អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ប្រាប់ឲ្យក្រសួងសុខាភិបាលកែលម្អគុណភាពសេវាក្រោយមានមនុស្សស្លាប់ដោយកែសម្ផស្ស

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកម្មវិធីបិទសន្និបាទបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ(២០១៨-២០២២) របស់ក្រសួងសុខាភិបាលកាលពីម្សិលមិញបានថ្លែងរំលឹកឲ្យក្រសួងសុខាភិបាលបន្តកែលម្អគុណភាពសេវាសុខាភិបាលជាប្រចាំ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងក្រោយមានការធ្វេសប្រហែសផ្នែកវេជ្ជសាស្ត្រមួយចំនួន ដែលបានកើតឡើងជារឿយៗនៅតាមគ្លីនិកឯកជនកន្លងមក។

មជ្ឈមណ្ឌលកែសម្ផស្ស M25 ប៊ីយូធី
មជ្ឈមណ្ឌលកែសម្ផស្ស M25 ប៊ីយូធី © Internet
ផ្សាយពាណិជ្ជកម្ម

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលឲ្យកែលម្អគុណភាពសេវាសុខាភិបាលជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ដែលក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។

លោក ហ៊ុន សែន បញ្ជាក់ថាក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថាសេវាថែទាំសុខភាពដែលបានផ្តល់មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបាន

កំណត់។

សូមរំលឹកថាកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញលិខិតបិទមជ្ឈមណ្ឌលកែសម្ផស្សមួយឈ្មោះ M25 ប៊ីយូធី ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានស្ត្រីម្នាក់ស្លាប់ ក្រោយការវះកាត់កែសម្ផស្ស។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រសួងសុខាភិបាលបានចេញលិខិតបិទមន្ទីរសំរាកព្យាបាល ឬគ្លីនិកឯកជនមួយឈ្មោះ«ដើមអង្គ្រង» ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វេសប្រហែសគ្មានជំនាញនៅក្នុងការព្យាបាលស្ត្រីរំលូតកូនដែលស្លាប់ក្នុងផ្ទៃ។

គួរបញ្ជាក់ដែរថាគុណភាពសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជា ត្រូវគេមើលឃើញថាបានប្រឈមនឹងទំនុកចិត្ត និងជំនឿជឿជាក់ពីសាធារណជនខ្មែរនៅឡើយ ខណៈពលរដ្ឋខ្មែរមួយចំនួន នៅតែបន្តចាកចេញទៅស្វែងរកសេវាសុខាភិបាលនៅប្រទេសជិតខាង ឬសេវាសុខាភិបាលនៅតាមប្រទេសជឿនលឿនផ្សេងទៀត ទៅតាមលទ្ធភាពរៀងៗខ្លួន។

ទោះយ៉ាងណា ក្រសួងសុខាភិបាលក៏មានគុណសម្បត្តិផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការពិនិត្យ និងព្យាបាលពលរដ្ឋខ្មែរ តាមរយៈមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ហើយរយៈពេល៣ឆ្នាំកន្លងទៅនេះ ក្រសួងសុខាភិបាលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នឹងជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ