អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត ថាការសិក្សានៅអាមេរិកជាសមត្ថភាពផ្ទាល់ខ្លួន ក្រោយ លោក សម រង្ស៊ី ចោទថាជាការយោគយល់

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានចេញមកបកស្រាយទាក់ទងទៅនឹងចំណុចមួយចំនួនទាក់ទងទៅនឹងស្ថានភាពដែលលោកបានឆ្លងកាត់ចាប់តាំងពីការដាក់ពាក្យចូលរៀន រហូតបញ្ចប់ការសិក្សានៅសាលា West Point។ ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្រោយ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានបន្តយកលិខិតដែលលោក សរសេរទៅឳពុករបស់លោកកាលពីឆ្នាំ៣០ឆ្នាំមុន មកធ្វើជាមូលដ្ឋានក្នុងការវាយប្រហារ។ 

លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច និងលោក សម រង្ស៊ី បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំង
លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច និងលោក សម រង្ស៊ី បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំង © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈឃ្លីបវីដេអូរយៈពេល១១នាទី និងសំណេរសង្ខេប ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត បានលើកយកចំណុចចំនួន៣មកពន្យល់ នោះគឺចំណុចទី១ សាលា West Point ពិបាកដាក់ដឺម៉ង់ចូលរៀនដែលក្នុង១ឆ្នាំមានអ្នកដាក់ពាក្យ១២ ០០០ ទៅ១៥ ០០០នាក់ ហើយជាប់តែ ១ ២០០នាក់ប៉ុណ្ណោះ។ ចំនុចទី២ ក្នុងចំណោមអ្នកជាប់ ១ ២០០នាក់ មានសិស្សបរទេសតែ២០នាក់ គឺមិនដល់២%ផង។

តាមលោក ហ៊ុន ម៉ាណែត ជនបរទេសត្រូវដាក់ដឺម៉ង់ពិសេស គឺដាក់ពាក្យតាមទូតអាមេរិកនៅក្រៅប្រទេសខុសពីជនជាតិអាមេរិកដែលមានសិទ្ធិដាក់ដឺម៉ង់ត្រង់ទៅសាលា។ ដោយឡែកចំពោះការប្រលងចូល ក៏មានលក្ខណៈខុសគ្នាដែរ ពោលគឺមានចំណេះដឹងទូទៅ កីឡា ដូចគ្នា តែថែមភាសាអង់គ្លេសមួយទៀតសម្រាប់សិស្សបរទេស។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត លើកឡើងពីអ្នកជួយធានាក្នុងការដាក់ពាក្យ ដោយលោក មានទូតអាមេរិកនៅកម្ពុជាជាអ្នកធានា។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក អមដោយរូបភាពលិខិត១សន្លឹករបស់លោក ហ៊ុន ម៉ាណែត ថាលោក ហ៊ុន ម៉ាណែត គ្មានចេះអ្វី ក្រៅពីតោងជើងខោឳ ដើម្បីឡើងតាមជើងខោឳ ដូចលោក ហ៊ុន ម៉ាណែត ខ្លួនឯង បានសរសេរផ្ទាល់ដៃ ប្រាប់ទៅឪពុកគាត់ប្រមាណ ២០ឆ្នាំមុន គាត់បានចូលរៀនសាលាទាហាន នៅសហរដ្ឋអាមេរិក ដោយសារតែការយោគយល់ និងការជម្រុញ ពីឪពុកគាត់គឺលោក ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្ត្រី និងជាមេទ័ព។

ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការចូលរៀននៅសាលា West Point រហូតដល់បញ្ចប់គឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់លោកសុទ្ធសាធ ដោយលោកចោទសួរទៅលោក សម រង្ស៊ី វិញថាលោក សម រង្ស៊ី កំពុងតែចោទថាអាមេរិកពុករលួយ ដែលថាទាល់តែកូនអ្នកធំទើបអាចចូលរៀនសាលា West Point បាន។

បេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះបញ្ជាក់ថា ការដាក់ដឺម៉ង់ចូលរៀន ជាការលំបាកមួយ តែសំខាន់លោកចោទជាសំណួរផងដែរថាតើរៀនទាន់គេឬទេ ហើយអាចតស៊ូដល់ទីបញ្ចប់រយៈពេល៤ឆ្នាំឬអត់?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ