អានតួអត្ថបទ
កម្ពុជា-នយោបាយ

របាយការណ៍ស្ទង់មតិ៖ លោក ហ៊ុន ម៉ាណែត ផ្តើមជួបមេដឹកនាំបរទេសច្រើន ក្រោយការប្រកាសជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត

 លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមដំណើរបេសកកម្មការទូតយោធារបស់ខ្លួន ដោយបានជួបមេដឹកនាំបរទេសជាច្រើន នៅមួយរយៈកាលចុងក្រោយ។ នេះបើតាមរបាយការណ៍ស្ទង់មតិមួយរបស់វិទ្យាស្ថាន Lowi ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយអន្តរជាតិ មានមូលដ្ឋាននៅអូស្ត្រាលី។ ការកត់សម្គាល់របស់របាយការណ៍ស្ទង់មតិ គឺជំនួបរបស់លោក ហ៊ុន​ ម៉ាណែត ជាមួយមេដឹកនាំ ប្រមុខរដ្ឋ បានកើតឡើងជាញឹកញយ ក្រោយពេលដែលលោកបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា។ 

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល)
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន ម៉ាណែត នៅតែសកម្មក្នុងការងារការទូតការពារជាតិក្នុងតំបន់ ហើយនៅឆ្នាំ ២០២២ បានជួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ចំនួន ២៩ នាក់ បន្ថែមពីលើរដ្ឋមន្ត្រីការពារជាតិនៃប្រទេសវៀតណាម ថៃ ឡាវ ជប៉ុន ចិន និងឥណ្ឌា។ ក្នុងឆ្នាំ២០២២ដដែលនោះ បេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិថៃ និងវៀតណាម ច្រើនជាងគេ រហូតដល់៥ដង ខណៈដែលសមភាគីជប៉ុន មានចំនួន៤ដង។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាន Lowi ស្តីពីសន្ទស្សន៍អំណាចក្នុងតំបន់អាស៊ី។

ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏មានភាពសកម្មបំផុតក្នុងជំនួបជាមួយសមភាគីក្នុងតំបន់មេគង្គ រហូតដល់១៤លើកជាមួយវៀតណាម និង ៧លើកជាមួយថៃ ក្នុងចន្លោះឆ្នាំ ២០១៩ ដល់ ២០២២។ ដោយឡែកសម្រាប់ជំនួបជាមួយបណ្តាប្រទេសខាងលិចវិញ មានមន្ត្រី​ការពារជាតិ​អូស្ត្រាលី​បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ២ដង ខណៈ​​សហរដ្ឋ​អាមេរិក​បាន​ជួប​កូនប្រុសច្បងលោកហ៊ុន សែន រូបនេះ ៣​ដងដែរ។

របាយការណ៍ស្ទង់មតិ បានកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំ ប្រមុខរដ្ឋ នៃបណ្តាប្រទេសជាច្រើន ក្រោយពេលដែលលោកត្រូវបានបោះឆ្នោតគាំទ្រទាំងស្រុង ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត របស់គណបក្សកាន់អំណាច។ ជាក់ស្តែង ក្នុងឆ្នាំ២០២២កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំ១០រូប ដោយរួមទាំងរដ្ឋមន្ត្រីការបរទេស តួយ៉ាងអូស្ត្រាលី និងចិន។ បន្ថែមពីនេះ ក្នុងដំណើរទេស្សនកិច្ចនៅជប៉ុន លោក ហ៊ុន ម៉ាណែត ក៏បានជួបទាំងរដ្ឋមន្ត្រីការបរទេស និងលោកប្រធានាធិបតី Fumio Kishida។

រីឯប្រទេសដែលស្និតស្នាលនឹងកម្ពុជា រួមមានវៀតណាម និងចិន វិញ អគ្គមេបញ្ជាការរងនៃកង​យោធ​ពល​ខេមរភូមិន្ទ ពាក់ផ្កាយ៤រូបនេះ បានជួប ​រាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី ប្រធានាធិបតី ប្រធានរដ្ឋសភា និងអគ្គលេខាធិការ ជាដើម។ ហើយសម្រាប់មិត្តដែកថែបចិន លោក ហ៊ុន ម៉ាណែត បានជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ទៀតផង។

បើតាមរបាយការណ៍ស្ទង់មតិ គឺគេអាចកត់សម្គាល់ថា ចរន្តនៃការផ្លាស់ប្តូរអ្នកនយោបាយបន្តវេន កំពុងតែកើតមានឡើងរួចទៅហើយ។ បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានឌឺដងទៅបណ្តាអ្នកវិភាគ ថាការរិះគន់ទាំងឡាយ បានធ្វើឲ្យលោក ហ៊ុន ម៉ាណែត កាន់តែមានភាពរឹងមាំ។

បន្ទាប់ពីជំនួបរបស់លោក ហ៊ុន ម៉ាណែត និងបណ្តាមេដឹកនាំប្រទេសនានាកើតឡើងជាហូរហែនេះ របាយការណ៍ស្ទង់មតិដដែល លើកឡើងជាសេចក្តីសន្និដ្ឋានថា គោលនយោបាយការទូតរបស់លោក ហ៊ុន ម៉ាណែត គឺផ្តោតទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង និងដៃគូជិតស្និទ្ធ ចិន និងជប៉ុន ច្រើនជាងបណ្តាប្រទេសលោកខាងលិច។ តាមការស្ទង់មតិ ទាំងអាមេរិក ទាំងអូស្តាលី គួរណាស់ត្រូវ​មាន​សកម្មភាព​កាន់​តែ​ខ្លាំង ​ក្នុង​ការ​ស្វែង​រក​ឥទ្ធិពលជាមួយ លោក ហ៊ុន ម៉ាណែត ដែលជា​បុរស​​កំពុង​ត្រៀម​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ