អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋ​ភូមិ​ព្រលាន​២៤៣​ក្នុង​ខេត្តកោះកុង​ បន្ត​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទដី​ធ្លី​ក្រោយ​រដ្ឋ​យក​ហូតដី​ឱ្យ​ក្រុមហ៊ុន​ឯកជន

តំណាង​សហគមន៍​ភូមិ​ព្រលាន២៤៣គ្រួសារ​ បាន​ទទូច​ស្នើ​ឱ្យ​​អាជ្ញាធរ​ខេត្ត​កោះកុង​ ជួយ​អន្តរាគមន៍​បញ្ហាវិវាទដី​ធ្លី​ជូន​ពលរដ្ឋ​ទាំងអស់​ ក្រោយ​ពួក​គេ​អះអាង​ថា ​បាន​រងគ្រោះ​ពីការ​ដកហូត​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​ចាប់តាំង​ពីឆ្នាំ​១៩៩៥ ​ទៅឱ្យក្រុមហ៊ុន​ស្ករ​អំពៅ​របស់​អ្នក​ឱកញ៉ា លី យ៉ុងផាត់​កាល​ពីឆ្នាំ២០០៦។​ បើតាម​ តំណាង​សហគមន៍​២៤៣​គ្រួសារ​ ពលរដ្ឋ​បានបន្ត​ដាក់​ញាតិ​ជាហូរហែរ​ទៅកាន់​រដ្ឋ​បាល​ខេត្ត​ និង​ស្វែង​រក​កិច្ចអន្តរាគមន៍​ពីស្ថាប័ន​ពាក់ព័ន្ធ​ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយជិត​១៧​មកឆ្នាំមកនេះ។​

តំណាងសហគមន៍ភូមិព្រលាន២៤៣គ្រួសារ បានទទូចស្នើឱ្យអាជ្ញាធរខេត្តកោះកុង ជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជូនពលរដ្ឋទាំងអស់ ក្រោយពួកគេអះអាងថា បានរងគ្រោះពីការដកហូតដីដែលធ្លាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ ទៅឱ្យក្រុមហ៊ុនស្ករអំពៅរបស់អ្នកឱកញ៉ា លី យ៉ុងផាត់កាលពីឆ្នាំ២០០៦
តំណាងសហគមន៍ភូមិព្រលាន២៤៣គ្រួសារ បានទទូចស្នើឱ្យអាជ្ញាធរខេត្តកោះកុង ជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជូនពលរដ្ឋទាំងអស់ ក្រោយពួកគេអះអាងថា បានរងគ្រោះពីការដកហូតដីដែលធ្លាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ ទៅឱ្យក្រុមហ៊ុនស្ករអំពៅរបស់អ្នកឱកញ៉ា លី យ៉ុងផាត់កាលពីឆ្នាំ២០០៦ © Internet
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី ភាព តេង តំណាងពលរដ្ឋ២៤៣គ្រួសារ រស់នៅក្នុងសហគមន៍ព្រលាន ក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុងបានឱ្យដឹងថា ជិត១៧ឆ្នាំមកហើយ ដែលពលរដ្ឋចំនួន២៤៣គ្រួសាររស់នៅសហគមន៍ព្រលាន បន្តរងភាពអយុត្តិធម៌ពីការដកហូតដីធ្លាប់អាស្រ័យផលទៅឱ្យក្រុមហ៊ុនផលិតស្ករអំពៅ« កោះកុងស៊ូហ្គើ» និង«កោះកុងផ្លេនថេសិន» របស់ឱកញ៉ា លី យ៉ុងផាត់។

អ្នកស្រីថា ពលរដ្ឋទាំងអស់បានដើរដាក់ញាតិទៅកាន់រដ្ឋបាលខេត្ត និងទៅកាន់ក្រសួងដែនដីម្តងជាពីរដងហើយ។ ប៉ុន្តែក្រោយមក ក្រសួងដែនដី និងអាជ្ញាធរបានបដិសេធមិនដោះស្រាយវិវាទដីធ្លីនេះជូនពលរដ្ឋឡើយ ដោយបញ្ជាក់មកវិញថា ដីដែលពលរដ្ឋធ្លាប់អាស្រ័យផលនាពេលកន្លងមកនោះ គឺជាដីរបស់រដ្ឋ ហើយក្រសួងក៏ដោះស្រាយបញ្ចប់បញ្ហានេះតាំងពីឆ្នាំ២០១៨រួចរាល់អស់ហើយ ដូច្នេះក្រសួងមិនអាចដោះស្រាយម្តងទៀតបានឡើយ។  

បើតាមតំណាងពលរដ្ឋរូបនេះ រដ្ឋបានដកហូតដីដែលពលរដ្ឋធ្លាប់អាស្រ័យផលទាំងអស់ប្រមាណ៩៤០០ហិកតាទៅធ្វើជាសម្បត្តិឯកជនរបស់រដ្ឋវិញ។ ខណៈរដ្ឋក៏បានប្តឹងពលរដ្ឋចំនួន៥នាក់ទៅតុលាការ បន្ទាប់ពីពួកគេបានទៅរស់នៅលើដីដែលរដ្ឋបានដកហូតរួចហើយ។ ពាក្យបណ្តឹងដែលរដ្ឋប្តឹងនោះគឺ ក្រោមបទចោទ«បង្ក​​ចលា​ចល និង​ធ្វើឱ្យខូចសណ្ដាប់ធ្នាប់​សាធារណៈ អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង​អំពើប៉ះ​ពាល់​កម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។

ក្នុងនោះ អ្នកស្រី ភាព​ តេង បញ្ជាក់ថា អ្នកស្រីក៏ជាប់ពាក់ព័ន្ធបណ្តឹងនៅតុលាការដូចគ្នា ហើយតុលាការបានកោះហៅពលរដ្ឋទាំង៥នាក់នោះ ឱ្យចូលសវនការចំនួន២លើកហើយ ប៉ុន្តែលើកទី១ មិនមានលទ្ធផលណាមួយសម្រេចទេ ហើយកោះហៅលើកទី២ តុលាការបានលើកពេលទៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣វិញ មូលហេតុគឺចៅក្រមឈឺ។

ចំណែក កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ពលរដ្ឋសហគមន៍ភូមិព្រលានបានដាក់ញាតិទៅកាន់រដ្ឋបាលខេត្តកោះកុង ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លីនេះ ក៏ដូចជាស្នើសុំជួួបជាមួយអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។

ក្រោយមកនៅថ្ងៃដដែល លោកស្រី មិថុនា ភូថង បានស្នើឱ្យពលរដ្ឋដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋ ប្រសិនបើពលរដ្ឋនោះពិតជាគ្មានដីប្រាកដមែន។ ប៉ុន្តែ បើលើសពីនេះ អភិបាលខេត្តរូបនេះថា ខេត្តមិនមានយន្តការណាដោះស្រាយជូនបន្តទៀតទេ។

ចំណែក អ្នកស្រី ឃុន ង៉ាវ ពលរដ្ឋភូមិព្រលានដែរនោះ បានបដិសេធមិនស្នើសុំដីសម្បទានសង្គមកិច្ចឡើយ ពីព្រោះអ្នកស្រីថា ពលរដ្ឋបានបាត់បង់ដី ដោយសាររដ្ឋដកហូតទៅឱ្យក្រុមហ៊ុនឯកជន។ ម្ល៉ោះហើយ រដ្ឋត្រូវទទួលខុសត្រូវលើរឿងនេះ ហើយត្រូវដោះស្រាយតាមទំហំជាក់ស្តែងដែលក្រុមហ៊ុនបានរំលោភយក៕

សូមជម្រាបថា បញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឱកញ៉ា លី យ៉ុង ផាត់ ពលរដ្ឋជិត២០នាក់ត្រូវរងពាក្យបន្តឹងនៅតុលាការ ក្រោមបទចោទដូចគ្នា គឺ«បង្ក​​ចលា​ចល និង​ធ្វើឱ្យខូចសណ្ដាប់ធ្នាប់​សាធារណៈ អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង​អំពើប៉ះ​ពាល់​កម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។ ពលរដ្ឋជិត២០នាក់នោះ គឺជាពលរដ្ឋរស់នៅភូមិព្រលាន ២៤៣គ្រសួង, ពលរដ្ឋ៨៤៣គ្រួសារ ​នៅសហគមន៍​៨៤៣ និង​ពលរដ្ឋ ១២៩​គ្រួសារ ​នៅ​សហគមន៍​១២៩ និង​សហគមន៍ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ