អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ទុកឱសានវាទត្រឹមចុងខែនេះឲ្យបុគ្គលិកវីអូឌីដាក់ពាក្យចូលធ្វើការងាររដ្ឋ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន សែន ​ទុក​ឱសានវាទ​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ​ដើម្បី​ឲ្យ​បុគ្គលិក​វីអូឌី​ដែល​ប៉ះពាល់​ដោយសារ​តែ​ការ​បិទ​អាជ្ញា​ប័ណ្ណ​នោះ ​ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​។ ​ការ​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ ​ដែល​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ​គឺ​មាន​បុគ្គលិក​យ៉ាង​តិច​៨​រូប​ហើយ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៧​កុម្ភៈ​។​

បុគ្គលិករបស់វិទ្យុ VOD
បុគ្គលិករបស់វិទ្យុ VOD © Internet
ផ្សាយពាណិជ្ជកម្ម

នៅខណៈដែល​បុគ្គលិក​មួយចំនួននៅ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការរដ្ឋត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភះ២០២៣ ដើម្បី​បញ្ចប់ការងារនេះ។

លោក ហ៊ុន សែន បានរុញទូកបណ្តោយទឹក ខណៈលោកអះអាងថា លោក​ឃើញមានអ្នកបង្ហោះសារថាបុគ្គលិកមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តទៅធ្វើស្រែនិងឡើងត្នោត។

ដោយ​គូសបញ្ជាក់ជាថ្មីម្តងទៀតថា វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) មិនអាចរស់​ឡើងវិញទេនោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ការងារក្របខ័ណ្ឌរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន។លោកថា​ប្រសិនបើ​បុគ្គលិកទាំងនោះមិនទទួលយកដោយមិនបាច់ប្រឡងលោកពិតជាមានការអរគុណ ហើយសូមឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជីវិត។

គួរឲ្យដឹងថា បុគ្គលិកដែលកំពុង​ធ្វើ​ការងារ​នៅមជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ(CCIM) គឺមានសរុបចន្លោះពី៤០ទៅ៦០នាក់។ ពួកគេត្រូវបាន​បែងចែកជាច្រើនក្រុម។ សម្រាប់​ក្រុម​ព័ត៌មានវីអូឌី ឬជាក្រុមអ្នក​ធ្វើ​ការងារ​ខាងផ្នែក​ផ្សព្វផ្សាយគឺមានគ្នាប្រមាណ២០នាក់។ ក្រៅពីនោះ​ពួកគេ​ធ្វើ​ការនៅក្នុង​គម្រោង​ផ្សេងៗ​រាប់ទាំងគម្រោង​បណ្តុះបណ្តាល​អ្នក​សារព័ត៌មានផងដែរ ដែលពួកគេ​រំពឹងថា នឹងនៅតែអាចបន្តការងារបានជាធម្មតា។

ការដែលពួកគេរំពឹងយ៉ាងដូច្នេះ​ដោយ​សារតែ​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ(CCIM)​ត្រូវបាន​ចុះបញ្ជីស្របច្បាប់​នៅក្រសួង​មហាផ្ទៃ​កាលពីខែមិថុនា២០០៧ ដែលជាអង្គការ​មិនមែន​រដ្ឋាភិបាល។ ចំណែក​វីអូឌី គឺជាកម្មវិធីមួយ​របស់(CCIM)​ ដែលធ្វើ​ការងារ​ផ្សព្វផ្សាយព័ត៌មាន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណតាមរយៈក្រសួងព័ត៌មាន ដែល​ត្រូវបាន​លុប​ចោល​វិញ​នៅថ្ងៃទី១៣​កុម្ភៈ​២០២៣ ទៅតាម​បញ្ជារបស់​លោក ហ៊ុន សែន នៅក្រោម​ហេតុផល​ផ្សាយព័ត៌មានមិនពិតថា លោក ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ជំនួយឳពុកផ្តល់ជំនួយទៅប្រទេសតួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ