អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការសត្វព្រៃអន្តរជាតិស្នើអាមេរិកកុំបញ្ជូនស្វាកន្ទុយវែង១០០០ក្បាលត្រលប់មកកម្ពុជា

អង្គការ​ Born​ Free​ USA ​បាន​ស្នើ​ឲ្យ​ភាគី​អាមេរិក​កុំ​បញ្ជូន​សត្វ​ស្វា​កន្ទុយ​វែង​ ចំនួន​១០០០​ក្បាល ​ដែល​រត់​ពន្ធ​ចូល​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់​ ត្រលប់​មក​ប្រទេស​កម្ពុជា។​ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ នាយក​ដ្ឋាន​ជល​ផល​ និង​សត្វ​ព្រៃ​ អាមេរិក​ កាល​ពី​ថ្ងៃ​ទី១៣​មីនា​ បាន​អះអាង​ពី​ការ​ត្រៀម​បញ្ជូន​ត្រលប់​មក​វិញ​ នូវ​សត្វ​ស្វា​កន្ទុយ​វែង​ចំនួន​១០០០​ក្បាល​ មក​កម្ពុជា។​

ស្វាកន្ទុយវែង
ស្វាកន្ទុយវែង © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី១៥មីនា អង្គការ Born Free USA បានអះអាងថា សត្វស្វាកន្ទុយវែងដែលជិតផុតពូជ ចំនួន១០០០ក្បាល នឹងត្រូវបញ្ជូនត្រលប់មកប្រទេសកម្ពុជា ដើម្បីសម្លាប់ចោលនៅក្នុងមន្ទីរពិសោធន៍។ បញ្ហានេះ អង្គការ Born Free USA យល់ថា នាយកដ្ឋានជលជល និងសត្វព្រៃអាមេរិក មិនគួរមានចំណាត់ការបែបនេះ ហើយទុកឲ្យអង្គការអភិរក្សសត្វព្រៃមួយនេះ ទទួលខុសត្រូវចំពោះសត្វស្វាកន្ទុយវែងទាំងនោះ។

អង្គការ Born Free USA បានអះអាងពីការស្នើនាយកដ្ឋានជលផល និងសត្វព្រៃអាមេរិក ធ្វើយ៉ាងណាកុំបញ្ជូនប្រភេទសត្វដែលជិតផុតពូជមួយនេះត្រលប់ទៅប្រទេសកម្ពុជា ហើយខ្លួននឹងយល់ព្រមទទួលយកស្វាទាំង១០០០ក្បាលនោះ ទៅរក្សាទុកនៅឯជម្រកសត្វព្រៃនៅភាគខាងត្បូងរដ្ឋតិចសាស់។

បន្ថែមពីនេះ លោកស្រី Angela Grimes នាយកប្រតិបត្តិ Born Free USA យល់ថា ប្រតិបត្តិការដើម្បីជួយសង្គ្រោះសត្វស្វាជាច្រើនក្បាលនេះ គឺជាកិច្ចការជាក់ស្តែង និងត្រូវការហិរញ្ញវត្ថុដ៏ធំ។ តែយ៉ាងណា ជាមួយនឹងមូលនិធិដ៏ត្រឹមត្រូវ និងពេលវេលាដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រការថែទាំរ អង្គការ Born Free USA យល់ថាខ្លួនអាចរ៉ាប់រងចំពោះសត្វស្វាកន្ទុយវែងទាំង១០០០ក្បាលនោះបាន។ តាមអង្គការអភិរក្សសត្វព្រៃអន្តរជាតិមួយនេះ នឹងបន្តពិភាក្សាជាមួយនាយកដ្ឋានជលផល និងសត្វព្រៃ ជាបន្ត ដើម្បីធានាថា ការសង្គ្រោះសត្វសា្វទាំងនោះគឺជាជម្រើសមួយ។

សូមជម្រាបថា សត្វស្វាកន្ទុយវែង ឬហៅថា សត្វស្វាក្តាមទាំង១០០០ក្បាល គឺជាសត្វស្វាដែលរត់ពន្ធដោយខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក។ សត្វកន្ទុយវែង ជាប្រភេទសត្វជិតផុតកម្រ ដែលមានកំណត់ក្នុងអនុសញ្ញាស្តីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES)។

នៅក្នុងសំណុំរឿងរត់ពន្ធសត្វសា្វដែលជិតផុតពូជនេះ ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនមន្ត្រីកសិកម្មមួយរូប គឺលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៦វិច្ឆិកា ក្នុងបទល្មើសជួញដូរសត្វព្រៃ។ ហើយមកដល់ពេលនេះ សំណុំរឿងរបស់លោក ក៏កំពុងតែបន្តនីតិវិធីតាមផ្លូវតុលាការ ដើម្បីជំនុំជម្រះក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ