប្រកាសផងដែរថា សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ។ ចំពោះការផ្សាយរបស់ទូរទស្សន៍បរទេសវិញ លោក ហ៊ុន សែន ស្នើឲ្យទម្លាក់ថ្លៃ ឬក៏ឲ្យផ្សាយបន្តផ្ទាល់ដោយឥតគិតថ្លៃ (Free) តែម្តង។ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន បានបញ្ជាមិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាវិញ។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន ចង់ឲ្យទូរទស្សន៍បរទេសផ្សព្វផ្សាយពីប្រទេសកម្ពុជាឲ្យបានទូលំទូលាយ។ នេះបើតាមលោក ខៀវ កាញារីទ្ធ។

ទាក់ទិនទៅនឹងការប្រកាសឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយ និងពុំយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម លោកបណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាយល់ថា អាចមានទិដ្ឋភាព៣សំខាន់ៗ គឺសេដ្ឋកិច្ច ទីផ្សារ និងសង្គម វប្បធម៌ និងទំនាក់ទំនងការទូត។ សម្រាប់សេដ្ឋកិច្ចវិញលោកបណ្ឌិត ហុង វណ្ណៈ ថាកម្ពុជាខាត ព្រោះការរៀបចំស៊ីហ្គេមកម្ពុជាចំណាយច្រើន។

ប៉ុន្តែយ៉ាងណាអ្នកសេដ្ឋកិច្ចរូបនេះអះអាងថា ក្រៅពីការចំណាយច្រើនពីការរៀបចំស៊ីហ្គេម កម្ពុជាក៏ចំណេញពីការផ្សព្វផ្សាយផ្សេងៗអំពីស៊ីហ្គេមនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកាសពីលោក ហ៊ុន សែន បែបនេះ ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោកចេញបញ្ជាសារជាសម្លេងមិនឲ្យមានការលក់សំបុត្រសម្រាប់ចូលទស្សនាពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ ដោយបើកឲ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយឥតគិតថ្លៃទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ