អានតួអត្ថបទ
កម្ពុជា-សង្គម

វៀតណាមបន្តស្នើឲ្យកម្ពុជាជួយមើលពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជា

វៀតណាមបានស្នើដល់កម្ពុជាឲ្យជួយផ្តល់ការគាំទ្រដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា និងស្នើឲ្យជួយដោះស្រាយដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដែលរងនូវការបោកប្រាស់ក្នុងអាជីវកម្មកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម(VNA) ការស្នើរបស់ភាគីវៀតណាមនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាអំឡុងពេលលោក ប្រាក់ សុខុន បំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២0 ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣នេះ។ 

ជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាអំឡុងពេលលោក ប្រាក់ សុខុន បំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២0 ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣។
ជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាអំឡុងពេលលោក ប្រាក់ សុខុន បំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២0 ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣។ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនាទីក្រុងហាណូយប្រទេសវៀតណាម រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើទៅកាន់សមភាគីលោក ប្រាក់ សុខុន ឲ្យកម្ពុជាបន្តផ្តល់ការគាំទ្រដល់ប្រជាជនខ្មែរ ដើមកំណើតវៀតណាម ក្នុងការតាំងទីលំនៅ និងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជាស្ពានភ្ជាប់មិត្តភាពរវាងកម្ពុជា-វៀតណាម។ នេះបើតាមការចុះផ្សាយរបស់ការសែតរដ្ឋវៀតណាម(VNA)។

កាសែតបន្តថាលោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យភាគីកម្ពុជា រួមគ្នាដោះស្រាយករណីដែលពលរដ្ឋវៀតណាមត្រូវបានបោកប្រាស់ និងបង្ខំឲ្យធ្វើការដោយខុសច្បាប់ក្នុងអាជីវកម្មកម្សាន្ត ដែលគ្រប់គ្រងដោយជនបរទេសមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ចំណុចនេះ ភាគីកម្ពុជា លោក ប្រាក់ សុខុន ក៏​បាន​បញ្ជាក់ទៅភាគីវៀតណាមវិញ​ថា កម្ពុជា​នឹង​បន្ត​ផ្តល់​ការ​ប្រព្រឹត្តិ​ដោយ​យុត្តិធម៌​ដល់ពលរដ្ឋខ្មែរ​ដើម​កំណើត​វៀតណាម ដូច​ជាពលរដ្ឋ​មក​ពី​ប្រទេស​ដទៃ​ទៀត​ដែរ។ នេះបើតាម VNA។

សូមរំលឹកថាបញ្ហាជនអន្តោប្រេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា​ នៅតែជាបញ្ហារសើបនៅឡើយ រវាងរដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយ ក៏ដូចជាសកម្មជនប្រឆាំង រួមទាំងអ្នកជាតិនិយមផងដែរ។ វត្តមានរបស់ជនជាតិវៀតណាមនៅកម្ពុជា ចាប់តាំងពីប្រទេសនេះត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មក បង្កើតបាននូវការវាយប្រហាររិះគន់ពីសកម្មជន និងអ្នកនយោបាយប្រឆាំង ក៏ដូចជាអ្នកជាតិនិយមខ្មែរ ដោយសារពួកគេបារម្ភពីបញ្ហាបូរណភាព អធិបតេយ្យភាពទឹកដីជាដើម។

ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាក៏ដូចជាគណបក្សកាន់អំណាច តែងការពារនូវចំណងការទូត ការដឹងគុណ និងការគោរពសាមគ្គីភាពជាមួយប្រទេសជិតខាង។

ដោយឡែកពាក់ព័ន្ធនឹងការឆបោក និងការកេងប្រវ័ញ្ជកម្លាំងពលកម្មលើជនជាតិវៀតណាមវិញ អាជ្ញាធរកម្ពុជាតែងធ្វើអន្តរាគមន៍ជាញឹកញាប់ មិនចំពោះតែជនជាតិវៀតណាមរងគ្រោះនោះទេ ខណៈដែលអាជីវកម្មកម្សាន្តនៅកម្ពុជាមានការរីកដុះដាលច្រើន អំឡុងពេលដែលអ្នកវិនិយោគចិនយកខេត្តព្រះសីហនុជាគោលដៅសំខាន់។

កាលពីឆ្នាំទៅ ជនជាតិវៀតណាមរាប់រយនាក់ ​ត្រូវ​បានរកឃើញថាបានរងគ្រោះដោយការ​ឆបោក និងកេងប្រវ័ញ្ច​ឲ្យទៅបំរើការងារ​នៅ​តាម​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួមនឹងជនជាតិម៉ាឡេស៊ីជាច្រើននាក់ និងជាតិសាសន៍ផ្សេងៗផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ