អានតួអត្ថបទ
កម្ពុជា-នយោបាយ

(គ.ជ.ប)ស្នើឲ្យអនុវត្តលើលោក សុន ឆ័យ តាមសេចក្ដីសម្រេចរបស់តុលាការជាន់ទាបនិងជាន់ខ្ពស់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់សំណើឲ្យសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមសាលក្រម និងសាលដីកា លើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្រោយពីចាញ់ក្ដីក្នុងសំណុំរឿង «បរិហាកេរ្តិ៍» ទាំងនៅតុលាការជាន់ទាប និងជាន់ខ្ពស់ ប៉ុន្តែបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាវិញ មេធាវីលោក សុន ឆ័យ នៅមិនទាន់ឃើញគណបក្សប្រជាជនកម្ពុជាស្នើឲ្យមានការអនុវត្តតាមសាលក្រម និងសាលដីកាឡើយ។ 

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក សុន ឆ័យ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ មីនានេះថា មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប៉ុណ្ណោះ ដែលបានស្នើចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមសាលក្រម និងសាលដីកាលើលោក សុន ឆ័យ។ សម្រាប់បណ្ឌឹង​របស់គណបក្សប្រជាជនវិញ លោក ជូង ជូងី អះអាងថា លោកនៅមិនទាន់ឃើញគណបក្សប្រជាជនកម្ពុជាស្នើឲ្យមានការអនុវត្តទៅលើលោក សុន ឆ័យ ឡើយ។

បើតាមលោកមេធាវី ជូង ជូងី ការស្នើសុំរបស់ គ.ជ.ប ឲ្យអនុវត្តទៅលើលោក សុន ឆ័យនេះ គឺតម្រូវឲ្យលោក សុន ឆ័យ ធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ ដោយលោកមេធាវីពន្យល់ថា បើលោក សុន ឆ័យ មិនព្រមសងសំណងដោយស្ម័គ្រចិត្តតាមការបង្គាប់របស់តុលាការទេ នោះទើបតុលា​ការចេញសាលក្រមអនុវត្តដោយបង្ខំលើទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ។ ប៉ុន្តែយ៉ាងណាលោកមេធាវី ជូង ជូងី បានអះអាងថា លោក សុន ឆ័យ បានយល់ព្រមធ្វើតាមការសម្រេចរបស់តុលាការ។

សូមជម្រាបថា លោក សុន ឆ័យ ត្រូវបានតុលាការកាត់ឲ្យចាញ់ក្តី ក្រោយតតាំងក្នុងវិវាទនយោបាយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ គឺលោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។

សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ លោក សុន ឆ័យ ត្រូវ​បានសាលក្រមសាលាដំបូងរាជធានីភ្នំពេញតម្រូវឲ្យបង់ថវិកាចូលរដ្ឋចំនួន ៨លានរៀល និងតម្រូវឲ្យសងជំងឺចិត្តដល់គណបក្សកាន់អំណាច ចំនួន៣ពាន់លានរៀល ឬស្មើនឹង ៧៥០,០០០ ដុល្លារអាមេរិក។ ប៉ុន្តែមកដល់សាលាឧទ្ធរណ៍ សាលដីកាបានបង្គាប់បន្ថែមនូវទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារបន្ថែមទៀត ដែលតម្រូវឲ្យលោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា សរុបជាង ១លានដុល្លារអាមេរិក។

ក្រោយពីចាញ់ក្ដីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា នៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ លោក សុន ឆ័យ បានបន្តប្ដឹងទាស់មកតុលាការកំពូល ប៉ុន្តែតុលាការកំពូលបានចេញសាលដីកាសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្ដីដដែល ដោយសម្រេច​​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ