អានតួអត្ថបទ
កម្ពុជា-នយោបាយ

ទស្សនកិច្ចនៅបារាំង៖ គ.ជ.ប នឹងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យងាកមកគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ នឹងលើកឡើងប្រាប់ភាគីអឺរ៉ុបតាមរយៈបារាំងអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំដំណើរការបោះឆ្នោតក្នុងខែកក្កដា។ ការ​លើកឡើងបែបនេះ គឺធ្វើឡើងនៅក្នុងអំឡុងពេលលោកទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមីនា។ 

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) © Internet
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងសន្និសិទសារព៏ត៌មានកាលពីថ្ងៃទី១៣ខែមីនា មុនដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតនៅបារាំង លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គ.ជ.ប នឹងបង្ហាញអំពីការត្រៀមរៀបចំការបោះឆ្នោតនៅកម្ពុជា ទាំងពេលមុន និងនៅពេលខាងមុខ ដើម្បីឲ្យ​បារាំង ក៏ដូចជាសហភាពអឺរ៉ុបបានយល់ និងបន្តគាំទ្រការបោះឆ្នោតនៅកម្ពុជាតទៅទៀត។ ការលើកឡើងយ៉ាងដូច្នេះ គឺតបនឹងសំណួររបស់អ្នកសារព័ត៌​មាន ដែលបានចោទសួរអំពីតម្រូវការរបស់អឺរ៉ុបចង់បានលំហសេរីភាព ប្រ​ជាធិបតេយ្យសេរីពហុបក្ស ក្នុងពេលបោះឆ្នោតនៅកម្ពុជា។

ប្រធាន គ.ជ.ប រូបនេះ បានអះអាងថា ការរៀបចំការបោះឆ្នោតនៅកម្ពុជា ទាំងសកល និងអសកល ពីមុនមកទល់បច្ចុប្បន្ននេះ គឺដំណើរការប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការ​ណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះហើយទើបលោក ប្រាជ្ញ ចន្ទ សង្ឃឹមថា សហភាពអឺរ៉ុប ក៏ដូចភាគីបារាំង នឹងបន្តគាំទ្រដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ពិសេសគាំទ្រការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តធ្វើនៅខែកក្កដា​ខាង​មុននេះ។

ការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទនេះ ត្រូវបានគេកត់សម្គាល់ឃើញផងដែរថា ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមរិក សហភាពអឺរ៉ុបជាដើម បានរិះគន់ថា មិនបានឆ្លុះបញ្ចាំងពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្រ្គោះជាតិ។ ចាប់ពីពេលលនោះមក សហភាពអឺរ៉ុបឈប់គាំទ្រដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។

សូមបញ្ជាក់ថា លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹកនាំប្រតិភូកម្ពុជា ទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមីនា​។ ការទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងរបស់ គ.ជ.ប គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ