អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកស្រាវជ្រាវបង្ហាញការសោកស្ដាយដែលកម្ពុជាទទួលយកលទ្ធផលព្រំដែនរួម៨៦ភាគរយជាមួយឡាវ

កម្ពុជា​ទទួល​យក​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ខ្សែ​ព្រំដែន​រួម​៨៦​ភាគរយ​ជា​មួយ​ឡាវ។​ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​សុក្រ​ទី១៧​មីនា ​ដែល​បាន​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រវា​កម្ពុជា-​ឡាវ។​ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​មាន​យោបល់​ថា​ វា​រឿង​គួរ​ឲ្យ​ស្ដាយ​ដែល​ការ​ទទួល​យក​លទ្ធផល​នេះ ​ធ្វើ​ឡើង​ក្នុង​បរិបទ​អ្នក​នយោបាយ​ខ្មែរ​មិន​ចុះ​សម្រុង​នឹង​គ្នា។​

ជំនួបរវាងភាគីកម្ពុជា និងឡាវ
ជំនួបរវាងភាគីកម្ពុជា និងឡាវ © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ មាន៣មាត្រា ខ្លឹមសារភ្ជាប់ជាមួយមាន៦ប្រការនិងឧបសម្ព័ន្ធចំនួន៤។ សន្ធិសញ្ញានេះគឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម៨៦ភាគរយដែលប្រទេសទាំងពីរ សម្រេចបានលើការងារព្រំដែននិងត្រូវបានប្រមុខរដ្ឋាភិបាលប្រទេសទាំង២ ចុះហត្ថលេខាកាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣នៅវៀងចន្ទ។ 

រីឯបំណែកព្រំដែន១៤ភាគរយទៀតត្រូវបានអះអាងថា ស្ថិតក្នុងយន្តការបន្តរកដំណោះស្រាយ។  ទម្រាំឈានចូលដល់ការសន្ធិសញ្ញាកំណត់ព្រំដែនរវាកម្ពុជា-ឡាវ ភាគីទាំងពីរបានជួបចរចាចំនួន១៨៨លើកពីឆ្នាំ១៩៩៥-២០០៩ សម្រេចបាន៨៦ភាគរយស្មើនឹង៤៦៥គីឡូម៉ែត្រនៃខ្សែព្រំដែនរួមប្រវែងប្រមាណ៥៤០គីឡូម៉ែត្រ និងបានបោះបង្គោលលើដីជាក់ស្ដែងចំនួន១២១បង្គោល។ បន្ទាប់ពីសន្និសញ្ញានេះចូលជាធរមានភាគីទាំងពីរនឹងផលិតផែនទីខ្នាត១លើ២ ៥០០០ ដែលកម្ពុជានិងឡាវព្រមព្រៀងចេញថ្លៃចំណាយពាក់កណ្ដាលម្នាក់។

លោក មាស នី ជាអ្នកតាមដានសង្គមនិងអ្នកស្រាវជ្រាវឲ្យដឹងថា កិច្ចការងារព្រំដែនជាតួនាទីរបស់រដ្ឋាភិបាលពង្រឹងសមត្ថភាពក្នុងការពារព្រំដែននៅគ្រាប្រទេសមានសុខសន្តិភាព ហើយការបោះបង្គោលលើដីជាស្ដែងគឺជាកាតព្វមួយដ៏សំខាន់ទៀតរបស់រដ្ឋាភិបាល។ ប៉ុន្តែជារឿងគួរឲ្យសោកស្ដាយ ដែលកិច្ចការងារព្រំដែននិងជាពិសេសការទទួលយកយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម៨៦ភាគរយ ដែលប្រទេសទាំងពីរធ្វើឡើងក្នុងរូបភាពមិនចុះសម្រុងគ្នារវាងខ្មែរនិងខ្មែរ។ បើខ្មែរនិងខ្មែរមានភាពមិនចុះសម្រុងគ្នាលើកិច្ចការងារព្រំដែនវាអាចនាំឲ្យមានការតវ៉ាឬសើរើឡើងវិញ ក្នុងករណីព្រំដែនដែលបានកំណត់នោះមានការលើសសល់ ឬខ្វះខាតដោយកន្លែងណាមួយ។

កាលពី​ឆ្នាំ​២០១៩ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-ឡាវ​ បាន​សរសេរ​លិខិត​រួមគ្នាមួយ​ទៅកាន់​ប្រធានាធិបតី​បារាំង ដោយ​មាន​គោលដៅ​ពីរ​សំខាន់គឺ​ទី​១ ​ស្នើ​សុំ​បារាំង​បញ្ចូន​អ្នក​ជំនាញ​ខាង​គូស​ចម្លង​ផែនទី​មកជួយ​គូស​ចម្លង​ផែនទី ​នៅ​តំបន់​ដែល​នៅ​សេសស់​មិនទាន់​ត្រូវគ្នា​ចំនួន​១៤​%​។ ​និង​ចំណុច​ទី​២​ ​ភាគី​ទាំងពីរ​ស្នើសុំ​ផែនទី​ពី​បារាំង​។ សំណើរនេះ​ត្រូវបាន​រដ្ឋាភិបាល​បារាំង​យល់ព្រម​ក៏ប៉ុន្តែ​ភាគី​កម្ពុជា-ឡាវ​ ត្រូវ​សម្របសម្រួល​រក​ចំណុចរួម​មួយសិន​ថាតើ​ចង់ឲ្យ​បារាំង​ជួយ​យ៉ាងដូចម្តេច ​លើចំណុច​អ្វី​ច្បាស់លាស់​។

សូមបញ្ជាក់ដែរថា ​កម្ពុជា​បាន​ឯកភាព​លើការ​កំណត់​ខ្សែព្រំដែន​ជាមួយ​ឡាវ​បាន​៨៦​% ក្នុង​ប្រវែង​ព្រំដែន​សរុប​៥៤០​គីឡូម៉ែត្រ និង​៨៤%។ ជាមួយប្រទេសវៀតណាមដែលសម្រេចបានជាផ្លែផ្កា​កើនដល់៩០ភាគរយហើយ ដោយនៅសល់១០ភាគរយទៀត ភាគីទាំងពីរកំពុងចរចាគ្នាដើម្បីធ្វើការងារនេះបន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ