អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនសាទរ បក្សកាន់អំណាចដែលយកកម្មវិធីនយោបាយជួយវិស័យកសិកម្មរបស់ខ្លួនទៅអនុវត្ត

អនុ​ប្រធាន​គណបក្ស​ភ្លើង​ លោក​ ស៊ុន ឆ័យ​សាទរ​នៅ​ពេល​ដែល​គោល​នយោបាយ​មួយ​ចំនួន​របស់​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បក្ស​កាន់​អំណាច​យក​ទៅ​អនុវត្ត​ ជា​ពិសេស​លើ​វិស័យ​កសិកម្ម​ ដែល​នេះ​សរ​បញ្ជាក់​ពី​សក្តានុពល​នៃ​គោល​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន។​ បើ​តាម​លោក​ ស៊ុន ឆ័យ​ បក្ស​ភ្លើងទៀន​នឹង​បន្ត​ពង្រឹង​លើ​គោល​នយោបាយ​របស់​ខ្លួន​ ពិសេស​វិស័យ​កសិកម្ម។​ តែ​យ៉ាង​ណា ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ បដិសេធ​ថា​ មិន​បាន​យក​លំនាំ​តាម​គោល​នយោបាយ​របស់​បក្ស​ភ្លើងទៀន​មក​អនុវត្ត​ឡើយ។​

សមាជិកបក្សភ្លើងទៀន
សមាជិកបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញឆន្ទះក្នុងការចាត់បញ្ចូនអ្នកជំនាញកសិកម្មទៅតាមបណ្តាឃុំសង្កាត់នៅទូទាំងប្រទេសដើម្បីជួយដោះស្រាយបញ្ហាកសិករឱ្យស្របទៅតាមគោលនយោបាយរបស់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខ លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានយកវេទិកាប្រកាសសុពលភាពក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានីភ្នំពេញថា គោលនយោបាយរបស់គណបក្សភ្លើងទៀនមួយចំនួនដែលបានរៀបចំតាក់តែងពីឆ្នាំ២០១៣ ត្រូវបានគណបក្សកាន់អំណាចយកទៅអនុវត្ត ដែលនេះលោកយល់ថា គោលនយោបាយរបស់បក្សភ្លើងទៀនមិនអត់ប្រយោជន៍ឡើយ។

បើតាម លោក ស៊ុន ឆ័យ លោកស្វាគមន៍ចំពោះរដ្ឋាភិបាលដែលបានអនុវត្តនូវគោលនយោបាយលើវិស័យកសិកម្មតាមរយៈការចាត់មន្ត្រីជំនាញកសិកម្មទៅតាមឃុំនៃបណ្តាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកថា ដើម្បី​អាចដោះស្រាយបញ្ហាកសិករបាន លុះត្រាណាតែអ្នកជំនាញកសិកម្មទាំងអស់នោះ យល់ដឹងឱ្យច្បាស់ពីបញ្ហាប្រឈមរបស់កសិករ ខណៈលោកមិនចង់ឃើញអ្នកជំនាញកសិកម្មដែលចាត់ទៅជួយកសិករ មិនទាន់ចេះរបៀបដាំដុះ ឬរបៀបរៀបចំប្រព័ន្ធធារាស្ត្រជាដើម។

ជុំវិញរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា កម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជន មិនដែលសូម្បីម្តងចំពោះការយកលំនាំតាមគោលនយោបាយរបស់គណបក្សណាមួយឡើយ។ ចំពោះការចាត់អ្នកជំនាញវិស័យកសិកម្មនៅតាមឃុំ-សង្កាត់នេះ លោក សុខ ឥសានបញ្ជាក់ថា នេះគោលដៅអទិភាពរបស់បក្សប្រជាជនរាប់ទសវត្សមកហើយ។

បើតាម អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ រាល់ការបង្កើតកម្មវិធីគោលនយោបាយមួយៗ គឺត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយសមាជិកបក្សទូទាំងប្រទេស ក៏ដូចជាប្រមូលធាតុចូលពីភាគីពាក់ព័ន្ធជាដើមហើយការចាត់អ្នកជំនាញកសិកម្មនាពេលនេះ គឺជាយន្តការជួយដល់ពលរដ្ឋ បន្ទាប់មកឃើញថា បញ្ហារបស់កសិករនៅមិនទាន់បានដោះស្រាយរួចរាល់។

សូមជម្រាបថា ការដាក់ពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម ដោយជំហានដំបូង គឺដាក់អ្នកជំនាញកសិកម្មទៅកាន់ឃុំចំនួន១០នៃស្រុកជើងព្រៃ ខេត្តកំពង់ចាមក្រោមគម្រោងឈ្មោះថា ឃុំកសិកម្មគំរូ។

ការដាក់អ្នកជំនាញកសិកម្មនេះទៀសោធ ក៏ត្រូវបានគេកត់សម្គាល់ថា នេះជាគោលនយោបាយថ្មីស្រឡាងរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខផង។  ក្នុងគោលនយោបាយនោះ បក្សកាន់អំណាចកំណត់ប្រែក្លាយវិស័យកសិកម្មពីការធ្វើដើម្បីបំពេញការហូបចុករបស់ពលរដ្ឋ ទៅជាការធ្វើកសិកម្ម សម្រាប់ពាណិជ្ជកម្មវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ