អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខួប១ឆ្នាំសង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន៖ កម្ពុជាប្រឆាំងរុស្ស៊ី៣ដង និងអនុបវាទ១ដង

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួប១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ រយៈពេល១ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាបានបោះឆ្នោតប្រឆាំងនឹងការឈា្លនពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនចំនួន ៣ដង និងបោះឆ្នោតអនុបវាទចំនួន១ដង ក្នុងចំណោមការបោះឆ្នោតសំខាន់ៗចំនួន៤ដង នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ប្រទេសសរុបចំនួន 141 បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
ប្រទេសសរុបចំនួន 141 បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ UN Photo/Loey Felipe - Loey Felipe
ផ្សាយពាណិជ្ជកម្ម

ប្រទេសកម្ពុជាបានបោះឆ្នោតចុងក្រោយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញគាំទ្រអង្គការសហប្រជាជាតិ រួមជាមួយប្រទេសចំនួន ១៤០ផ្សេងទៀត ដែលបានទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែន និងបញ្ឈប់សង្គ្រាម។ គឺជាការបោះឆ្នោតប្រឆាំងរុស្ស៊ីលើកចុងក្រោយរបស់កម្ពុជា ខណៈដែលរដ្ឋចំនួន៦ បានបោះឆ្នោតគាំទ្ររុស្ស៊ី និង៣១ផ្សេងទៀតអនុបវាទ ក្នុងនោះមានចិនផងដែរ។

កាលពីការបោះឆ្នោត៣លើកកន្លងទៅ ពោលគឺនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាចូលរួមជាប្រទេស co-sponsors បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ដែលបានបើកការឈ្លានពានអ៊ុយក្រែន ដែលសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិពេលនោះមានប្រទេសចំនួន១៤១គាំទ្រ។

ជាបន្ទាប់មកទៀត ប្រទេស​កម្ពុជា​បាន​ប្រកាន់ជំហរអព្យាក្រឹត ​ដោយ​សម្លេង​អនុបវាទ​ នៅក្នុង​ការបោះឆ្នោត​ព្យួរសមាជិកភាព​របស់រុស្ស៊ី​ពីក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាលពីថ្ងៃទី៧ ​ខែមេសា​ ឆ្នាំ២០២២ផងដែរ។ ​មហាសន្និបាតអង្គការសហប្រជាជាតិ ​បាន​សម្រេច​ព្យួររុស្ស៊ី​ពីក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​តាមរយៈ​សម្លេង​គាំទ្រ ​៩៣សម្លេង​ ប្រឆាំង​ ២៤សម្លេង​ និង​អនុបវាទ​ ៥៨សម្លេង ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សរុប១៧៥ ខណៈដែល​កម្ពុជា​រួមនឹង​ប្រទេស​អាស៊ាន​ស្ទើរតែ​ទាំងអស់​បានបោះឆ្នោត​អនុបវាទ​ និង​ប្រឆាំង​។

លើសពីនេះ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ដែរ កម្ពុជាក៏បាន​ថ្កោល​ទោស​រុស្ស៊ី ទាក់ទងនឹងការប៉ុនប៉ងរបស់រស្ស៊ីក្នុងការ​​កាត់​យក​​តំបន់​ចំនួន​៤ ​គឺ Luhansk Kherson Donetsk និង​តំបន់ Zaporizhzhia នៃ​ប្រទេស​អ៊ុយក្រែនទៅគ្រប់គ្រង។

កម្ពុជា ក៏ដូចជាជំហររួមរបស់អាស៊ាន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ តែងសម្តែងនូវការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដ៏តានតឹងនៅអ៊ុយក្រែន។ កម្ពុជា និងអាស៊ានក៏បានអំពាវនាវឲ្យបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ហើយបង្កើតបរិយាកាសល្អសម្រាប់ការចរចា ដោយគោរពទៅលើច្បាប់អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ