អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពស្នើរដ្ឋាភិបាលនិងនិយោជក ផ្តល់ប្រាក់ជំនួយសង្គមដល់កម្មករ ក្រោយរោងចក្របណ្តាក់គ្នាបិទទ្វារ

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បន្ត​ផ្តល់​នូវ​ជំនួយ​មូល​និធិ​សង្គម​ និង​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ចេញ​សេចក្តី​ប្រកាស​តម្រូវ​ឱ្យ​ភាគី​និយោជក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​-កម្មការនី​ដែល​ត្រូវ​បាន​ព្យូរ​ការងារ​ រហូត​ពួក​គេ​អាច​ចូល​បម្រើ​ការងារ​ឡើង​វិញ។​ ការ​លើក​សំណើរ​របស់​ភាគី​សហជីព​នា​ពេល​នេះ​ គឺ​ចំ​ពេល​ដែល​កម្មករ​រាប់​ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះ​ខាត​ បន្ទាប់​ពី​រោង​ចក្រ​កាត់ដេរ​ជា​ច្រើន​កន្លែង​បាន​សម្រេច​បិទទ្វារ​ និង​ព្យូរ​កិច្ចសន្យា​ការងារ​របស់​ពួកគេ។​

រោងចក្រកាត់ដេរ
រោងចក្រកាត់ដេរ © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយជំនួបរវាងតំណាងសហជីព និងរដ្ឋមន្ត្រីក្រសួងការងារកាលពីថ្ងៃទី០៣ ខែមីនា លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា រំពឹងថា សំណើរដែលថ្នាក់ដឹកនាំសហជីពបានដាក់ជូនក្រសួងការងារពិនិត្យនោះ នឹងអាចមានការសម្រេចជាវិជ្ជមានមួយ សម្រាប់ជាផលប្រយោជន៍ដល់នយោជិត(កម្មករ) រាប់ពាន់នាក់ដែលកំពុងព្យូរការងារ និងមិនទទួលបានប្រាក់ឧបត្ថម្ភជំនួយសង្គម ឬការទូទាត់ប្រាក់ព្យូរកិច្ចសន្យាការងារពីថៅកែជាដើម។

ក្នុងនោះ លោក ប៉ាវ ស៊ីណាចង់ឃើញ រដ្ឋាភិបាល និងភាគីនិយោជកផ្តល់ប្រាក់ឧបត្តម្ភជំនួយសង្គម និងប្រាក់ព្យូរការងារដល់កម្មករដូចអ្វីដែលរដ្ឋាភិបាលធ្លាប់បានអនុវត្តកាលពីអំឡុងវិបត្តិជំងឺកូវីដ-១៩ដែរ។ ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះទៀតសោធ គឺត្រូវអនុវត្តដរាបណាកម្មករដែលកំពុងព្យូរការងារទាំងអស់ អាចវិលចូលបម្រើការងារឡើងវិញ។

បើតាមថ្នាក់ដឹកនាំសហជីពរូបនេះ លោកមិនទាមទារឱ្យរដ្ឋាភិបាល ក៏ដូចជាខាងនិយោជក ត្រូវផ្តល់ប្រាក់ឧបត្ថម្ភក្នុងកម្រិតខ្ពស់នោះទេ។ ប៉ុន្តែគួរផ្តល់ក្នុងកម្រិតណាមួយដែលអាចទទួលយកបាន និងអាចជួយដោះស្រាយជីវភាពរបស់កម្មករនិយោជិតដែលពួកគេខ្លះកំពុងជួបប្រទះបញ្ហាខ្វះខាតខ្លាំង។

ទាក់ទិននឹងរឿងនេះ ប្រធានសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រី ទូច សើក៏ធ្លាប់លើកឡើងម្តងរួចមកហើយថា ការដែលមិនកំណត់ អំពីការផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃព្យួរការងារនេះ និយោជកខ្លះ ចេះតែលើកហេតុផលវិបត្ដិផ្សេងៗ ដែលធ្វើឲ្យការផ្ដល់នូវកញ្ចប់ប្រាក់ឈ្នួលថ្លៃព្យួរការងារនោះ វាមិនអាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករបាន។ មិនអាចឆ្លើយតប ក៏ដោយសារតែ ការចំណាយថ្លៃបន្ទប់ស្នាក់របស់កម្មករខ្លះនៅមិនអាចគ្រប់គ្រាន់ ខណៈកម្មករខ្លះត្រូវសង់បំណុលធនាគារ ឬមានបន្ទុកចំណាយផ្សេងៗទៀត។

តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានអះអាងថា ក្រសួងបានចាត់តំណាង និងក្រុមការងារបច្ចេកទេសឱ្យពិនិត្យមើលរបាយការណ៍ផ្សេងៗពីតំណាងភាគីសហជីព និងតំណាងសមាគមកាត់ដេរ ដើម្បីស្នើសុំជាគោលការណ៍ទៅកាន់រដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភជំនួយសង្គមដល់កម្មករនិយោជិតដែលកំពុងព្យូរការងារ ខណៈក្រសួងក៏ធ្លាប់ពិចារណាលើការផ្តល់ជំនួយសង្គមនេះដូចគ្នា។ នេះបើតាមការឱ្យដឹងពីតំណាងសហជីព។

ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនេះ កាលពីឆ្នាំ២០២១កន្លង រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភជំនួយសង្គមដល់កម្មករក្នុងម្នាក់៤០ដុល្លារក្នុងមួយខែ ខណៈភាគីនិយោជកបានផ្តល់ប្រាក់ព្យូរកិច្ចសន្យាការងារក្នុងម្នាក់៣០ដុល្លារ ក្នុងមួយខែ បន្ទាប់ពីរោងចក្រជាច្រើនបានបិទទ្វារក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។

ដោយឡែក បើ​តាមរបាយការណ៍ពីសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា  គិតមកដើមឆ្នាំ២០២៣នេះ ​មាន​រោង​ចក្រ​ចំនួន​១០បានបិទទ្វា​រ និងរោងចក្រ​ជិត៥០០ បានព្យួរការងារកម្មករ​ ខណៈរោងចក្រប្រមាណ​៦០​ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ហើយរោងចក្រប្រមាណ៧០ ទៅ៨០ភាគរយគ្មានវត្ថុធាតុដើមសម្រាប់កាត់ដេរបន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ