អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន អំពាវនាវក្រុមប្រឆាំងកុំរិះគន់អ្នកដែលមាននិន្នាការប្រឆាំងចុះចូលជាមួយរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញមកប្រតិកម្មទៅនឹងការរិះគន់របស់គណបក្សនយោបាយមួយចំនួន ដែលសរសេររិះគន់នៅចំពោះមុខអ្នកដែលមាននិន្នាការប្រឆាំង បានចុះចូលជាមួយនឹងរដ្ឋាភិបាល។ នៅចំពោះមុខបញ្ហានេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមអ្នកប្រឆាំងបញ្ឈប់ការរិះគន់ ព្រោះជាសិទ្ធិនយោបាយរបស់ពលរដ្ឋ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមសកម្មជនចុះចូលនឹងរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមសកម្មជនចុះចូលនឹងរដ្ឋាភិបាល © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយមើលឃើញពីចរន្តរិះគន់របស់គណបក្សនយោបាយ និងអ្នកនយោបាយមួយចំនួន មកលើក្រុមសកម្មជនប្រឆាំងដែលបានចុះចូលជាមួយរដ្ឋាភិបាល ថាជាការលក់ឧត្តមគតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថានេះជាការប្រមាថ ទាំងដែលការរិះគន់ទាំងនោះ ធ្វើឡើងដោយមិនបានគោរពទៅលើសេរីភាពនយោបាយរបស់ក្រុមយុវជន។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺក្រុមសកម្មជនប្រឆាំងដែលមករួមរស់នយោបាយជាមួយរដ្ឋាភិបាលពេលនេះ បានយល់ច្បាស់ថា ការគាំទ្រគណបក្សប្រឆាំងនាពេលកន្លងមកនោះ មិនទទួលបានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីការចំណាកស្រុកទៅដល់ទឹកដីអាមេរិក និងទទួលយកការបណ្តុះបណ្តាលបដិវត្តន៍ពណ៌។ តាមលោក ហ៊ុន សែន ចំណុចនេះហើយ ដែលក្រុមយុវជនត្រូវផ្លាស់ប្តូរជំហររបស់ខ្លួន ហើយមកចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតអង្គការដោះស្រាយបញ្ហារួមជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាការកត់សម្គាល់ ការលើកឡើងរបស់លោក ហ៊ុន សែន ពេលនេះ គឺឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមអ្នកនយោបាយមួយចំនួន ទាក់ទងទៅនឹងចរន្តក្រុមសកម្មជនប្រឆាំងមួយចំនួន ដែលបានធ្វើសមាហរណកម្មនយោបាយជាមួយរដ្ឋាភិបាល។ មានករណីពីរចុងក្រោយ ដែលជាទឡ្ហីករណ៍អាចបញ្ជាក់ពីសម្តីរបស់លោក ហ៊ុន សែន ពេលនេះ។ នោះគឺ កូនភ្លោះ ជុំ ហួត និងជុំ ហួរ ដែលធ្លាប់ជាសកម្មជនបរិស្ថាន និងបរិយាយបញ្ហាបរិស្ថានកន្លងមក។ កូនប្រុសភ្លោះទាំងពីរ ដែលអះអាងថាខ្លួនជាកូនសិស្សលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម ផងនោះ ធ្លាប់រងការគំរាមកំហែង រហូតត្រូវភៀសខ្លួនទៅប្រទេសថៃមួយរយៈ។ ក៏ប៉ុន្តែ អ្នកទាំងពីរបានក្លាយជាជំនួយការនៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ។

ដោយឡែកករណីមួយទៀត លោក ម៉េង ហុង ដែលអះអាងថា ជាអតីតសកម្មជនចលនាមាតាធម្មជាតិ។ អតីតសកម្មជនចលនាមាតាធម្មជាតិរូបនេះ បានសម្រេចបង្កើតអង្គការមាតាធម្មជាតិថ្មីមួយ ដ្បិតបានលើកឡើងថា ការធ្វើសកម្មភាពការពារបរិស្ថាននាពេលកន្លងមក មិនបានអនុវត្តពេញលេញទៅតាមសមត្ថភាពដែលលោកមាន ហើយក៏មិនបានស្វែងរកពីគោលនយោបាយការពារបរិស្ថានរបស់រដ្ឋាភិបាល។ ការបង្កើតអង្គការមាតាធម្មជាតិថ្មីមួយ ដាច់ដោយឡែក គឺលោក ម៉េង ហុង យល់ថា ជាការចូលរួមការពារព្រៃឈើ ជាជាងបង្ខូចឈ្មោះរដ្ឋាភិបាល។

យ៉ាងណាមិញ នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមទៀតថា ក្រុមអ្នករិះគន់ទាំងនោះគួរមានភាពប្រុងប្រយ័ត្ន ខ្លាចក្រែងតែក្រុមដែលមករួមរស់ជាមួយរដ្ឋាភិបាលពេលនេះ ធ្វើសកម្មភាពបាតុកម្មប្រឆាំងនឹងក្រុមគណបក្ស និងអ្នកនយោបាយទាំងនោះវិញ។ តែយ៉ាងនេះក្តី លោក ហ៊ុន សែន ថាលោកក៏បានស្នើឲ្យក្រុមដែលចុះចូលជាមួយរដ្ឋាភិបាលពេលនេះ កុំធ្វើសកម្មភាពបែបហិង្សា តែគ្រាន់ធ្វើសេចក្តីថ្លែងការណ៍ពន្យល់គឺគ្រប់គ្រាន់។ ហើយសម្រាប់ក្រុមអ្នកប្រឆាំងទាំងឡាយ លោក ហ៊ុន សែន បានបង្ហាញភាពសោកស្តាយ ថាអ្នកទាំងនោះបានតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែមិនយល់ពីប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិសម្រេចរបស់អ្នកដទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ