អានតួអត្ថបទ
កម្ពុជា-សង្គម

សាលា​ក្រុង​ ត្រៀម​ជជែក​ជាមួយ​ក្រុម​ពលរដ្ឋ​សកម្ម​ ជុំវិញ​សំណើ​សុំ​សម្តែង​មតិ​នៅទីលាន​ប្រជាធិបតេយ្យ

អភិបាលរង​រាជធានីភ្នំពេញ​បាន​ឱ្យដឹងថា​ រដ្ឋបាល​រាជធានីភ្នំពេញ​ នឹង​អញ្ចើញ​តំណាង​ក្រុម​ពលរដ្ឋ​សកម្ម​ ចូល​ពិភាក្សាគ្នា​ជុំវិញ​នីតិវិធី​ធ្វើបាតុកម្ម​ឱ្យ​ស្រប​ទៅតាម​ច្បាប់​ និង​ការ​ទទួល​ខុស​ត្រូវ​មុន​នឹង​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យធ្វើបាតុកម្ម​ដោយ​សន្តិវិធី​នៅឯណា​ទី​លាន​ប្រជាធិបតេយ្យ​តប​តាម​ការ​ស្នើសុំ។​ ការត្រៀម​ជួប​ពិភាក្សា​គ្នា​នេះ ​ធ្វើឡើង​ក្រោយ​ក្រុម​ពលរដ្ឋ​សកម្ម​បាន​ដាក់​លិខិត​ស្នើសុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​នៅឯលាន​ប្រជាធិបតេយ្យ​នៅថ្ងៃទី២៦​ ខែកុម្ភៈ​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ចេញ​ប័ណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន្ត៍ ​និង​ការ​បង្កើត​ថ្នាក់​រៀន​ភាសារៀតណាម​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

ក្រុមពលរដ្ឋសកម្មបានដាក់លិខិតស្នើសុំធ្វើបាតុកម្មដោយសន្តិវិធីនៅឯលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន្ត៍ និងការបង្កើតថ្នាក់រៀនភាសារៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ក្រុមពលរដ្ឋសកម្មបានដាក់លិខិតស្នើសុំធ្វើបាតុកម្មដោយសន្តិវិធីនៅឯលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន្ត៍ និងការបង្កើតថ្នាក់រៀនភាសារៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ © FB
ផ្សាយពាណិជ្ជកម្ម

លោក កើត ឆែ អភិបាលរងនៃសាលាក្រុងភ្នំពេញបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា សាលាក្រុងភ្នំពេញ​បានទទួលសំណើររបស់ម្ចាស់សំណើរ(ក្រុមពលរដ្ឋសកម្ម) ដើម្បីសុំសិទ្ធិសម្តែងមតិនៅថ្ងៃទី២៦ ខែកុម្ភៈ នៅឯទីលានប្រជាធិបតេយ្យរួចហើយ។ ប៉ុន្តែលោក​ថា រដ្ឋបាលរាជធានីភ្នំពេញមិនទាន់អាចសម្រេចផ្តល់សិទ្ធិសម្តែងជូនម្ចាស់សំណើរឡើយ។ ត្បិតថា នៅថ្ងៃទី២៣ ខែកុម្ភៈ សាលាក្រុងភ្នំពេញ នឹងជួបពិភាក្សាជាមួយម្ចាស់សំណើរ ដើម្បីពិនិត្យលើនីតិវិធីធ្វើបាតុកម្មឱ្យស្របទៅតាមច្បាប់ដែលមានចែង ហើយប្រសិនបើសំណើរនោះមានលក្ខណៈគ្រប់គ្រាន់ស្របតាមច្បាប់ហើយ លោក កើត ឆែថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាជុំវិញការទទួលខុសនៅពេលសម្តែងមតិបន្ថែមទៀត។ 

អភិបាលរងរូបនេះបានលើកឡើងទៀតថា ប្រសិនបើសំណើរនោះបានបំពេញលក្ខខណ្ឌសព្វគ្រប់ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុញ្ញាតផ្តល់សិទ្ធិឱ្យធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែមិនត្រូវដើរហួសនូវអ្វីដែលច្បាប់បានចែងនោះទេ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ តំណាងក្រុមពលរដ្ឋសកម្មបានដាក់លិខិតជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញ។ កម្មវត្ថុនៃលិខិតនោះ គឺស្នើសុំសិទ្ធិសម្តែងមតិនៅឯទីលានប្រជាធិបតេយ្យដែលត្រៀមធ្វើនៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណ១២០នាក់ផង។ បើតាមការអះអាងពីលោក អ៊ំ ឈុម តំណាងក្រុមពលរដ្ឋសកម្មគឺថា ការសម្តែងមតិនោះ នឹងបន្តស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន្ត៍ និងការស្នើឱ្យក្រសួងអប់រំដកចេញនូវកម្មវិធីសិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹម អេង ចាត់ទុកថា ការសម្តែងមតិរបស់ពលរដ្ឋចំពោះរឿងទាំងអស់នេះ ជាសិទ្ធិរបស់ពួកគេ ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា។ លោក យ៉ង់ គឹមអេងបន្តថា ពលរដ្ឋមិនគួររងការរារាំង ឬរងការគំរាមកំហែងពីអាជ្ញាធរចំពោះសកម្មភាពសម្តែងមតិរបស់ពួកគេ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនោះទេ។

សូមជម្រាបថា ក្រសួងមហាផ្ទៃនៅមិនទាន់មានការបញ្ជាក់យ៉ាងណានោះទេ ចំពោះការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន្ត៍ជាពិសេសពលរដ្ឋវៀតណាម។ ប៉ុន្តែ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទាំងអស់ឱ្យ ទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនអន្តោប្រវេសន្តនៅកម្ពុជាបន្ទាប់ពីក្រសួងសង្កេតឃើញថា មន្ត្រីភាគច្រើនមិនផ្តល់តម្លៃដល់បណ្ណមួយនេះ។ បើតាម ក្រសួងមហាផ្ទៃ គិតមកទល់ពេលនេះ ជនបរទេសអន្តោប្រវេសន្តយ៉ាងតិច៦ម៉ឺននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ប័ណ្ណស្នាក់នៅស្របច្បាប់។

ចំណែក ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំធ្លាប់បានបំភ្លឺម្តងរួចមកហើយថា គោលបំណងសំខាន់ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយប្រទេសវៀតណាម ដូចទៅនឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀតដែរដែលបច្ចុប្បន្នមានដេប៉ាតឺម៉ង់ ភាសាចិន បារាំង ថៃ កូរ៉េ ជប៉ុនជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ