អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារពង្រីងប្រព័ន្ធទឹកស្អាតនៅខេត្តស្វាយរៀង

ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រីង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​ស្វាយ​រៀង​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​ក្នុង​ជំនួប​ថ្ងៃ​ទី​២៤​កុម្ភៈ ​នៅ​រាជធានី​ភ្នំពេញ ​រវាង​លោក ​អ៊ុច​ បូររិទ្ធ​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​លោក ​តាកេ ហ្សីនសឺកិ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ជប៉ុន​។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងលោក តាកេ ហ្សីនសឺកិ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងលោក តាកេ ហ្សីនសឺកិ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន © Internet
ផ្សាយពាណិជ្ជកម្ម

លើសពី​ការ​ផ្តល់ជំនួយ​ឥតសំណងជាង៣០លានដុល្លារនេះ បើតាម​ក្រសួងការបរទេស​កម្ពុជា ភាគីទាំងពីរ​បាន​ប្តេជ្ញាចិត្តជាថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ និង​ពង្រីក​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ និង​សំដែងការពេញចិត្តលើចំណត់​ត្រា​នៃ​ទំនាក់ទំនង​ទ្វេរភាគី​ រួមទាំង ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឆ្នាំនេះ។

កម្ពុជា និង​ជប៉ុន ក៏បានពិភាក្សាផងដែរ​អំពីមធ្យោបាយនានា ដើម្បីជំរុញ​បន្ថែម​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ វិស័យការពារជាតិ និង​សន្តិសុខ ការ​ផ្លាស់​ប្តូរប្រជាជន និងប្រជាជន រួមទាំងការ​ដោះមីន​នៅកម្ពុជា។

ចំពោះ​វិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាព​ជំរុញ​ឲ្យ​មានវត្តមានធុរកិច្ច​ជប៉ុន​មកកម្ពុជា តាមរយៈ​ការ​បើក​ឲ្យ​ដំណើរការឡើងវិញ ជើងហោះហើរត្រង់​រវាង​ប្រទេស​ទាំងពីរ។

ដោយឡែកចំពោះ​វិស័យការពារជាតិ ភាគីទាំងពីរ​បានកត់​សំគាល់ពីការ​រីក​ចម្រើន​នូវ​កិច្ច​សហប្រតិបត្តិការ​ តួយ៉ាង ការចូលចត​វានាជើងទឹកនៅតាម​កំពង់​ផែន​ ខណៈ​វិស័យធនធានមនុស្ស​ជប៉ុនបានបញ្ជាក់​ពីការគាំទ្រ​ចំពោះ​សំណើររបស់កម្ពុជា​ក្នុង​ការសុំដំណើរការឡើងវិញ​កម្មវិធីយល់​ដឹង​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ ពហុបក្សសម្រាប់​អ្នក​នយោបាយ​វ័យ​ក្មេង​។

​នៅចំពោះមុខ​សមភាគីជប៉ុន​ដែលជាតួអង្គសំខាន់មួយបានរួមចំណែក​ច្រើន​ដល់​​ការ​រៀបចំ ប្រព័ន្ធ​បោះឆ្នោត​កន្លងទៅ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្តរបស់​​កម្ពុជា ក្នុង​ការរៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅខែ​កក្កដា ឲ្យប្រព្រឹត្តិទៅដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​ឆ្លុះបញ្ចាំងពីឆន្ទៈ​ប្រជាពលរដ្ឋ។

ខណៈដែលឆ្នាំនេះកម្ពុជា​មានឱកាស​ធ្វើ​ជាម្ចាស់​ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជប៉ុន​បាន​សន្យា​បញ្ជួន​អាជ្ញាកណ្តាល​របស់​ខ្លួន​ចំនួន៤០រូប​មកជួយកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ