អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​ព័ត៌​មាន​៖​ការ​បិទ​អាជ្ញា​ប័ណ្ណ​មាន​វិសាល​ភាព​តែ​លើ​ការ​ផ្សាយ​របស់​វីអូឌី​ តែ​ការ​ងារ​ដទៃ ​​ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​ផ្សេង

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌​មាន​បាន​បញ្ជាក់​នៅថ្ងៃ​ពុធ​នេះ​ថា​ ការ​បិទ​អាជ្ញា​ប័ណ្ណ​វីអូឌី​ដោយ​ក្រសួង​ព័ត៌​មាន​គឺ​មាន​វិសាល​ភាព​តែ​លើ​ការ​ផ្សាយ​ព័ត៌​មាន​ និង​សោធទស្សន៍​តែ​ប៉ុណ្ណោះ ​ខណៈ​ការ​ងារ​ណា​ដែល​មិន​ទាក់​ទង​នឹង​ការ​ផ្សាយ​ព័ត៌​មាន​ទេ​ គឺ​ជា​សមត្ថ​កិច្ច​របស់​ក្រសួង​មហាផ្ទៃ​។​ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​គឺ​ស្រប​ពេល​អតីត​បុគ្គលិក​របស់​វីអូឌី​ប្រមាណ​២០នាក់​ត្រូវ​បាន​គេ​អះអាង​ថា ​បាន​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការ​ងារ​រដ្ឋ នៅ​គ្រា​ដែល​ឱសានវាទ​ជិត​មក​ដល់។ 

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM © Internet
ផ្សាយពាណិជ្ជកម្ម

លោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា តាមច្បាប់​ក្រសួងព័ត៌មានវិសាលភាព​គ្រប់គ្រងតែ​លើការងារការ​ផ្សាយព័ត៌មាន​ និង​សោធទស្សន៍តែប៉ុណ្ណោះ។​ លោកថា ការងារទាំងឡាយ​ណាដែល​មិនទាក់​ទងការ​ផ្សាយព័ត៌មានទេ គឺជាសមត្ថកិច្ច​របស់​ក្រសួងផ្សេង។

សូមបញ្ជាក់ថា វីអូឌី(VOD) គឺជាឈ្មោះ​កម្មវិធីមួយរបស់មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM។ CCIM ដែល​ចុះបញ្ជីនៅក្រសួង​មហាផ្ទៃថ្ងៃទី១៥មិថុនាឆ្នាំ២០០៧ ដោយ​ធ្វើការ​របស់​ខ្លួន​ផ្តោតលើ​អភិបាលកិច្ច ប្រជាធិបតេយ្យ តាមរយៈធ្វើឲ្យពលរដ្ឋទទួលបានព័ត៌មានពិត​ និងមានអំណាចក្នុង​ការ​សម្រេចចិត្ត។

បុគ្គលិកសរុបរបស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះមានប្រមាណជិត៦០នាក់ ក្នុង​នោះ​ក្រុមការងារ​ធ្វើ​ការទាក់ទងនឹងការផ្សាយព័ត៌មានមានគ្នាតែប្រមាណ២០នាក់ប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃទី២២កុម្ភៈ គឺមានអតីតបុគ្គលិក​របស់​វីអូឌី​ប្រមាណ២០នាក់​ត្រូវបានគេអះអាងថា បានដាក់ពាក្យ​សុំ​ចូល​ធ្វើ​ការងារ​រដ្ឋ ខណៈឱសានវាទ​ដែល​ ​ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ទុកឲ្យគឺផុតត្រឹមថ្ងៃទី២៨​កុម្ភៈ។ ពួកគេគឺជាអ្នករងផលប៉ះពាល់​ផ្ទាល់​ដោយសារតែការបិទអាជ្ញាប័ណ្ណនេះ។ ចំណែក​បុគ្គលិក​ផ្សេងទៀត​ដែល​ធ្វើការនៅក្នុងគម្រោង​ផ្សេងៗដែល​គ្រប់​គ្រងដោយ​CCIM អះអាងថា​នៅតែបន្តធ្វើការជាធម្មតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ