អានតួអត្ថបទ
កម្ពុជា-នយោបាយ

អា​ជ្ញា​ធរ​ខេត្ត​ពោធិ៍​សាត់​ឃាត់​ដំណើរ​ធម្ម​យាត្រា​របស់​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​មាន​និន្នា​ការ​ទៅ​បក្ស​ប្រ​ឆាំង

 អាជ្ញា​ធរ​ស្រុក​បា​កាន​ខេត្ត​ពោធិ៍​សាត់ ​បាន​ឃាត់​ដំណើរ​ធម្ម​យាត្រា​ថ្មើ​ជើង​របស់​ព្រះ​សង្ឃ​មួយ​អង្គ​ និង​សកម្ម​ជន​សង្គម​មួយ​ចំនួន​ទៀត​ ដោយ​ព្រ​មាន​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ បើ​មិន​ចង់​មាន​បញ្ហា​។​ នេះ​បើ​តាម​ការ​អះ​អាង​របស់​ព្រះ​តេជ​គុណ ​សយ ​សាត​។​ ព្រះ​សង្ឃ​ព្រះ​ជន្ម​៧២​ព្រះ​វស្សា​ អង្គ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​និន្ន​ការ​ទៅ​រក​គណ​បក្ស​ភ្លើង​ទៀន​ ហើយ​បាន​ធ្វើ​យុទ្ធ​នា​ការ​ថ្មើ​ជើង​ក្រោម​ហេតុ​ផល​លើក​កម្ពស់​សីលធម៌​ និង​យុត្តិធម៌​សង្គម​ ប្រហាក់​ប្រហែល​គ្នា​នឹង​អ្វី​ដែល​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​​កាល​ពី​ខែ​មុន​​។​ 

អាជ្ញាធរស្រុកបាកានខេត្តពោធិ៍សាត់ បានឃាត់ដំណើរធម្មយាត្រាថ្មើជើងរបស់ព្រះសង្ឃមួយអង្គ និងសកម្មជនសង្គមមួយចំនួនទៀត។
អាជ្ញាធរស្រុកបាកានខេត្តពោធិ៍សាត់ បានឃាត់ដំណើរធម្មយាត្រាថ្មើជើងរបស់ព្រះសង្ឃមួយអង្គ និងសកម្មជនសង្គមមួយចំនួនទៀត។ © Internet
ផ្សាយពាណិជ្ជកម្ម

 

គោលដៅធម្មយាត្រាថ្មើជើងរបស់​ព្រះតេជគុណ សយ សាត និង​សកម្មជនសង្គមមួយចំនួន​គឺមានគោលដៅពីភ្នំពេញ​ទៅកាន់​ព្រំដែន​ខ្មែរ-ថៃ ខេត្ត​បន្ទាយជ័យ។ ប៉ុន្តែ​ពេលទៅ​ដល់​ភូមិសាស្ត្រស្រុកបាកាន​ខេត្ត​ពោធិ៍សាត់ ដំណើរថ្មើជើង​នេះ​ត្រូវបានអាជ្ញាធរបញ្ឈប់​ដោយ​ហៅទៅ​សួរនាំអស់រយៈពេលប្រហែល៣ម៉ោង។

ព្រះតេជគុណ​ សយ សាត មានសង្ឃដីកាប្រាប់វិទ្យុ​អាស៊ីសេរីថាកាលពីថ្ងៃអង្គារអាជ្ញាធរស្រុក​បាកាន​បាន​ព្រ​មាន​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ បើ​មិន​ចង់​មាន​បញ្ហា។ តែព្រះនៅតែមានជំហរ​ធ្វើធម្មយាត្រាទៅដល់​គោលដៅ។

បើតាមព្រះសង្ឃព្រះជន្ម៧២ព្រះវស្សាអង្គនេះ អាជ្ញាធរបានចោទប្រកាន់​ដំណើរ​ធម្មយាត្រា​របស់​ព្រះ​អង្គ​ថា រួមចំណែកគាំទ្រដល់​គណបក្សភ្លើងទៀន ខណៈលោក រ៉ុង ឈុន ដែលពេលនេះជាអនុប្រធានគណបក្ស​ភ្លើង​ទៀន ធ្លាប់​ដឹកនាំ​យុទ្ធនាការ​ប្រហាក់​ប្រហែលគ្នានេះដែរនៅក្រោម​រូភាព​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យទៅ​កាន់​ខេត្ត​បាត់​បំបង​កាលពីខែមុន។

កាលពីថ្ងៃទី៣មីនា លោក រ៉ុង ឈុន បាន​បង្ហោះ​រូបភាពជាច្រើន​សន្លឹកថាលោក និង​លោក ជា មុនី បានយកចង្ហាន់ទៅប្រគេនព្រះតេជគុណ សយ ហើយរួមដំណើរ​ធម្មយាត្រានៅតាមដង​ផ្លូវ។

ទោះជាយ៉ាងណា ក្រោយ​ការ​ឃាត់​សាកសួរប្រហែល៣ម៉ោង អាជ្ញាធរបានអនុញ្ញាតឲ្យ​ព្រះតេជគុណ សយ សាត និងសកម្មជន​សង្គម​មួយចំនួនទៀត​ដែល​រួមដំណើរអាចបន្តដំណើរទៅមុខបាន។

គួររំឭកថា កាលពីខែមុន ព្រះសង្ឃអង្គនេះក៏ធ្លាប់​រួមដំណើរយុទ្ធនាការ​ជាមួយសមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យពីភ្នំពេញ​ទៅកាន់​ខេត្ត​បាត់​ដំបង​ក្នុងគោលបំណងដូចគ្នានេះដែរ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ព្រះចៅអធិការវត្តមួយនៅខេត្តកំពង់ស្ពឺ បានបណ្តេញព្រះតេជគុណ សយ សាត ចេញពីវត្ត ដោយ​ចោទថា «ធ្វើសកម្មភាពបំផ្លាញសន្តិភាព»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ